ចោទិយកថា 4 - អាល់គីតាបចូរប្រតិបត្តិតាមហ៊ូកុំរបស់អុលឡោះ! 1 «ឥឡូវនេះ អ៊ីស្រអែលអើយ ចូរស្តាប់ ហើយប្រតិបត្តិតាមហ៊ូកុំផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។ 2 មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទបញ្ជាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។ 3 អ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកនូវហេតុកាណ៍ដែលអុលឡោះតាអាឡាបានធ្វើ នៅគ្រាដែលប្រជាជនប្រព្រឹត្តអំពើបាប ជាមួយព្រះបាល–ពេអរ។ អុលឡោះតាអាឡាប្រហារមនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ដែលបានចូលរួមថ្វាយបង្គំព្រះបាល–ពេអរ 4 ចំណែកឯអ្នករាល់គ្នាដែលស្មោះត្រង់នឹងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា អ្នករាល់គ្នានៅរស់រានរហូតមកទល់សព្វថ្ងៃ។ 5 អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមហ៊ូកុំ និងវិន័យផ្សេងៗដល់អ្នករាល់គ្នាដូចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានបង្គាប់មកខ្ញុំដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ 6 អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមហ៊ូកុំទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីហ៊ូកុំទាំងប៉ុន្មាន ពួកគេនឹងពោលថាប្រជាជាតិដ៏ធំនេះ ពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។ 7 តើប្រជាជាតិដ៏ធំណាមួយមានម្ចាស់ដែលនៅជិតគេ ដូចអុលឡោះតាអាឡា ជាម្ចាស់នៃយើងនៅជិតយើង គ្រប់ពេលដែលយើងអង្វររកទ្រង់? 8 តើប្រជាជាតិដ៏ធំណាមួយ មានហ៊ូកុំ និងវិន័យត្រឹមត្រូវ តាមហ៊ូកុំទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។ ហ៊ូកុំរបស់អុលឡោះតាអាឡាជាម្ចាស់នៅភ្នំហោរែប 9 «ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំឲ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងអំពីហេតុការណ៍នេះដែរ។ 10 ចូរនឹកចាំពីថ្ងៃដែលអ្នកមកជួបអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃដែលទ្រង់មានបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។ 11 អ្នករាល់គ្នាបានចូលទៅជិតភ្នំ ហើយឈរនៅជើងភ្នំ។ ពេលនោះ មានភ្លើងឆាបឆេះភ្នំ អណ្តាតភ្លើងនេះឡើងទៅដល់អាកាសវេហាស៍ មានភាពងងឹត មានពពក និងអ័ព្ទ។ 12 អុលឡោះតាអាឡា មានបន្ទូលពីក្នុងភ្លើងនោះមកកាន់អ្នករាល់គ្នា អ្នករាល់គ្នាឮសំឡេងរបស់ទ្រង់ តែអ្នករាល់គ្នាពុំបានឃើញទ្រង់មានភិនភាគដូចម្តេចឡើយ គឺឮតែសំឡេងប៉ុណ្ណោះ។ 13 អុលឡោះបានបង្ហាញសម្ពន្ធមេត្រីរបស់ទ្រង់ដល់អ្នករាល់គ្នា គឺទ្រង់ប្រទានបទបញ្ជាទាំងដប់ប្រការ ឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ ទ្រង់បានចារហ៊ូកុំ និងវិន័យទាំងនោះនៅលើបន្ទះថ្មពីរ។ 14 នៅគ្រានោះ អុលឡោះតាអាឡា បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នាអំពីហ៊ូកុំ និងវិន័យដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់»។ បំរាមគោរពព្រះក្លែងក្លាយ 15 «នៅថ្ងៃដែលអុលឡោះតាអាឡា មានបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហោរែប អ្នករាល់គ្នាពុំបានឃើញទ្រង់មានភិនភាគបែបណាឡើយ ហេតុនេះតោងប្រយ័ត្នស្មារតី 16 ក្រែងលោអ្នករាល់គ្នាបណ្តាលឲ្យខ្លួនមានបាប