Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 5 - អាល់គីតាប

1 ម៉ូសា​បាន​កោះ​ហៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់ៈ នេះ​ជា​ហ៊ូកុំ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ។ ចូរ​រៀន​សេចក្តី​ទាំង​នេះ​ឲ្យ​បាន​ច្បាស់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម។

2 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដូន​តា​របស់​យើង នៅ​ភ្នំ​ហោរែប។

3 អុលឡោះ‌តាអាឡា​ពុំ​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​នេះ​ជា​មួយ​ដូន​តា​របស់​យើង​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​បាន​ចង​ជា​មួយ​យើង​ទាំង​អស់​គ្នា ដែល​នៅ​ទី​នេះ ហើយ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ​ដែរ។

4 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។

5 ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ​ខ្ញុំ​ឈរ​នៅ​ចន្លោះអុលឡោះ‌តាអាឡា និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​បន្ទូល​របស់​ទ្រង់ មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ទ្រង់​មាន​បន្ទូល​ថា:

6 “យើង​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។

7 មិន​ត្រូវ​គោរព​អ្វី​ផ្សេង ក្រៅ​ពី​យើង​ឡើយ។

8 មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ​នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​រូប​ព្រះ​ឡើយ។

9 មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ព្រះ​ទាំង​នោះ​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​អ្វី​ផ្សេង​ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ

10 ផ្ទុយ​ទៅ​វិញ យើង​នឹង​សំដែង​សេចក្តី​សប្បុរស រហូត​ដល់​មួយ​ពាន់​តំណ​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង។

11 មិន​ត្រូវ​យក​នាម​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា​នឹង​មិន​អត់​អោន​ឲ្យ​អ្នក​ដែល​យក​នាម​របស់​ទ្រង់​ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។

12 ចូរ​គោរព​ថ្ងៃ​ឈប់​សម្រាក ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ដ៏​វិសុទ្ធ ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​បាន​បង្គាប់​ដល់​អ្នក។

13 អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ​សម្រាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ

14 តែ​ថ្ងៃ​ទី​ប្រាំ​ពីរ ជា​ថ្ងៃ​ឈប់​សម្រាក​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​គោ ទាំង​លា ទាំង​ហ្វូង​សត្វ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ ត្រូវ​ឲ្យ​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក បាន​សម្រាក​ដូច​អ្នក​ដែរ។

15 អ្នក​ត្រូវ​នឹក​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាស‌ករ​នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ទី​នោះ ដោយ​អំណាច និង​តេជា‌នុភាព​របស់​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​គោរព​ថ្ងៃ​ឈប់​សម្រាក។

16 ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ និង​មាន​សុភ‌មង្គល នៅ​លើ​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រទាន​ដល់​អ្នក។

17 កុំ​សម្លាប់​មនុស្ស។

18 កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

19 កុំ​លួច​ប្លន់​គេ។

20 កុំ​ធ្វើ​សាក្សី​ក្លែង​ក្លាយ នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។

21 កុំ​លោភ​លន់​ចង់​បាន​ប្រពន្ធ​គេ កុំ​ប៉ង​ប្រាថ្នា​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ ឬ​ក៏​ចង់​បាន​ស្រែ​ចម្ការ​អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​របស់​អ្វី​ផ្សេង​ទៀត​របស់​គេ​ឡើយ”។

22 នេះ​ហើយ​ជា​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ក្រុម‌ជំអះ​ទាំង​មូល ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក និង​អ័ព្ទ។ អុលឡោះ​ពុំ​មាន​បន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ទ្រង់​បាន​ចារ​ពាក្យ​ទាំង​នោះ នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​ឲ្យ​ខ្ញុំ។

23 ក្រោយ​ពី​បាន​ឮ​សំឡេង​ពី​ទី​ងងឹត ក្នុង​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆាប​ឆេះ​ភ្នំ​នោះ មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ និង​ពួក​អះលី‌ជំអះ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​មក​ជិត​ខ្ញុំ

24 ហើយ​ពោល​ថា “អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌រុង‌រឿង និង​ភាព​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ យើង​ខ្ញុំ​ឮ​សំឡេង​របស់​ទ្រង់​ពី​ក្នុង​ភ្លើង។ ថ្ងៃ​នេះ យើង​ខ្ញុំ​ឃើញ​ថាអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​មនុស្ស ហើយ​មនុស្ស​អាច​នៅ​មាន​ជីវិត​រស់​រាន​បាន។

25 ហេតុ​នេះ សូម​កុំ​បណ្តោយ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​ឡើយ ដ្បិត​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នោះ​នឹង​ឆាប​ឆេះ​យើង​ខ្ញុំ។ ប្រសិន​បើ​យើង​ខ្ញុំ​ឮ​សំឡេង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​តទៅ​មុខ​ទៀត យើង​ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន។

26 មិន​ដែល​មាន​មនុស្ស​ណា​បាន​ឮ​សំឡេង​របស់​អុលឡោះ​ដែល​នៅ​អស់‌កល្ប ពី​ក្នុង​ភ្លើង ដូច​យើង​ខ្ញុំ​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឡើយ។

27 ដូច្នេះ សូម​អ្នក​ចូល​ទៅ​ជិត​ទ្រង់ ហើយ​ស្តាប់​សេចក្តី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​មាន​បន្ទូល រួច​នាំ​បន្ទូល​របស់​ទ្រង់ មក​ប្រាប់​យើង​ខ្ញុំ​ផង។ យើង​ខ្ញុំ​នឹង​ស្តាប់​បន្ទូល ហើយ​ប្រតិបត្តិ​តាម”។

28 អុលឡោះ‌តាអាឡា​ទ្រង់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ពោល​មក​កាន់​ខ្ញុំ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា: “យើង​បាន​ឮ​ពាក្យ​ដែល​ប្រជា‌ជន​ពោល​មក​កាន់​អ្នក​ហើយ អ្វីៗ​ដែល​ពួក​គេ​និយាយ​សុទ្ធ​តែ​ត្រឹម​ត្រូវ។

29 ប្រសិន​បើ​ពួក​គេ​មាន​ចិត្ត​កោត​ខ្លាច​យើង​រហូត ហើយ​គោរព​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ មុខ​ជា​មាន​សុភ‌មង្គល​ដរាប​តរៀង​ទៅ!

30 ចូរ​ទៅ​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​ចុះ។

31 ចំណែក​ឯ​អ្នក​វិញ ចូរ​នៅ​ទី​នេះជា​មួយ​យើង​ហើយ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ​បញ្ជា ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​ប្រគល់​ឲ្យ​ពួក​គេ​កាន់​កាប់”។

32 អ្នក​រាល់​គ្នា​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​ងាក​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ។

33 ត្រូវ​ដើរ​តាម​មាគ៌ា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា មាន​ជីវិត មាន​សុភ‌មង្គល និង​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម