អេសាយ 6 - អាល់គីតាបអុលឡោះតាអាឡាត្រាស់ហៅណាពីអេសាយ 1 នៅឆ្នាំដែលស្តេចអ៊ូសៀសស្លាប់ ខ្ញុំបានឃើញអុលឡោះជាអម្ចាស់នៅលើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយអាវវែងរបស់ទ្រង់លាតពេញក្នុងម៉ាស្ជិទ។ 2 នៅពីលើទ្រង់ មានពពួកម៉ាឡាអ៊ីកាត់។ ម៉ាឡាអ៊ីកាត់នីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។ 3 ម៉ាឡាអ៊ីកាត់ទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ម្ចាស់ដ៏វិសុទ្ធ ម្ចាស់ដ៏វិសុទ្ធ ម្ចាស់ដ៏វិសុទ្ធ គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល! ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ទ្រង់!»។ 4 សំឡេងរបស់ទ្រង់ធ្វើឲ្យកក្រើកទ្វារម៉ាស្ជិទ ហើយមានផ្សែងហុយពេញដំណាក់។ 5 ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញស្តេច ជាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល»។ 6 ខណៈនោះ ម៉ាឡាអ៊ីកាត់មួយហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈមកជាមួយផង 7 រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំ ទាំងប្រាប់ថា៖ «ដោយរងើកភ្លើងនេះប៉ះបបូរមាត់អ្នកដូច្នេះ អុលឡោះតាអាឡាលើកលែងទោសឲ្យលោក ទ្រង់ដកបាបចេញពីលោកហើយ»។ 8 បន្ទាប់មក ខ្ញុំឮសំឡេងរបស់អុលឡោះតាអាឡាដែលមានបន្ទូលថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ តើនរណានឹងនាំពាក្យរបស់យើង?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំនៅទីនេះស្រាប់ហើយ! សូមទ្រង់ចាត់ខ្ញុំចុះ!»។ 9 ទ្រង់មានបន្ទូលថា៖ «ទៅចុះ! ចូរទៅប្រាប់ប្រជារាស្រ្ដនេះថា អ្នករាល់គ្នាស្ដាប់ឮមែន តែពុំយល់ទេ អ្នករាល់គ្នាមើលមែន តែពុំឃើញទេ។ 10 ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូស ចូរធ្វើឲ្យត្រចៀកគេធ្ងន់ ចូរបិទភ្នែកគេ កុំឲ្យមើលឃើញ កុំឲ្យត្រចៀកគេស្ដាប់ឮ កុំឲ្យប្រាជ្ញារបស់គេស្វែងយល់បាន ក្រែងលោគេប្រែចិត្តគំនិត ហើយយើងនឹងប្រោសគេឲ្យបានជា!»។ 11 ខ្ញុំសួរថា៖ «អុលឡោះតាអាឡាអើយ ខ្ញុំត្រូវថ្លែងដូច្នេះរហូតដល់ពេលណា?» ទ្រង់តបមកវិញថា៖ «រហូតដល់ទីក្រុងវិនាសហិនហោចអស់ លែងមានមនុស្សក្នុងក្រុង ក្នុងផ្ទះក៏លែងមានមនុស្សនៅ គឺរហូតដល់ទឹកដីវិនាសអន្តរាយអស់»។ 12 អុលឡោះតាអាឡានឹងបណ្ដេញមនុស្សម្នាចេញពីទីនោះ ហើយនៅក្នុងស្រុក មានដីជាច្រើន ដែលត្រូវគេបោះបង់ចោល។ 13 ទោះបីនៅសល់ប្រជាជនតែមួយភាគដប់ ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល នៅសល់តែគល់។ ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ ដុះចេញពីគល់នោះ។ |
© 2014 United Bible Societies, UK.
United Bible Societies