ដោយធ្វើរូបព្រះក្លែងក្លាយ ជារូបតំណាងព្រះណាមួយទោះបីជារូបមនុស្សប្រុសស្រី 17 រូបសត្វនៅលើដី ឬសត្វស្លាបហើរនៅលើមេឃ 18 រូបសត្វលូនវារ ឬរូបត្រីនៅក្នុងទឹក។ 19 ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្តោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបណ្តោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។ 20 ចំណែកឯអ្នករាល់គ្នាវិញ អុលឡោះតាអាឡា បាននាំអ្នករាល់គ្នាចេញពីទាសភាព នៅស្រុកអេស៊ីប ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់ទ្រង់ផ្ទាល់ ដូចសព្វថ្ងៃនេះ។ 21 អុលឡោះតាអាឡា ខឹងនឹងខ្ញុំ ព្រោះតែអ្នករាល់គ្នា ទ្រង់មានបន្ទូលយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដ៏ល្អ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ឲ្យអ្នក ទុកជាកេរមត៌កឡើយ។ 22 ខ្ញុំនឹងស្លាប់នៅទីនេះ ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ទេ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឆ្លងទៅកាន់កាប់ស្រុកដ៏ល្អនោះ។ 23 ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីបន្ទូលដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានហាមឡើយ 24 ដ្បិតអុលឡោះតាអាឡា របស់អ្នកជាភ្លើងដែលឆេះសន្ធោសន្ធៅ ទ្រង់មិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងជាដាច់ខាត។ 25 ពេលណាអ្នករស់នៅក្នុងស្រុកនោះជាយូរឆ្នាំ អ្នករាល់គ្នានឹងបង្កើតកូនចៅតៗគ្នា ប្រសិនបើអ្នករាល់គ្នាបណ្តោយខ្លួន ឲ្យប្រព្រឹត្តអំពើបាប ដោយធ្វើរូបព្រះក្លែងក្លាយ ឬរូបតំណាងអ្វីៗ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិត នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ធ្វើឲ្យទ្រង់ខឹង 26 ថ្ងៃនេះ ខ្ញុំយកមេឃ និងដីធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។ 27 អុលឡោះតាអាឡានឹងកំចាត់កំចាយអ្នករាល់គ្នា ឲ្យទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយដែលអុលឡោះតាអាឡានាំអ្នករាល់គ្នាទៅរស់នៅ។ 28 នៅទីនោះ អ្នករាល់គ្នានឹងថ្វាយបង្គំព្រះដែលជាស្នាដៃរបស់មនុស្ស ជាព្រះធ្វើពីឈើ និងពីថ្ម ដែលមិនចេះមើល មិនចេះស្តាប់ មិនចេះបរិភោគ ហើយក៏មិនដឹងអ្វីទាំងអស់។ 29 នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ ប្រសិនបើអ្នកស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញទ្រង់មិនខាន។ 30 នៅពេលខាងមុខ កាលហេតុការណ៍ទាំងនេះកើតមាន ហើយអ្នករងទុក្ខលំបាក អ្នកនឹងវិលមករកអុលឡោះតាអាឡាជាម្ចាស់របស់អ្នកវិញ អ្នកនឹងស្តាប់បន្ទូលរបស់ទ្រង់ 31 ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នកប្រកបដោយចិត្តមេត្តាករុណា ទ្រង់មិនបោះបង់ចោលអ្នកឡើយ ហើយទ្រង់ក៏មិនបំផ្លាញអ្នកដែរ។ ទ្រង់នឹកឃើញសម្ពន្ធមេត្រីដែលទ្រង់បានចងជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។ ឯកសិទ្ធិរបស់ជនជាតិអ៊ីស្រអែល 32 «ចូរសាកសួរមើលចុះ ថាតើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលអុលឡោះតាអាឡាបង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះទេ?។ 33 តើមានជាតិសាសន៍មួយណាធ្លាប់បានឮអុលឡោះតាអាឡាមានបន្ទូលពីក្នុងភ្លើង ដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ? 34 តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយ ចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដោយធ្វើការអស្ចារ្យ ទីសំគាល់អស្ចារ្យ ហើយប្រយុទ្ធជំនួសគេ ដោយអំណាច និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានធ្វើនៅស្រុកអេស៊ីបឲ្យអ្នកឃើញបែបនេះឬទេ? 35 អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាម្ចាស់មែន ក្រៅពីទ្រង់គ្មានម្ចាស់ណាទៀតឡើយ។ 36 អុលឡោះបានឲ្យអ្នកឮសំឡេងពីលើមេឃមក ដើម្បីអប់រំអ្នក។ ទ្រង់ឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ សំឡេងរបស់ទ្រង់ ពីក្នុងភ្លើងនោះមក។ 37 អុលឡោះបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយ បានជាទ្រង់ផ្ទាល់ នាំអ្នកចេញពីស្រុកអេស៊ីប ដោយអំណាចរបស់ទ្រង់។ 38 អុលឡោះបានបណ្តេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឲ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយទ្រង់ប្រគល់ស្រុកនោះមកឲ្យអ្នក ទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។ 39 ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា អុលឡោះតាអាឡាពិតជាម្ចាស់ នៅលើមេឃ និងនៅលើផែនដី គ្មានម្ចាស់ណាផ្សេងទៀតឡើយ។ 40 អ្នកត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជារបស់ទ្រង់ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរ នៅលើទឹកដីដែលអុលឡោះតាអាឡាជាម្ចាស់របស់អ្នកប្រទានឲ្យអ្នករហូតតទៅ»។ ក្រុងជំរកនៅខាងកើតទន្លេយ័រដាន់ 41 ពេលនោះ ម៉ូសាបានញែកក្រុងបី នៅខាងកើតទន្លេយ័រដាន់ដោយឡែក 42 ធ្វើជាក្រុងជំរក សម្រាប់ឲ្យអ្នកដែលសម្លាប់គេ ដោយអចេតនា រត់មកជ្រកកោន គឺអ្នកដែលបានសម្លាប់គេ ដោយគ្មានចិត្តស្អប់ពីមុន អាចរត់ភៀសខ្លួនមកជ្រកនៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងបី ដើម្បីបានរួចជីវិត។ 43 ក្រុងទាំងនោះគឺ: ក្រុងបេស៊ើរ នៅវាលរហោស្ថាននៃខ្ពង់រាប ក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដក្នុងទឹកដីកាដ និងក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។ សុន្ទរកថាទីពីររបស់ណាពីម៉ូសា ហ៊ូកុំទាំងដប់ប្រការ 44 នេះជាហ៊ូកុំដែលម៉ូសាបានប្រគល់ឲ្យជនជាតិអ៊ីស្រអែល។ 45 ម៉ូសាបានប្រកាសអំពីដំបូន្មាន ហ៊ូកុំប្រាប់ជនជាតិអ៊ីស្រអែល នៅពេលពួកគេចាកចេញពីស្រុកអេស៊ីប 46 នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបេតពេអរ គឺនៅស្រុករបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នៅក្រុងហែសបូន។ ម៉ូសា និងជនជាតិអ៊ីស្រអែលបានវាយប្រហារស្តេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប 47 ហើយដណ្តើមយកទឹកដីរបស់ស្តេចនេះ ព្រមទាំងទឹកដីរបស់ស្តេចអុក ជាស្តេចស្រុកបាសាន មកកាន់កាប់។ ពីមុនស្តេចទាំងពីររបស់ជនជាតិអាម៉ូរី គ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់ 48 ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន ដែលមានឈ្មោះថាភ្នំហ៊ើរម៉ូន 49 វាលទំនាបអារ៉ាបាទាំងមូល ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ រហូតដល់សមុទ្រអារ៉ាបា ដែលនៅជើងភ្នំពីសកា។ |
© 2014 United Bible Societies, UK.
United Bible Societies