Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 77 - អាល់គីតាប


ពេល​មាន​ទុក្ខ ខ្ញុំ​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់​កាល​ពី​ជំនាន់​ដើម
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សម្រាប់​លោក​យេឌូ‌ថិន។ ទំនុក​របស់​លោក​អេសាភ។

1 ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​អុលឡោះ ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​អុលឡោះ ទ្រង់​ស្តាប់​ពាក្យ​ខ្ញុំ។

2 នៅ​ថ្ងៃ​មាន​អាសន្ន ខ្ញុំ​ស្វែង​រក​អុលឡោះ‌តាអាឡា នៅ​ពេល​យប់ ខ្ញុំ​លើក​ដៃ​អង្វរ​ទ្រង់ ឥត​ឈប់​ឈរ ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​សំរាល​ទុក្ខ​ខ្ញុំ​សោះ​ឡើយ។

3 ពេល​នឹក​ដល់​អុលឡោះ​ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។ - សម្រាក

4 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ ទទួល​ទាន​ដំណេក​មិន​លក់​សោះ ខ្ញុំ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត រក​និយាយ​អ្វី​មិន​កើត។

5 ខ្ញុំ​រំពឹង​គិត​អំពី​អតីតកាល គឺ​ពី​ជំនាន់​ដើម​ដ៏​យូរ‌លង់​ណាស់​មក​ហើយ

6 ខ្ញុំ​រិះ‌គិត​ដដែលៗ ពេញ​មួយ​យប់ ខ្ញុំ​ចេះ​តែ​ត្រិះ‌រិះ​ពិចារណា​នៅ​ក្នុង​ចិត្ត ដើម្បី​ស្វែង​យល់​ថា

7 តើ​អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​យើង​រហូត​ឬ? តើ​ទ្រង់​មិន​ពេញ​ចិត្ត នឹង​យើង​ទៀត​ទេ​ឬ?

8 តើ​ទ្រង់​លែង​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​យើង​ហើយ​ឬ? តើ​ទ្រង់​នៅ​ស្ងៀម​លែង​មាន​បន្ទូល មក​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?

9 តើ​អុលឡោះ​ភ្លេច​សំដែង​ចិត្ត ប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ? នៅ​ពេល​ទ្រង់​ខឹង តើ​ទ្រង់​ឈប់​អាណិត​អាសូរ​យើង​ហើយ​ឬ? - សម្រាក

10 ខ្ញុំ​គិត​ទៀត​ថា ខ្ញុំ​រង​ទុក្ខ​វេទនា​ដូច្នេះ មក​ពី​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លែង​សំដែង​អំណាច​ជួយ​យើង​ទៀត​ហើយ!

11 អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​រំលឹក​ឡើង​វិញ នូវ​ស្នា‌ដៃ​របស់​ទ្រង់ ខ្ញុំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។

12 ខ្ញុំ​រិះ‌គិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ ខ្ញុំ​ពិចារណា​អំពី​ស្នា‌ដៃ ដ៏​ថ្កុំ‌ថ្កើង​របស់​ទ្រង់។

13 អុលឡោះ​អើយ មាគ៌ា​របស់​ទ្រង់​ជា​មាគ៌ា​ដ៏‌វិសុទ្ធ គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ធំ​ឧត្តុង្គ‌ឧត្ដម ដូច​ទ្រង់​ឡើយ។

14 មាន​តែ​ទ្រង់​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ទ្រង់​បាន​សំដែង​អំណាច ឲ្យ​ជាតិ​សាសន៍​នានា​ឃើញ។

15 ទ្រង់​បាន​ប្រើ​អំណាច លោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ គឺ​ទ្រង់​បាន​រំដោះ​ពូជ‌ពង្ស​របស់​យ៉ាកកូប និង​ពូជ‌ពង្ស​របស់​យូសុះ។ - សម្រាក

16 ឱ​អុលឡោះ​អើយ ទឹក​សមុទ្រ​បាន​ឃើញ​ទ្រង់! ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ទ្រង់ វា​ពុះ​កញ្ជ្រោល សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។

17 មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ ដូច​ទឹក​ជ្រោះ​ធ្លាក់ ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃ មក​យ៉ាង​ខ្លាំង​ដែរ រន្ទះ​របស់​ទ្រង់​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។

18 នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង ផ្លេក​បន្ទោរ​របស់​ទ្រង់​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។

19 ទ្រង់​ដើរ​កាត់​សមុទ្រ ទ្រង់​ដើរ​កាត់​មហា‌សាគរ គ្មាន​នរណា​អាច​រក​ដាន​ជើង របស់​ទ្រង់​ឃើញ​ទេ។

20 ទ្រង់​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ តាម​រយៈ​ម៉ូសា និង​ហារូន ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម