Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

និក្ខមនំ 3 - អាល់គីតាប

1 ម៉ូសា​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​គាត់ និង​ជា​អ៊ីមុាំ​នៅ​ស្រុក​ម៉ាឌាន។ ម៉ូសា​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​វាល​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​របស់​អុលឡោះ។

2 នៅ​ទី​នោះ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា បង្ហាញ​ខ្លួន​ក្នុង​អណ្ដាត​ភ្លើង​ដែល​ឆេះ​ចេញ​ពី​កណ្តាល​គុម្ពោត​ឲ្យ​គាត់​ឃើញ។ គាត់​ឃើញ​ភ្លើង​ចេញ​ពី​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ។

3 ម៉ូសា​ក៏​គិត​ថា៖ «ខ្ញុំ​នឹង​ឆៀង​ទៅ​មើល​អព្ភូត​ហេតុ​នេះ ហេតុ​អ្វី​បាន​ជា​គុម្ពោត​មិន​ឆេះ?»។

4 អុលឡោះ‌តាអាឡា​ឃើញ​ម៉ូសា​ឆៀង​ចូល​មក​ជិត​ដូច្នេះ ទ្រង់​ហៅ​ម៉ូសា​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសា​អើយ! ម៉ូសា!»។ ម៉ូសា​ឆ្លើយ​ថា៖ «បាទ»។

5 អុលឡោះ​បញ្ជា​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​បរិសុទ្ធ។

6 យើង​ជា​អុលឡោះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប»។ ម៉ូសា​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​អុលឡោះ។

7 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សំរែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ​ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។

8 ដូច្នេះ យើង​ចុះ​មក​ដើម្បី​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ទៅ​នៅ​ស្រុក​មួយ​មាន​ជី​ជាតិ​ល្អ​ធំ​ទូ​លាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ​ហៀរ គឺ​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។

9 ឥឡូវ​នេះ សំរែក​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ជិះ​ជាន់​សង្កត់​សង្កិន​ពួក​គេ​ដែរ។

10 ឥឡូវ​នេះ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ស្ដេច​ហ្វៀរ៉អ៊ូន។ ចូរ​ទៅ​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។


អុលឡោះ​សំដែង​ឲ្យ​ណាពី​ម៉ូសា​ស្គាល់ ពី​នាម​របស់​ទ្រង់

11 ម៉ូសា​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​មាន​ឋានៈ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន និង​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​ដូច្នេះ?»។

12 អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​នៅ​ជា​មួយ​អ្នក​ហើយ! កាល​ណា​អ្នក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ផុត​ពី​ស្រុក​អេស៊ីប អ្នក​រាល់​គ្នា​ត្រូវ​មក​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​នេះ ដែល​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។

13 ម៉ូសា​ជម្រាប​អុលឡោះ​ថា៖ «អុលឡោះ​អើយ! ខ្ញុំ​នឹង​ទៅ​ជួប​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ប្រាប់​ពួក​គេ​ថា: អុលឡោះ​ជា​ម្ចាស់​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា។ ប្រសិន​បើ​ពួក​គេ​សួរ​ថា ទ្រង់​នាម​អ្វី​នោះ តើ​ខ្ញុំ​ប្រាប់​ពួក​គេ​ដូច​ម្ដេច?»។

14 អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «យើង​ជាអុលឡោះ‌តាអាឡាដែល​នៅ​អស់‌កល្ប។ អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា “អុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា”»។

15 អុលឡោះ​មាន​បន្ទូល​ថែម​ទៀត​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា គឺ​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា។ នេះ​ជា​នាម​របស់​យើង ដែល​នៅ​ស្ថិត​ស្ថេរ​អស់‌កល្ប​ជា​និច្ច សម្រាប់​ឲ្យ​មនុស្ស​លោក​នឹក​ដល់​យើង អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។

16 ចូរ​ទៅ​ប្រមូល​ចាស់​ទុំ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រាប់​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ។ អុលឡោះ​មាន​បន្ទូល​ថា: យើង​បាន​ឃើញ​គេ​ជិះ​ជាន់​សង្កត់​សង្កិន​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប។

17 យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​រង​ទុក្ខ ឆ្ពោះ​ទៅ​កាន់​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ​ហៀរ​ហើយ”។

18 ពួក​គេ​នឹង​ស្តាប់​ពាក្យ​របស់​អ្នក រួច​អ្នក​នឹង​ចូល​ទៅ​ជួប​ស្តេច​ស្រុក​អេស៊ីប ជា​មួយ​ចាស់​ទុំ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ប្រាប់​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​ហេប្រឺ បាន​មក​ជួប​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​អនុ‌ញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ”។

19 យើង​ដឹង​ថា ស្តេច​ស្រុក​អេស៊ីប​មិន​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្តេច​យល់​ព្រម។

20 យើង​នឹង​សំដែង​អំណាច​ប្រហារ​ស្រុក​អេស៊ីប ដោយ​ធ្វើ​ការ​អស្ចារ្យ​គ្រប់​យ៉ាង​នៅ​ក្នុង​ចំណោម​ពួក​គេ។ បន្ទាប់​មក ទើប​ស្តេច​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។

21 យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប អនុ‌គ្រោះ​ដល់​ប្រជា‌ជន​របស់​អ្នក ហើយ​ពេល​អ្នក​រាល់​គ្នា​ចេញ​មក​នោះ មិន​មែន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ។

22 ស្ត្រី​អ៊ីស្រ‌អែល​ម្នាក់ៗ​នឹង​សុំ​របស់​របរ​ពី​ស្ត្រី​ជាតិ​អេស៊ីប ដែល​នៅ​ជិត​ខាង ឬ​រស់​នៅ​ជា​មួយ​គ្នា គឺ​មាន​មាស​ប្រាក់ ព្រម​ទាំង​សម្លៀក​បំពាក់ ដែល​អ្នក​រាល់​គ្នា​យក​មក​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន។ អ្នក​រាល់​គ្នា​នឹង​រឹប​អូស​អ្វីៗ​ទាំង​អស់​ពី​ជន‌ជាតិ​អេស៊ីប»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម