Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

និក្ខមនំ 19 - អាល់គីតាប


អុលឡោះចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រជា‌ជន​អ៊ីស្រ‌អែល​ទៅ​ដល់​ភ្នំ​ស៊ីណៃ

1 នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​បី ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីណៃ។

2 ពួក​គេ​ចេញ​ពី​រេផិ‌ឌីម​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីណៃ ហើយ​បោះ​ជំរំ​នៅ​ទី​នោះ ទល់​មុខ​នឹង​ភ្នំ​ស៊ីណៃ។

3 ម៉ូសា​បាន​ឡើង​ទៅ​ជួប​អុលឡោះ។ អុលឡោះ‌តាអាឡា​ហៅ​ម៉ូសា​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​កូន​ចៅ​របស់​យ៉ាកកូប​ដូច​តទៅ:

4 អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍​ដែល​យើង​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​យើង​បាន​នាំ​អ្នក​រាល់​គ្នា ដូច​ជា​សត្វ​ឥន្ទ្រី​ដាក់​កូន​នៅ​លើ​ខ្នង​វា​មក​រក​យើង។

5 ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែនដី​ទាំង​មូល​ជា​កម្ម‌សិទ្ធិ​របស់​យើង។

6 យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អាណា‌ចក្រ​អ៊ីមុាំ ហើយ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​បរិសុទ្ធ។ នេះ​ជា​សេចក្តី​ដែល​អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល»។

7 ម៉ូសា​ត្រឡប់​មក​វិញ កោះ​ហៅ​ពួក​អះលី‌ជំអះ​របស់​ប្រជា‌ជន ហើយ​រៀប​រាប់​ប្រាប់​នូវ​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បង្គាប់​គាត់។

8 ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល»។ ម៉ូសា​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ជម្រាបអុលឡោះ‌តាអាឡា​វិញ។

9 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ ម៉ូសា​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជា‌ជន ជម្រាបអុលឡោះ‌តាអាឡា។

10 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ផង​ដែរ។

11 ត្រូវ​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ជា​ស្រេច នៅ​ថ្ងៃ​ទី​បី ដ្បិត​ថ្ងៃ​នោះ យើង​នឹង​ចុះ​ទៅ​លើ​ភ្នំ​ស៊ីណៃ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ឃើញ។

12 ត្រូវ​កំណត់​ព្រំ​ដែន​ជុំ​វិញ​ភ្នំ ហើយ​ប្រាប់​ប្រជា‌ជន​ថា ចូរ​ប្រយ័ត្ន កុំ​ឡើង​ទៅ​លើ​ភ្នំ ឬ​ប៉ះ​ពាល់​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ប៉ះ​ភ្នំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់

13 ទោះ​ជា​មនុស្ស ឬ​សត្វ​ក្តី​ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ។ កុំ​ប៉ះ​ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​សម្លាប់​គេ ដោយ​យក​ដុំ​ថ្ម​គប់ ឬ​បាញ់​នឹង​ព្រួញ​វិញ។ នៅ​ពេល​ដែល​ឮ​សូរ​សំឡេង​ស្នែង នោះ​ទើប​អ្នក​ខ្លះ​អាច​ឡើង​ទៅ​លើ​ភ្នំ​បាន»។

14 ម៉ូសា​ចុះ​ពី​លើ​ភ្នំ​មក​រក​ប្រជា‌ជន​វិញ គាត់​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ផង​ដែរ។

15 គាត់​ប្រាប់​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​រៀប​ចំ​ខ្លួន​សម្រាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។

16 នៅ​ថ្ងៃ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរ​លាន់​ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។

17 ម៉ូសា​នាំ​ប្រជា‌ជន​ចេញ​ពី​ជំរំ ទៅ​ជួប​អុលឡោះ ពួក​គេ​ឈរ​នៅ​ជើង​ភ្នំ។

18 មាន​ផ្សែង​ហុយ​ពាស​ពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិតអុលឡោះ‌តាអាឡា​ចុះ​មក​លើ​ភ្នំ ហើយ​ទ្រង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។

19 សំឡេង​ត្រែ​លាន់​ឮ​កាន់​តែ​ខ្លាំង​ឡើងៗ ពេល​ដែល​ម៉ូសា​ជម្រាប​អុលឡោះទ្រង់​ឆ្លើយ​មក​គាត់​ដោយ​សំឡេង​ផ្គរ​លាន់។

20 អុលឡោះ‌តាអាឡា​ចុះ​មក​លើ​ភ្នំ​ស៊ីណៃ គឺ​នៅ​លើ​កំពូល​ភ្នំ។ ទ្រង់​ត្រាស់​ហៅ​ម៉ូសា​ពី​លើ​កំពូល​ភ្នំ ហើយ​ម៉ូសា​ក៏​ឡើង​ទៅ។

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «ចូរ​ហាម​ប្រជា‌ជន​កុំ​ឲ្យ​ស្ទុះ​ចូល​មក​រក​យើង ដែល​ជាអុលឡោះ‌តាអាឡា ព្រោះ​ចង់​ឃើញ​យើង​នោះ​ឡើយ ក្រែង​លោ​មាន​ពួក​គេ​ជា​ច្រើន​ត្រូវ​ស្លាប់។

22 ទោះ​បី​ពួក​អះលី‌ជំអះ​ដែល​ធ្លាប់​ចូល​មក​រក​យើង​ក្តី ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​យើង ដែល​ជាអុលឡោះ‌តាអាឡា»។

23 ម៉ូសា​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «ប្រជា‌ជន​ពុំ​អាច​ឡើង​មក​លើ​ភ្នំ​ស៊ីណៃ​បាន​ទេ ដ្បិត​ទ្រង់​ផ្ទាល់​បាន​បញ្ជា​ឲ្យ​យើង​ខ្ញុំ កំណត់​ព្រំ​ដែន​ជុំ​វិញ​ភ្នំ ហើយ​ញែក​ភ្នំ​នេះ​ទុក​ជា​កន្លែង​បរិសុទ្ធ​ទៀត​ផង»។

24 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ចូរ​ចុះ​ទៅ​វិញ ហើយ​នាំ​ហារូន​ឡើង​មក​ជា​មួយ​ផង ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ពួក​អះលី‌ជំអះ និង​ប្រជា‌ជន​ស្ទុះ​ឡើង​មក​រក​យើង ដែល​ជាអុលឡោះ‌តាអាឡា​ឡើយ ក្រែង​ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​យើង»។

25 ម៉ូសា​ក៏​ចុះ​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​និយាយ​ជា​មួយ​ពួក​គេ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម