ពួកចៅហ្វាយ 5 - អាល់គីតាបទំនុកតម្កើងរបស់លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ 1 នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោមនាំគ្នាច្រៀងថា៖ 2 «នៅស្រុកអ៊ីស្រអែល ប្រជាជនជូនជីវិតទាំងស្រុងទៅអុលឡោះ ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធ សូមសរសើរតម្កើងអុលឡោះតាអាឡា! 3 ស្តេចទាំងឡាយអើយ សូមស្តាប់! អ្នកដឹកនាំទាំងឡាយអើយ ចូរផ្ទៀងត្រចៀកស្តាប់! ខ្ញុំនឹងច្រៀងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ ខ្ញុំនឹងច្រៀងទំនុកតម្កើងជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ 4 ឱអុលឡោះតាអាឡាជាម្ចាស់អើយ កាលទ្រង់ចាកចេញពីស្រុកសៀរ កាលទ្រង់មកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។ 5 ភ្នំទាំងឡាយរលាយ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃភ្នំស៊ីណៃ គឺម្ចាស់នៃជនជាតិអ៊ីស្រអែល។ 6 នៅជំនាន់លោកសាំកើរ ជាកូនលោកអណាត នៅជំនាន់នាងយ៉ាអែល គ្មាននរណាធ្វើដំណើរតាមផ្លូវទេ គឺគេធ្វើដំណើរតែតាមផ្លូវវាង។ 7 ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយ នៅស្រុកអ៊ីស្រអែល គ្មានអ្នកដឹកនាំទេ រហូតទាល់តែអុលឡោះឲ្យដេបូរ៉ាខ្ញុំនេះ ក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើង ធ្វើជាម្តាយរបស់ជនជាតិអ៊ីស្រអែល។ 8 ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀត ពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ ក្នុងចំណោមប្រជាជនអ៊ីស្រអែលបួនម៉ឺននាក់ គេរកតែខែល ឬលំពែងមួយមិនបានផង។ 9 ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ ជនជាតិអ៊ីស្រអែល ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង សូមសរសើរតម្កើងអុលឡោះតាអាឡា! 10 អស់អ្នកដែលជិះមេលាសម្បុរស អស់អ្នកដែលអង្គុយលើកំរាលព្រំ និងអស់អ្នកដែលដើរតាមផ្លូវអើយ ចូររិះគិតពិចារណាចុះ! 11 ពួកអ្នកដងទឹកនាំគ្នាច្រៀងនៅក្បែរអណ្តូង រៀបរាប់អំពីចិត្តសុចរិត របស់អុលឡោះតាអាឡា គឺទ្រង់ប្រទានឲ្យជនជាតិអ៊ីស្រអែល មានជ័យជំនះ! ពេលនោះ ប្រជាជនរបស់អុលឡោះតាអាឡា នាំគ្នាចុះទៅកាន់ទ្វារក្រុង។ 12 ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ! បារ៉ាក់ ជាកូនលោកអប៊ីណោមអើយ ចូរក្រោកឡើង នាំប្រជាជនដែលជាប់ឈ្លើយ ត្រឡប់មកវិញ។ 13 អស់អ្នកដែលរួចពីស្លាប់ បានទៅជួបជុំនឹងមេដឹកនាំរបស់ខ្លួន ប្រជាជនរបស់អុលឡោះតាអាឡាក៏នាំគ្នាចូលមកជិតខ្ញុំ រួមជាមួយវីរជនឯទៀតៗ។ 14 អ្នកខ្លះមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ដែលនៅជាប់នឹងស្រុកអាម៉ាឡេក កុលសម្ព័ន្ធពុនយ៉ាមីន ក៏មកតាមដែរ ហើយរួមកម្លាំងជាមួយពលទ័ពរបស់គេផង។ មានមេទ័ពមកពីអំបូរម៉ាកៀរ ហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យូឡូន 15 ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារ បានទៅជាមួយដេបូរ៉ា។ កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរ គេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។ រីឯកុលសម្ព័ន្ធរូបេនវិញ គេគិតតែពីជជែកគ្នាមិនចេះចប់។ 16 ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរ ហើយស្តាប់សំឡេងពួកគង្វាល ហៅហ្វូងសត្វខ្លួនដូច្នេះ? មែនហើយ នៅក្នុងពួករូបេន គេគិតតែពីជជែកគ្នាមិនចេះចប់។ 17 កុលសម្ព័ន្ធនានា នៅស្រុកកាឡាដ ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ មិនបានមកជួយទេ កុលសម្ព័ន្ធដាន់នៅសំងំនៅលើនាវា កុលសម្ព័ន្ធអេស៊ើរក៏នៅសំងំតាមឆ្នេរសមុទ្រ ជិតកំពង់ផែដែរ។ 18 រីឯកុលសម្ព័ន្ធសាប់យូឡូន ក៏ដូចជាកុលសម្ព័ន្ធ ណែបថាលីដែរ ប្រជាជនរបស់គេស៊ូប្តូរជីវិតក្នុងសមរភូមិ នៅតាមតំបន់ភ្នំ។ 19 ស្តេចរបស់ខ្មាំងនាំគ្នាលើកទ័ពមក ស្តេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំង នៅតាណាក់ ក្បែរប្រភពទឹកមេគីដោ តែពួកគេពុំបានទទួលប្រាក់ ជាជយភ័ណ្ឌអ្វីសោះឡើយ។ 20 ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃ ផ្កាយទាំងនោះគោចរតាមផ្លូវរបស់វា មកច្បាំងជាមួយស៊ីសេរ៉ា។ 21 ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមាន ទឹកហូរ តាំងពីបុរាណកាលមកអើយ អ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត! 22 ពេលនោះ មានឮសន្ធឹកជើងសេះរណ្តំផ្ទៃដី គឺពលទ័ពសេះដ៏ខ្លាំងពូកែ។ 23 ម៉ាឡាអ៊ីកាត់នៃអុលឡោះតាអាឡាប្រកាសថា៖ ចូរដាក់បណ្តាសាក្រុងមេរ៉ូសចុះ ចូរដាក់បណ្តាសាអ្នកក្រុងនោះផង ពីព្រោះគេមិនបានមកជួយអុលឡោះតាអាឡា គឺគេមិនបានមកជួយអុលឡោះតាអាឡា រួមជាមួយពួកវីរជនទេ។ 24 សូមអុលឡោះប្រទានពរដល់នាងយ៉ាអែល ជាភរិយារបស់លោកហេប៊ើ ជនជាតិកែន លើសស្ត្រីទាំងឡាយ! សូមទ្រង់ប្រទានពរដល់នាង លើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។ 25 ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះ គឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុង ពែងដ៏ប្រណីត 26 បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹង ហើយដៃស្តាំចាប់ញញួររបស់ជាង រួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៏ក្បាល ព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។ 27 ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។ គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។ 28 ម្តាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះ គាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ? ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ? 29 ស្ត្រីបម្រើដែលឆ្លាតជាងគេនាំគ្នាជម្រាបគាត់ ហើយគាត់ក៏ទន្ទេញចម្លើយរបស់ពួកគេថា: 30 ពួកទាហានប្រាកដជានៅប្រមូលជយភ័ណ្ឌ ពួកគេកំពុងតែចែកជយភ័ណ្ឌ ទាហានម្នាក់ទទួលបានស្រីក្រមុំម្នាក់ ឬពីរនាក់ ស៊ីសេរ៉ាទទួលបានផ្ទាំងសំពត់ពណ៌ និងក្រណាត់ប៉ាក់។ អ្នកមានជ័យជំនះ ទទួលសម្លៀកបំពាក់ពណ៌ ធ្វើពីក្រណាត់ប៉ាក់មួយផ្ទាំង ឬពីរផ្ទាំងសម្រាប់បង់ក។ 31 ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទ្រង់ វិនាសអន្តរាយដូច្នោះដែរ! សូមឲ្យអ្នកដែលស្រឡាញ់ទ្រង់ បានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ ស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ |
© 2014 United Bible Societies, UK.
United Bible Societies