Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 18 - អាល់គីតាប


ពាក្យ​អរ​គុណ​របស់​ណាពី​ទត​នៅ​ពេល​មាន​ជ័យ‌ជំនះ​
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង ទំនុក​របស់​ណាពី​ទត​ជា​អ្នក​បម្រើ​របស់​ អុលឡោះ‌តាអាឡា ជា​ពាក្យ​ដែល​គាត់​ច្រៀង​ជូន​ អុលឡោះ‌តាអាឡា នៅ​ថ្ងៃ​ដែល​អុលឡោះ​បាន​រំដោះ​គាត់ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សូល។

1 ទត​មាន​ប្រសាសន៍​ថា៖ ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ស្រឡាញ់​ទ្រង់ ព្រោះ​ទ្រង់​ជា​កម្លាំង​របស់​ខ្ញុំ!

2 អុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​ជួយ​រំដោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ថ្ម‌ដា​សម្រាប់​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ​ និង​ជា​ជំរក​ដ៏​មាំ‌មួន​របស់​ខ្ញុំ។

3 ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ទ្រង់​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា!។

4 សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ​ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។

5 សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ដូច​ជា​សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។

6 នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​អុលឡោះ‌តាអាឡា ខ្ញុំ​ស្រែក​ហៅ​រក​ម្ចាស់​របស់​ខ្ញុំ ពី​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សំរែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ទ្រង់។

7 ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយ‌សារ​ទ្រង់​ខឹង។

8 មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ទ្រង់ ទ្រង់​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ទ្រង់​ដែរ។

9 ទ្រង់​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់ នៅ​ពី​ក្រោម​ជើង​ផង។

10 ទ្រង់​នៅ​លើ​ម៉ាឡា‌អ៊ីកាត់ មាន​ស្លាប ហើយ​ហោះ​មក ទ្រង់​នៅ​លើ​វាយោ ដូច​នៅ​លើ​ស្លាប​បក្សី។

11 ទ្រង់​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ទៅ​ដោយ​ទឹក ធ្វើ​ជា​ជំរំ​ជួប​ទ្រង់។

12 មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពក ភ្លឺ​នៅ​ខាង​មុខ​ទ្រង់ ហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។

13 អុលឡោះ‌តាអាឡាធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃ អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​សំឡេង​ ។

14 ទ្រង់​បាញ់​ព្រួញ​របស់​ទ្រង់​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ ទ្រង់​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។

15 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ បន្ទូល​គំរាម​របស់​ទ្រង់ និង​ខ្យល់​ព្យុះ ដែល​បក់​ចេញ​មក​ពី​ទ្រង់ បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។

16 ទ្រង់​បាន​ផ្តល់​អំណាច​ពី​សូរ៉កា​មក​រក​ខ្ញុំ ទ្រង់​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ

17 ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។

18 នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។

19 ទ្រង់​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ទ្រង់​រំដោះ​ខ្ញុំ មក​ពី​ទ្រង់​ស្រឡាញ់​ខ្ញុំ។

20 អុលឡោះ‌តាអាឡា​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ទ្រង់​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

21 ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​អុលឡោះ‌តាអាឡា ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ម្ចាស់​របស់​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

22 ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន របស់​ទ្រង់ ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ របស់​ទ្រង់​ទេ។

23 ទ្រង់​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង ហើយ​ខ្ញុំ​បាន​ប្រយ័ត្ន​ខ្លួន មិន​ឲ្យ​មាន​កំហុស​ឡើយ។

24 អុលឡោះ‌តាអាឡា​ប្រោស‌ប្រណី​ដល់​ខ្ញុំ ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត អំពើ​បរិសុទ្ធ។

25 អុលឡោះ‌តាអាឡា​អើយ ទ្រង់​សំដែង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​អ្នក ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ទ្រង់​សំដែង​ចិត្ត​ស្មោះ‌សរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ‌សរ។

26 ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ទ្រង់​ក៏​សំដែង​ថា ទ្រង់​បរិសុទ្ធ​ដែរ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ ទ្រង់​សំដែង​ថា​ទ្រង់​ឈ្លាស‌វៃ

27 ដ្បិត​ទ្រង់​ហើយ​ដែល​សង្គ្រោះ​មនុស្ស​ទន់‌ទាប និង​បន្ទាប​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ។

28 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ជា​ពន្លឺ​របស់​ខ្ញុំ ហើយ​ទ្រង់​ក៏​បំភ្លឺ​សេចក្ដី​ងងឹត របស់​ខ្ញុំ​ដែរ។

29 ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ វាយ​លុក​ខ្មាំង​សត្រូវ និង​ឲ្យ​ខ្ញុំ​អាច​លោត​រំលង​កំពែង ក្រុង​របស់​ពួក​គេ។

30 មាគ៌ា​របស់​អុលឡោះ​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ បន្ទូល​សន្យា​របស់​អុលឡោះ‌តាអាឡា​ពិត​ទាំង​ស្រុង ទ្រង់​ជា​ខែល​ការពារ​អស់​អ្នក ដែល​មក​ជ្រក​កោន​ជា​មួយ​ទ្រង់។

31 មាន​តែ​អុលឡោះ‌តាអាឡា ដែល​ពិត​ជា​ម្ចាស់​តែ​មួយ​គត់ មាន​តែ​អុលឡោះ​ជា​ម្ចាស់​របស់​យើង​មួយ​គត់​ប៉ុណ្ណោះ ដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។

32 អុលឡោះ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង និង​ប្រទាន​ឲ្យ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។

33 ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ រត់​លឿន​ដូច​សត្វ​ក្ដាន់ ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។

34 ទ្រង់​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។

35 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ការពារ និង​សង្គ្រោះ​ខ្ញុំ ទ្រង់​គាំទ្រ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់ ហើយ​ទ្រង់​លើក​ខ្ញុំ​ឡើង ដោយ​ចិត្ត​មេត្តា។

36 ទ្រង់​ការពារ​ខ្ញុំ មិន​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ មិន​ឲ្យ​ខ្ញុំ​ភ្លាត់​ជើង​ដួល​ឡើយ។

37 ខ្ញុំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ និង​ចាប់​ពួក​គេ​បាន ហើយ​ខ្ញុំ​មិន​ត្រឡប់​មក​វិញ​ទេ ដរាប​ទាល់​តែ​បាន​កំទេច​ពួក​គេ​អស់។

38 ខ្ញុំ​កាប់​សម្លាប់​ពួក​គេ មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ខ្ញុំ។

39 ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង នឹង​ធ្វើ​សឹក និង​មាន​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ។

40 ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព រត់​នៅ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ខ្ញុំ​វិនាស​សូន្យ​អស់​ទៅ។

41 គេ​នាំ​គ្នា​ស្រែក​រក​ជំនួយ តែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះ គេ​ស្រែក​ហៅ​អុលឡោះ‌តាអាឡា តែ​ទ្រង់​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។

42 ខ្ញុំ​បាន​កំទេច​ពួក​គេ​ឲ្យ​ហ្មត់ ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ ខ្ញុំ​បាន​បោស​ពួក​គេ ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។

43 ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច ពី​ការ​បះ‌បោរ​របស់​ប្រជា‌ជន ហើយ​តែង‌តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​នានា ប្រជា‌ជន​មួយ​ដែល​ខ្ញុំ​មិន​ស្គាល់ បាន​មក​ចុះ​ចូល​នឹង​ខ្ញុំ។

44 ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ខ្ញុំ ហើយ​ពេល​ខ្ញុំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។

45 ជន​បរទេស​បាក់​ទឹក​ចិត្ត ហើយ​ចេញ​ពី​ទី​ជំរក​របស់​គេ​មក ទាំង​ភ័យ​ញាប់‌ញ័រ។

46 ជយោ​អុលឡោះ‌តាអាឡា! សូម​សរសើរ​តម្កើង​ទ្រង់ ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ! សូម​លើក​តម្កើង​អុលឡោះ ដែល​បាន​សង្គ្រោះ​ខ្ញុំ!

47 ដ្បិត​ទ្រង់​បាន​ឲ្យ​ខ្ញុំ មាន​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ ទ្រង់​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ខ្ញុំ

48 ហើយ​ទ្រង់​បាន​ប្រោស​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ខ្ញុំ និង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។

49 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សរសើរ​តម្កើង ទ្រង់​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​នាម​របស់​ទ្រង់។

50 ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ទ្រង់​បាន​តែង‌តាំង ទ្រង់​បាន​សំដែង​ចិត្ត​ស្មោះ‌ត្រង់ ចំពោះ​ស្ដេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង គឺ​ចំពោះ​ស្ដេច​ទត និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម