Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

នេហេមា 9 - អាល់គីតាប


ប្រជា‌ជន​តម​អាហារ និង​សារភាព​អំពើ​បាប​របស់​ខ្លួន

1 នៅ​ថ្ងៃ​ទី​ម្ភៃ​ក្នុង​ខែ​ដដែល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ស្លៀក​បាវ​កាន់​ទុក្ខ និង​រោយ​ដី​លើ​ក្បាល ហើយ​ជួប‌ជុំ​គ្នា​ធ្វើ​ពិធី​តម​អាហារ។

2 អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស​អ៊ីស្រ‌អែល បាន​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​នាំ​គ្នា​ចូល​មក​សារភាព​អំពើ​បាប​របស់​ខ្លួន និង​កំហុស​ដូនតា។

3 បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គីតាប​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ។

4 លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។

5 បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌ‌មាល លោក​បានី លោក​ហាសាប‌នា លោក​សេរេ‌ប៊ីយ៉ា លោក​ហូឌា លោក​សេបា‌នា និង​លោក​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់‌កល្ប​រៀង​មក រហូត​ដល់​អស់‌កល្ប​រៀង​ទៅ!»។ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ យើង​ខ្ញុំ​សូម​លើក​តម្កើង នាម​ដ៏​រុង‌រឿង​របស់​ទ្រង់ ជា​នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង ដើម្បី​លើក​តម្កើង និង​សរសើរ​បាន!


ពាក្យ​ទូរអា​របស់​ប្រជា‌ជន

6 មាន​តែអុលឡោះ‌តាអាឡា​ទេ​ដែល​ជា​ម្ចាស់ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត និង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃ ទ្រង់​ក៏​បាន​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ ទ្រង់​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ ហ្វូង‌តារា​ទាំង​អស់​នៅ​លើ​មេឃ នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់

7 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! គឺ​ទ្រង់​ហើយ ដែល​បាន​ជ្រើស​រើស​លោក​អាប់រ៉ាម និង​នាំ​គាត់​ចេញ​ពី​ក្រុង​អ៊ើរ នៅ​ស្រុក​ខាល់ដេ ហើយ​ទ្រង់​ប្រទាន​នាម​គាត់​ថា​អ៊ីព្រហ៊ីម។

8 ទ្រង់​ឈ្វេង​យល់​គាត់​មាន ចិត្ត​ស្មោះ​ត្រង់​នឹង​ទ្រង់ ទ្រង់​ក៏​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គាត់ ដើម្បី​ប្រគល់​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​យេប៊ូស និង​ជន‌ជាតិ​គើកា‌ស៊ី ឲ្យ​ពូជ‌ពង្ស​របស់​គាត់។ ទ្រង់​បាន​ធ្វើ​តាម​បន្ទូល​សន្យា ដ្បិត​ទ្រង់​ជា​ម្ចាស់​ដ៏​សុចរិត។

9 ទ្រង់​ឃើញ​ទុក្ខ​វេទនា​នៃ​បុព្វបុរស របស់​យើង​ខ្ញុំ​នៅ​ស្រុក​អេស៊ីប ទ្រង់​បាន​ឮ​សំរែក​របស់​ពួក​គេ នៅ​ក្បែរ​សមុទ្រ​ក្រហម។

10 ទ្រង់​បាន​សំដែង​ទី​សំគាល់ និង​អំណាច​ផ្សេងៗ ប្រឆាំង​នឹង​ស្ដេច​ហ្វៀរ៉‌អ៊ូន ព្រម​ទាំង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច និង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​ទ្រង់​ជ្រាប​ថា គេ​មាន​ចិត្ត​កោង​កាច ធ្វើ​បាប​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​យ៉ាង​ណា​ខ្លះ។ ទ្រង់​បាន​ធ្វើ​ឲ្យ​នាម​របស់​ទ្រង់ ល្បី‌ល្បាញ​រហូត​ដល់​សព្វ​ថ្ងៃ។

11 ទ្រង់​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា នៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើង ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ប៉ុន្តែ ទ្រង់​បាន​ទម្លាក់​អស់​អ្នក​ដែល ដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជម្រៅ ដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហា‌សាគរ។

12 នៅ​ពេល​ថ្ងៃ ទ្រង់​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​បំភ្លឺ​ផ្លូវ​ពួក​គេ​ដោយ​ដុំ​ភ្លើង។

13 ទ្រង់​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ ទ្រង់​មាន​បន្ទូល​ពី​លើ​មេឃ មក​ពួក​គេ ហើយ​ប្រទាន​ហ៊ូកុំ​ដ៏​ត្រឹម​ត្រូវ ជា​ការ​ពិត ព្រម​ទាំង​ច្បាប់ និង​បទ‌បញ្ជា​ផ្សេងៗ​មក​ឲ្យ​ពួក​គេ។

14 ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់ ថ្ងៃ​ឈប់​សម្រាក​ដ៏‌វិសុទ្ធ​របស់​ទ្រង់ ហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំង ហ៊ូកុំ​មក​ពួក​គេ តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។

15 នៅ​ពេល​ដែល​ពួក​គេ​ឃ្លាន ទ្រង់​ប្រទាន អាហារ​ពី​លើ​មេឃ​មក​ឲ្យ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​ស្រេក​ទឹក ទ្រង់​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម‌ដា។ ទ្រង់​បញ្ជា​ពួក​គេ​ឲ្យ​ចូល ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ទ្រង់​បាន​សន្យា យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ។

16 ប៉ុន្តែ ដូន‌តា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ។

17 ពួក​គេ​បដិសេធ​មិន​ព្រម​ស្ដាប់​បង្គាប់ ហើយ​បំភ្លេច​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ ដើម្បី​ជួយ​ពួក​គេ។ ពួក​គេ​បាន​តាំង​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ ពួក​គេ​បាន​តែង‌តាំង​មេ​ដឹក​នាំ​ម្នាក់ ចង់​វិល​ទៅ​រក​ទាស‌ភាព​វិញ។ ប៉ុន្តែ ទ្រង់​ជា​ម្ចាស់​ដែល​តែងតែ​អត់‌ទោស ទ្រង់​ប្រកប​ដោយ​ចិត្ត អាណិត​អាសូរ និង​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ និង​ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​បោះ​បង់​ចោល​ពួក​គេ​ឡើយ។

18 ទោះ​បី​ពួក​គេ​សិត​រូប​កូន​គោ​មួយ ទាំង​ពោល​ថា “នេះ​នែ៎ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប!” ហើយ​ទោះ​បី​ពួក​គេ​បាន​ប្រមាថ ទ្រង់​ខ្លាំង​យ៉ាង​ណា​ក្ដី

19 ក៏​ទ្រង់​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ឡើយ ព្រោះ​ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ ទ្រង់​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។

20 ទ្រង់​ប្រទាន​រស​ដ៏​ល្អ របស់​ទ្រង់ មក​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​គិត​ពិចារណា ទ្រង់​ប្រទាន​នំ​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ព្រម​ទាំង​ប្រទាន​ទឹក​ឲ្យ​ពួក​គេ មិន​ដែល​អាក់‌ខាន​ឡើយ។

21 ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ ទ្រង់​បាន​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់ ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វាល​រហោ‌ស្ថាន ពួក​គេ​មិន​ដែល​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​ពួក​គេ​មិន​រេច‌រឹល ហើយ​ជើង​របស់​ពួក​គេ​ក៏​មិន​ហើម​ដែរ។

22 ទ្រង់​បាន​ប្រគល់​ទឹក​ដី​របស់​នគរ និង​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង មក​ឲ្យ​ពួក​គេ​កាន់​កាប់។ ពួក​គេ​ដណ្ដើម​យក​បាន​ទឹក​ដី​របស់​ស្តេច​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែស‌បូន និង​ទឹក​ដី​របស់​ស្តេច​អុក ជា​ស្ដេច​ស្រុក​បាសាន។

23 ទ្រង់​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ទ្រង់​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ទ្រង់​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ឲ្យ​ពួក​គេ​កាន់​កាប់។

24 កូន​ចៅ​របស់​ពួក​គេ​ក៏​ចូល​ទៅ​កាន់​កាប់​ទឹក​ដី ទ្រង់​បាន​បង្ក្រាប​ជន‌ជាតិ​កាណាន ជា​អ្នក​ស្រុក​នោះ នៅ​មុខ​ពួក​គេ ទ្រង់​បាន​ប្រគល់​ជន‌ជាតិ​នោះ ទាំង​ស្ដេច ទាំង​ប្រជា‌ជន មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត។

25 ពួក​គេ​ដណ្ដើម​យក​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ និង​ទឹក​ដី​ដែល​មាន​ជី‌ជាតិ​ល្អ។ ពួក​គេ​ចាប់​យក​បាន​ផ្ទះ ដែល​មាន​ពេញ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង ព្រម​ទាំង​អណ្ដូង​ទឹក ចម្ការ​ទំពាំង​បាយ‌ជូរ ចម្ការ​អូលីវ និង​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ យ៉ាង​ច្រើន​បរិបូណ៌។ ពួក​គេ​បរិភោគ​ឆ្អែត មាន​សាច់​មាន​ឈាម ហើយ​រស់​នៅ​យ៉ាង​សប្បាយ ដោយ‌សារ​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង របស់​ទ្រង់។

26 ប៉ុន្តែ ក្រោយ​មក ពួក​គេ​បាន​លើក​គ្នា​បះ‌បោរ ប្រឆាំង​នឹង​ទ្រង់ ពួក​គេ​បោះ​បង់​ចោល​ហ៊ូកុំ​របស់​ទ្រង់ ហើយ​សម្លាប់​ពួក​ណាពី ដែល​ដាស់‌តឿន​ពួក​គេ​ឲ្យ​បែរ​ចិត្ត មក​រក​ទ្រង់​វិញ ពួក​គេ​នាំ​គ្នា​ប្រមាថ​ទ្រង់​យ៉ាង​ខ្លាំង។

27 ពេល​នោះ ទ្រង់​ក៏​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​បច្ចា‌មិត្ត​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​មាន​អាសន្ន ពួក​គេ​ស្រែក​អង្វរ​ទ្រង់ ទ្រង់​ស្ដាប់​ពួក​គេ​ពី​សូរ៉កា ហើយ​អាណិត‌អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ទ្រង់​ប្រទាន​អ្នក​រំដោះ មក​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត។

28 ពេល​បាន​សុខ​ក្សេម‌ក្សាន្ត ពួក​គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណង​ទ្រង់​សា​ជា​ថ្មី ទ្រង់​ក៏​បោះ​បង់​ចោល​ពួក​គេ ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ខ្មាំង​សត្រូវ​ក៏​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ។ ពេល​នោះ ពួក​គេ​ស្រែក​អង្វរ​ទ្រង់​សា​ជា​ថ្មី ទ្រង់​ស្ដាប់​ពួក​គេ​ពី​សូរ៉កា ទ្រង់​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​ទ្រង់​សង្គ្រោះ​ពួក​គេ ជា​ច្រើន​លើក​ច្រើន​សា។

29 ទ្រង់​បាន​ដាស់‌តឿន​ពួក​គេ​ឲ្យ​វិល​មក កាន់​តាម​ហ៊ូកុំ​របស់​ទ្រង់​វិញ តែ​ពួក​គេ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ។ វិន័យ​របស់​ទ្រង់​តែងតែ​ផ្ដល់​ជីវិត ឲ្យ​មនុស្ស​ដែល​ប្រតិបត្តិ​តាម ប៉ុន្តែ ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​បាប​ខុស នឹង​វិន័យ​ទាំង​នេះ​វិញ។ ពួក​គេ​មាន​ចិត្ត​មានះ និង​រឹង​ចចេស មិន​ព្រម​ស្ដាប់​បង្គាប់​ឡើយ។

30 ទ្រង់​ទ្រាំ‌ទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំ ទ្រង់​ប្រទាន​រស​របស់​ទ្រង់​ឲ្យ​មក រំលឹក​ដាស់‌តឿន​ពួក​គេ តាម​រយៈ​ពួក​ណាពី ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ ដូច្នេះ ទ្រង់​ក៏​បាន​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។

31 ដោយ​ទ្រង់​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ទ្រង់​មិន​លុប​បំបាត់​ពួក​គេ ឬ​បោះ​បង់​ចោល​ពួក​គេ​ឡើយ ដ្បិត​ទ្រង់​ជា​ម្ចាស់​ដែល​មាន​ចិត្ត ប្រណី‌សន្ដោស និង​អាណិត​អាសូរ។

32 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ប្រកប​ដោយ​អំណាច​គួរ​ឲ្យ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​មាន​ចិត្ត​មេត្តា‌ករុណា​ជា‌និច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​មើល​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ អ៊ីមុាំ​របស់​យើង​ខ្ញុំ ណាពី​របស់​យើង​ខ្ញុំ ដូន‌តា​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

33 ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​យើង​ខ្ញុំ​បញ្ជាក់​ថា ទ្រង់​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ ដោយ​យុត្តិធម៌ និង​សុចរិត​មែន ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​អំពើ​អាក្រក់។

34 ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ អ៊ីមុាំ​របស់​យើង​ខ្ញុំ និង​ដូន‌តា​របស់​យើង​ខ្ញុំ ពុំ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ពួក​គេ​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​បទ‌បញ្ជា ឬ​ការ​ព្រមាន​ផ្សេងៗ ដែល​ទ្រង់​មាន​បន្ទូល​មក​កាន់​ពួក​គេ​ដែរ។

35 នៅ​គ្រា​ដែល​គេ​រស់​ក្នុង​នគរ​របស់​ខ្លួន ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​មាន​អ្វីៗ​គ្រប់​យ៉ាង ដ៏​សម្បូណ៌​សប្បាយ ក្នុង​ទឹក​ដី​ដ៏​ទូលំ‌ទូលាយ និង​មាន​ជី‌ជាតិ​ល្អ ពួក​គេ​ពុំ​ព្រម​គោរព​បម្រើ​ទ្រង់​ទេ ហើយ​ក៏​ពុំ​ព្រម​ងាក​ចេញ​ពី​អំពើ​អាក្រក់ របស់​ខ្លួន​ដែរ។

36 ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ជា​ទាសករ! យើង​ខ្ញុំ​ធ្វើ​ជា​ទាសករ​ក្នុង​ស្រុក ដែល​ទ្រង់​ប្រទាន​ឲ្យ​បុព្វបុរស​របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គេ​បរិភោគ‌ផល​ផ្លែ និង​ទទួល​ភោគ​ទ្រព្យ​នៅ​ក្នុង​ស្រុក!

37 ប៉ុន្តែ ភោគ‌ផល​ដ៏​សម្បូណ៌​ហូរ‌ហៀរ​ទាំង​នេះ បែរ​ជា​បម្រុង​ទុក​សម្រាប់​ស្ដេច​នានា ដែល​ទ្រង់​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ គេ​ត្រួត‌ត្រា​លើ​រូប​កាយ​យើង​ខ្ញុំ និង​ប្រើ‌ប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។


ប្រជា‌ជន​សន្យា​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា

38 ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​អ៊ីមុាំ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម