Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 33 - អាល់គីតាប


ណាពី​ម៉ូសា​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល

1 មុន​ពេល​ស្លាប់ ម៉ូសា ជា​អ្នក​ជំនិត​របស់អុលឡោះ‌តាអាឡា​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ៖

2 «អុលឡោះ‌តាអាឡា​មក​ពី​ភ្នំ​ស៊ីណៃ ទ្រង់​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ទ្រង់​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​មក​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​អនេក‌អនន្ត ទ្រង់​កាន់​ហ៊ូកុំ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់។

3 អុលឡោះ‌តាអាឡា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​រក្សា​ប្រជា‌ជន​បរិសុទ្ធ​របស់​ទ្រង់ ពួក​គេ​ក្រាប​ដល់​ដី ដើម្បី​ទទួល​បន្ទូល​របស់​ទ្រង់។

4 ហ៊ូកុំ​ដែល​ម៉ូសា​ប្រគល់​ឲ្យ​ពួក​យើង ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​យ៉ាកកូប។

5 នៅ​ពេល​ដែល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​កុល‌សម្ព័ន្ធ​ទាំង​ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ជួប​ជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់អុលឡោះ‌តាអាឡា ជា​ស្តេច​របស់​ពួក​គេ។

6 សូម​ឲ្យ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយ ហើយ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើង!។

7 ចំណែក​ឯ​កុល‌សម្ព័ន្ធ​យូដា​វិញ គាត់​ថ្លែង​ថា: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ទ្រង់​ស្តាប់​ពាក្យ​របស់​យូដា សូម​នាំ​គេ​ឲ្យ​ជា​នា​នឹង​បង‌ប្អូន​របស់​ខ្លួន​វិញ សូម​ឲ្យ​គេ​ជួយ​ការ‌ពារ​បង‌ប្អូន​របស់​ខ្លួន ហើយ​សូម​ទ្រង់​ជួយ​យូដា ក្នុង​ពេល​តទល់​នឹង​ខ្មាំង​សត្រូវ។

8 ចំពោះ​កុល‌សម្ព័ន្ធ​លេវី គាត់​ថ្លែង​ថា: អុលឡោះ​បាន​ប្រគល់​ធូមីម និង​យូរីម ទៅ​ឲ្យ​កូន​ចៅ​លេវី ជា​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ បន្ទាប់​ពី​ទ្រង់​បាន​ល្បងល​ពួក​គេ​នៅ​ម៉ាសា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរី‌បា។

9 ពួក​លេវី​ស្រឡាញ់​អុលឡោះ​ជាង​ឪពុក‌ម្តាយ បង‌ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត ដ្បិត​ពួក​គេ​កាន់​តាម​បន្ទូល​របស់​ទ្រង់ ហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ទ្រង់។

10 ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​អុលឡោះ ដល់​កូន​ចៅ​យ៉ាកកូប ពួក​គេ​បង្រៀន​ហ៊ូកុំ​របស់​ទ្រង់ ដល់​កូន​ចៅ​អ៊ីស្រ‌អែល ពួក​គេ​ដុត​គ្រឿង​ក្រអូប​ជូន​ទ្រង់ ហើយ​ជូន​ជំនូន​ទាំង​មូល​នៅ​លើ​អាសនៈ​របស់​ទ្រង់។

11 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។ សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ ត្រូវ​បរាជ័យ ងើប​លែង​រួច!។

12 ចំពោះ​កូន​ចៅ​ពុន‌យ៉ាមីន គាត់​ថ្លែង​ថា: អុលឡោះ‌តាអាឡា​ស្រឡាញ់​ពុន‌យ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ទ្រង់​យ៉ាង​កក់​ក្តៅ អុលឡោះ‌តាអាឡា​ការ‌ពារ​គេ​ជា​និច្ច ហើយ​ទ្រង់​នៅ​ជា​មួយ​គេ។

13 ចំពោះ​កូន​ចៅ​របស់​យូសុះ ម៉ូសា​ថ្លែង​ថា: អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។

14 កំដៅ​ថ្ងៃ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល​យ៉ាង​ច្រើន រៀង​រាល់​ខែ។

15 ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិត ធ្វើ​ឲ្យ​ដី​មាន​ជី​ជាតិ​ល្អ​គ្រប់​ពេល​វេលា។

16 ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ​ភោគ​ទ្រព្យ​ធម្មជាតិ។ សូម​ទ្រង់​ដែល​នៅ​ក្នុង​គុម្ពោត សន្តោស​ដល់​កូន​ចៅ​យូសុះ ដែល​ជា​មេ​ដឹក​នាំ​បង‌ប្អូន​របស់​ខ្លួន។

17 កុល‌សម្ព័ន្ធ​យូសុះ​ប្រៀប​ដូច​ជា​គោ​បា ដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើង អំណាច​របស់​គេ​ខ្លាំង​ក្លា​ដូច​ស្នែង​ក្របី ដែល​ប្រហារ​ជាតិ​សាសន៍​ទាំង​ឡាយ ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្នែង​ម្ខាង គឺ​អេប្រា‌អ៊ីម ដែល​មាន​គ្នា​ច្រើន​អនេក‌អនន្ត ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេ ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។

18 ចំពោះ​កូន​ចៅ​សាប់‌យូឡូន គាត់​ថ្លែង​ថា: សាប់‌យូឡូន​អើយ ចូរ​សប្បាយ​រីក​រាយ នៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង! រីឯ​អ៊ីសា‌ខា​វិញ ចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!

19 ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នា​នា​នៅ​លើ​ភ្នំ នៅ​ទីនោះ​ពួក​គេ​នឹង​ធ្វើ​គូរបាន​ដ៏​សុចរិត ដ្បិត​ពួក​គេ​ទទួល​ភោគ​ផល​ដ៏​បរិបូណ៌​ពី​សមុទ្រ ព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។

20 ចំពោះ​កូន​ចៅ​កាដ គាត់​ថ្លែង​ថា: សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ដែល​ប្រទាន ឲ្យ​កាដ​មាន​ទឹក​ដី​ទូលំ‌ទូលាយ! កាដ​សំងំ ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពា ដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។

21 កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក ជា​ចំណែក​សម្រាប់​មេ​ដឹក​នាំ​កាដ​ដើរ​នៅ​មុខ​ប្រជា‌ជន គេ​បាន​សម្រេច​តាម​គម្រោង​ការ​របស់អុលឡោះ‌តាអាឡា ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រ‌អែល តាម​ហ៊ូកុំ​របស់​ទ្រង់។

22 ចំពោះ​កូន​ចៅ​ដាន់ គាត់​ថ្លែង​ថា: ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវ ដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។

23 ចំពោះ​កូន​ចៅ​ណែបថា‌លី គាត់​ថ្លែង​ថា: ណែបថា‌លី​ទទួល​ការ​សន្តោស និង​ពរ​ដ៏​លើស​លប់​ពីអុលឡោះ‌តាអាឡា ដូច្នេះ ឲ្យ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិច និង​ទិស​ខាង​ត្បូង​ចុះ!។

24 ចំពោះ​កូន​ចៅ​អេស៊ើរ គាត់​ថ្លែង​ថា: សូម​ឲ្យ​អេស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម កូន​ចៅ​យ៉ាកកូប! សូម​ឲ្យ​បង‌ប្អូន​អាណិត​ស្រឡាញ់​គេ ហើយ​សូម​ឲ្យ​គេ​មាន​ប្រេង​ដ៏​សម្បូណ៌​ហូរ​ហៀរ។

25 រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិន ផ្តល់​សន្តិ‌សុខ​ឲ្យ​អេស៊ើរ សូម​ឲ្យ​កម្លាំង​របស់​គេ​នៅ​ស្ថិត‌ស្ថេរ ដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។

26 អ៊ីស្រ‌អែល​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ នឹង​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​បាន​ឡើយ ទ្រង់​ឆ្លង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក ដោយ​នៅ​យ៉ាង​រុង‌រឿង​លើ​ពពក។

27 អុលឡោះ​ជា​ជំរក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក ដៃ​របស់​ទ្រង់​ទ្រ​អ្នក​ជា​និច្ច ទ្រង់​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក ហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។

28 អ៊ីស្រ‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត កូន​ចៅ​របស់​យ៉ាកកូប​ស្ថិត​នៅ​ដាច់​ពី​គេ នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ ស្រូវ និង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ព្រម​ទាំង​មាន​សន្សើម​ធ្លាក់​ពី​លើ​មេឃ​យ៉ាង​បរិបូណ៌។

29 អ៊ីស្រ‌អែល​អើយ អ្នក​មាន​សុភ‌មង្គល​ហើយ គ្មាន​ជាតិ​សាសន៍​ណា​ដែលអុលឡោះ‌តាអាឡា​សង្គ្រោះ ដូច​ទ្រង់​សង្គ្រោះ​អ្នក​ឡើយ ទ្រង់​ជា​ខែល​ការ‌ពារ​អ្នក និង​ជា​ដាវ ដែល​ផ្តល់​ឲ្យ​អ្នក​មាន​ជ័យ​ជំនះ។ ខ្មាំង​សត្រូវ​បរាជ័យ​នៅ​ចំពោះ​មុខ​អ្នក ហើយ​អ្នក​នឹង​ជាន់​កំទេច​ទី​សក្ការៈ​របស់​ពួក​គេ ដែល​នៅ​តាម​ទួល​ខ្ពស់ៗ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម