ព្រះយេហូវ៉ាគង់នៅខាងស្ដាំព្រះអម្ចាស់; ព្រះអង្គនឹងវាយកម្ទេចបណ្ដាស្ដេចនៅថ្ងៃនៃព្រះពិរោធរបស់ព្រះអង្គ។
រ៉ូម 2:5 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដោយសារតែភាពរឹងរូស និងចិត្តមិនព្រមកែប្រែរបស់អ្នក អ្នកកំពុងប្រមូលព្រះពិរោធទុកឲ្យខ្លួនឯង សម្រាប់ថ្ងៃនៃព្រះពិរោធ និងការសម្ដែងការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ។ Khmer Christian Bible ដោយសារអ្នកមានចិត្ដរឹងរូស មិនប្រែចិត្ត នោះអ្នកកំពុងសន្សំសេចក្ដីក្រោធទុកសម្រាប់ខ្លួននៅថ្ងៃដែលព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធ និងការជំនុំជម្រះដ៏សុចរិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ដោយអ្នកមានចិត្តរឹងរូស មិនព្រមកែប្រែចិត្តគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ជាថ្ងៃដែលព្រះអង្គនឹងសម្តែងការវិនិច្ឆ័យទោសដោយយុត្តិធម៌ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្ដីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្ដីក្រោធវិញ ជាថ្ងៃដែលសេចក្ដីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក អាល់គីតាប ក៏ប៉ុន្ដែ ដោយអ្នកមានចិត្ដរឹងរូស មិនព្រមកែប្រែចិត្ដគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃនៃកំហឹង ជាថ្ងៃដែលអុលឡោះនឹងសំដែងការវិនិច្ឆ័យទោសដោយយុត្ដិធម៌ |
ព្រះយេហូវ៉ាគង់នៅខាងស្ដាំព្រះអម្ចាស់; ព្រះអង្គនឹងវាយកម្ទេចបណ្ដាស្ដេចនៅថ្ងៃនៃព្រះពិរោធរបស់ព្រះអង្គ។
“កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចនៅមេរីបា ឬដូចថ្ងៃនៅម៉ាសាក្នុងទីរហោស្ថាននោះឡើយ។
ទ្រព្យសម្បត្តិគ្មានប្រយោជន៍នៅថ្ងៃនៃព្រះពិរោធឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។
មានពរហើយ មនុស្សដែលកោតខ្លាចជានិច្ច! ប៉ុន្តែអ្នកដែលធ្វើឲ្យចិត្តរបស់ខ្លួនរឹងរូស នឹងធ្លាក់ទៅក្នុងមហន្តរាយ។
មនុស្សដែលត្រូវបានស្ដីប្រដៅជាច្រើនលើកច្រើនសា ក៏នៅតែធ្វើករឹង នឹងត្រូវបានកម្ទេចភ្លាម រហូតដល់ស្ដារឡើងវិញលែងបាន។
ជាការពិត ព្រះនឹងនាំកិច្ចការទាំងអស់ទៅក្នុងការជំនុំជម្រះ រួមទាំងអ្វីៗទាំងអស់ដែលលាក់កំបាំងផង មិនថាល្អ មិនថាអាក្រក់៕៚
ប៉ុន្តែកាលព្រះទ័យរបស់ទ្រង់បានលើកខ្លួនឡើង ហើយវិញ្ញាណរបស់ទ្រង់បានរឹងរូសរហូតដល់ទ្រង់បានប្រព្រឹត្តដោយអំនួត ទ្រង់ក៏ត្រូវបានទម្លាក់ចុះពីរាជ្យបល្ល័ង្ករបស់ទ្រង់ ហើយសិរីរុងរឿងក៏ត្រូវបានដកចេញពីទ្រង់។
ជាការពិត ព្រះពិរោធរបស់ព្រះកំពុងត្រូវបានសម្ដែងចេញពីលើមេឃ ទាស់នឹងគ្រប់ទាំងការមិនគោរពព្រះ និងសេចក្ដីទុច្ចរិត របស់មនុស្សដែលបង្អាក់សេចក្ដីពិតដោយសេចក្ដីទុច្ចរិត
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះទេ ក្រែងលោអ្នករាល់គ្នាគិតថាខ្លួនឯងមានប្រាជ្ញា គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនទៅជារឹងរូស រហូតដល់សាសន៍ដទៃបានគ្រប់ចំនួន
ចុះបើព្រះបានទ្រាំទ្រដោយការអត់ធ្មត់យ៉ាងខ្លាំង ចំពោះភាជនៈនៃព្រះពិរោធដែលត្រូវបានរៀបចំទុកសម្រាប់ការបំផ្លាញ ទោះបីជាព្រះអង្គមានព្រះហឫទ័យចង់សម្ដែងព្រះពិរោធ ហើយបើកឲ្យស្គាល់ព្រះចេស្ដារបស់ព្រះអង្គក៏ដោយ តើយ៉ាងណាទៅ!
ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។
ការទាំងអស់នេះជាភស្តុតាងនៃការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានចាត់ទុកថាស័ក្ដិសមនឹងអាណាចក្ររបស់ព្រះ ដែលអ្នករាល់គ្នាក៏កំពុងរងទុក្ខសម្រាប់អាណាចក្រនេះឯង។
ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ដរាបណាដែលនៅតែហៅថា“ថ្ងៃនេះ” ដើម្បីកុំឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាមានចិត្តរឹងរូសដោយសារតែការបោកបញ្ឆោតរបស់បាបឡើយ
ដូចដែលមានចែងទុកមកថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចក្នុងការបះបោរនោះឡើយ”។
នោះព្រះក៏កំណត់ថ្ងៃមួយទៀតថា“ថ្ងៃនេះ” ក្រោយពីរយៈពេលយ៉ាងយូរ ដោយមានបន្ទូលតាមរយៈដាវីឌ ដូចដែលមានថ្លែងទុកមុនថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសឡើយ”។
មាស និងប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនោះនឹងទៅជាទីបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង។ អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុកនៅថ្ងៃចុងបញ្ចប់ហើយ!
នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច
ប៉ុន្តែដោយព្រះបន្ទូលដដែលនេះ ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង គឺទុករហូតដល់ថ្ងៃនៃការជំនុំជម្រះ និងសេចក្ដីវិនាសរបស់មនុស្សមិនគោរពព្រះ។
ព្រមទាំងឃុំឃាំងបណ្ដាទូតសួគ៌ដែលមិនបានរក្សាឋានៈខ្លួន គឺបោះបង់លំនៅរបស់ខ្លួនចោលនោះ ឲ្យនៅក្នុងសេចក្ដីងងឹតដោយចំណងដ៏អស់កល្ប រហូតដល់ថ្ងៃនៃការជំនុំជម្រះដ៏ធំ។
យើងបានទុកពេលឲ្យនាងកែប្រែចិត្ត ប៉ុន្តែនាងមិនព្រមកែប្រែចិត្តពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។