ទំនុកតម្កើង 68 - អាល់គីតាបបទតម្កើងអុលឡោះដ៏មានជ័យជំនះ បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ ចំរៀងតម្កើងអុលឡោះ។ 1 ពេលអុលឡោះក្រោកឡើង ខ្មាំងសត្រូវរបស់ទ្រង់បាក់ទ័ព ហើយអស់អ្នកដែលស្អប់ទ្រង់ នឹងនាំគ្នារត់ចេញពីទ្រង់។ 2 ទ្រង់នឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីទ្រង់ ដូចក្រមួនត្រូវថ្ងៃ ។ 3 រីឯមនុស្សសុចរិតវិញនឹងបានរីករាយ គេនឹងអរសប្បាយឥតឧបមា នៅចំពោះអុលឡោះ គេមានអំណរសប្បាយយ៉ាងខ្លាំង។ 4 ចូរច្រៀងតម្កើងអុលឡោះ ចូរច្រៀង គីតាបសាបូរនាមទ្រង់! ចូរត្រួសត្រាយផ្លូវជូនទ្រង់ ដែលជិះសេះកាត់អាកាសវេហាស៍! ទ្រង់មាននាមថា អុលឡោះតាអាឡា។ ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះទ្រង់! គីតាបសាបូរនាមទ្រង់! 5 អុលឡោះដែលនៅក្នុងដំណាក់ដ៏វិសុទ្ធ ទ្រង់ជាបិតារបស់ក្មេងកំព្រា ទ្រង់រកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។ 6 អុលឡោះប្រទានគ្រួសារ ឲ្យមនុស្សឯកោ ទ្រង់នាំអ្នកជាប់ឃុំឃាំង ឲ្យមានសេរីភាពពេញទី រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។ 7 អុលឡោះអើយ ពេលទ្រង់នាំមុខប្រជារាស្ដ្ររបស់ទ្រង់ ពេលទ្រង់នៅវាលរហោស្ថាន - សម្រាក 8 ផែនដីរញ្ជួយ ផ្ទៃមេឃក៏បង្អុរភ្លៀង ចុះមកយ៉ាងខ្លាំងនៅចំពោះអុលឡោះ ជាម្ចាស់របស់អ៊ីស្រអែល ដូចគ្រានៅភ្នំស៊ីណៃដែរ។ 9 ឱអុលឡោះអើយ! ទ្រង់បានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ មកលើទឹកដីដ៏ហួតហែងរបស់ទ្រង់ ដើម្បីឲ្យប្រជារាស្ដ្ររបស់ទ្រង់ បានរស់រានឡើងវិញ។ 10 ប្រជារាស្ត្ររបស់ទ្រង់បានតាំងទីលំនៅ លើទឹកដីនោះ ដោយទ្រង់សំដែងចិត្តសប្បុរស ចំពោះពួកគេដែលជាជនកំសត់ទុគ៌ត។ 11 ពេលអុលឡោះតាអាឡាចេញបញ្ជា ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ នាំគ្នាចេញទៅប្រកាសដំណឹងថា: 12 ស្ដេចនានាបាក់ទ័ពរត់ ទៅជាមួយពលទាហានរបស់ខ្លួន។ ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។ 13 រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា នៅសម្រាកក្នុងជំរំដូច្នេះទៅវិញ? មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ ជាប់ពេញស្លាបវាដែរ ហើយរោមវាចាំងចែងទៅដោយមាស។ 14 នៅពេលអុលឡោះជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យស្ដេចនានាបាក់ទ័ព នោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។ 15 ភ្នំបាសានជាភ្នំដ៏អស្ចារ្យមួយ ភ្នំបាសានជាភ្នំដែលមានកំពូលយ៉ាងច្រើន។ 16 ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើន ច្រណែននឹងភ្នំដែលអុលឡោះជ្រើសរើស សម្រាប់នៅ? ពិតមែនហើយ អុលឡោះតាអាឡានឹងនៅលើភ្នំនេះរហូតតទៅ។ 17 ទ័ពសេះរបស់អុលឡោះ មានចំនួនរាប់លានរាប់កោដិ ទ្រង់នៅជាមួយពួកគេនៅភ្នំស៊ីណៃ ជាទីសក្ការៈរបស់ទ្រង់។ 18 ទ្រង់ឡើងទៅស្ថានខ្ពស់ ទាំងនាំអ្នកទោសទៅជាមួយ ទ្រង់បានទទួលជំនូនផ្សេងៗពីមនុស្សលោក សូម្បីតែមនុស្សប្រឆាំងនឹងទ្រង់ ក៏ទ្រង់ទទួលពីគេដែរ ហើយអុលឡោះតាអាឡាជាម្ចាស់នៅទីនោះ។ 19 សូមសរសើរតម្កើងអុលឡោះតាអាឡាជារៀងរាល់ថ្ងៃ ដ្បិតទ្រង់តែងតែជួយគាំទ្រ និងសង្គ្រោះយើង។ - សម្រាក 20 អុលឡោះជាអ្នកសង្គ្រោះយើង អុលឡោះតាអាឡាជាម្ចាស់អាចជួយយើង ឲ្យរួចផុតពីសេចក្ដីស្លាប់។ 21 ខ្មាំងសត្រូវទុកសក់វែង ដើម្បីធ្វើចំបាំងសាសនា ក៏ប៉ុន្តែ អុលឡោះនឹងកំទេចក្បាល របស់ជនទុច្ចរិតទាំងនោះ។ 22 អុលឡោះតាអាឡាមានបន្ទូលថា «យើងនឹងនាំពួកគេពីភ្នំបាសាន យើងនឹងនាំពួកគេឡើងពីបាតសមុទ្រមក 23 ដើម្បីឲ្យអ្នករាល់គ្នាដើរលុយក្នុងឈាម របស់ពួកគេ ហើយឆ្កែនឹងនាំគ្នាលិទ្ធឈាម របស់ខ្មាំងសត្រូវទាំងនោះដែរ»។ 24 ឱអុលឡោះអើយ មនុស្សម្នាបានឃើញក្បួនជ័យជំនះរបស់ទ្រង់ ក្បួនជ័យជំនះរបស់អុលឡោះ ជាស្តេចរបស់ខ្ញុំ ចូលទៅក្នុងទីសក្ការៈ 25 មានអ្នកចំរៀងដើរនៅខាងមុខ និងអ្នកភ្លេងដើរនៅខាងក្រោយ ហើយនៅកណ្ដាលមានពួកយុវនារី នាំគ្នាវាយក្រាប់។ 26 ចូរសរសើរតម្កើងអុលឡោះនៅក្នុងអង្គប្រជុំ សូមឲ្យអស់អ្នកដែលជាពូជពង្ស របស់អ៊ីស្រអែលនាំគ្នាសរសើរតម្កើងទ្រង់! 27 គឺចាប់ពីកុលសម្ព័ន្ធពុនយ៉ាមីនដែលតូចជាងគេ បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន និងកុលសម្ព័ន្ធណែបថាលី។ 28 អុលឡោះពេញចិត្ត ឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។ ឱអុលឡោះអើយ សូមបង្ហាញអំណាចរបស់ទ្រង់ ដូចទ្រង់តែងតែជួយយើងខ្ញុំ 29 ពីដំណាក់របស់ទ្រង់ ដែលស្ថិតនៅលើក្រុងយេរូសាឡឹម ជាកន្លែងដែលស្ដេចនានា នាំគ្នាយកជំនូនមកជូនទ្រង់។ 30 សូមទ្រង់គំរាមកំហែងស្រុកអេស៊ីប ពួកគេជាសត្វធាតុរស់នៅតាមដើមត្រែង ពួកគេជាមេដឹកនាំលើស្រុកនានា ដូចហ្វូងគោឡើងក និងកូនរបស់វា។ ពួកគេនឹងមកចុះចូលទ្រង់ ដោយយកប្រាក់មកជាជំនូន។ សូមធ្វើឲ្យជនជាតិទាំងនោះ ដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។ 31 ជនជាតិអេស៊ីបនឹងចាត់ទូតមក ជនជាតិអេត្យូពី នឹងលើកដៃស្វែងរកអុលឡោះ។ 32 នគរនានានៅលើផែនដីអើយ ចូរច្រៀងតម្កើងអុលឡោះ ចូរប្រគំភ្លេងជូនទ្រង់។ - សម្រាក 33 ទ្រង់នៅលើរទេះឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត ទ្រង់បន្លឺសំឡេងយ៉ាងរន្ទឺខ្ទរខ្ទារ។ 34 ចូរប្រកាសថាអុលឡោះប្រកបដោយអំណាច ទ្រង់គ្រងរាជ្យលើអ៊ីស្រអែល យ៉ាងថ្កុំថ្កើងរុងរឿង អាកាសវេហាស៍សំដែង អំពីអំណាចរបស់ទ្រង់។ 35 នៅក្នុងទីសក្ការៈរបស់ទ្រង់ ឱអុលឡោះអើយ ទ្រង់គួរឲ្យស្ញែងខ្លាចណាស់ ទ្រង់ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់ប្រទានឲ្យប្រជារាស្ដ្រ របស់ទ្រង់មានកម្លាំង និងអំណាច សូមសរសើរតម្កើងទ្រង់! |
© 2014 United Bible Societies, UK.
United Bible Societies