សុភាសិត 28 - ព្រះគម្ពីរខ្មែរសាកល1 មនុស្សអាក្រក់រត់គេច ទោះបីជាគ្មានអ្នកណាដេញតាម រីឯមនុស្សសុចរិតក្លាហានដូចសិង្ហស្ទាវ។ 2 ក្នុងពេលដែលមានការបំពានក្នុងស្រុក នោះមានមេដឹកនាំច្រើន ប៉ុន្តែស្រុកនឹងបានយូរអង្វែង ដោយព្រោះមនុស្សម្នាក់ដែលមានការយល់ច្បាស់ ហើយចេះដឹង។ 3 មនុស្សក្រីក្រដែលសង្កត់សង្កិនពួកអ្នកក្រខ្សត់ ប្រៀបដូចជាភ្លៀងដែលគំហុកបំផ្លាញ រហូតដល់គ្មានអាហារ។ 4 ពួកដែលបោះបង់ចោលក្រឹត្យវិន័យ សរសើរមនុស្សអាក្រក់ រីឯអ្នកដែលកាន់តាមក្រឹត្យវិន័យ តទល់នឹងពួកគេ។ 5 មនុស្សអាក្រក់មិនយល់ច្បាស់នូវសេចក្ដីយុត្តិធម៌ឡើយ រីឯអ្នកដែលស្វែងរកព្រះយេហូវ៉ា យល់ច្បាស់ទាំងស្រុង។ 6 អ្នកក្រីក្រដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ខ្លួន ប្រសើរជាងអ្នកមានដែលផ្លូវរបស់ខ្លួនវៀចវេរ។ 7 កូនដែលមានការយល់ច្បាស់ កាន់តាមក្រឹត្យវិន័យ រីឯកូនដែលសេពគប់ជាមួយពួកល្មោភស៊ី ធ្វើឲ្យឪពុករបស់ខ្លួនអាម៉ាស់។ 8 អ្នកដែលចម្រើនទ្រព្យសម្បត្តិរបស់ខ្លួនដោយការប្រាក់ និងការប្រាក់បន្ថែមដ៏ហួសហេតុ គឺប្រមូលទុកសម្រាប់អ្នកដែលមានចិត្តសប្បុរសដល់អ្នកក្រខ្សត់។ 9 អ្នកដែលបែរត្រចៀករបស់ខ្លួនចេញមិនស្ដាប់ក្រឹត្យវិន័យ សូម្បីតែសេចក្ដីអធិស្ឋានរបស់គេក៏ជាទីស្អប់ខ្ពើមដែរ។ 10 អ្នកដែលនាំមនុស្សទៀងត្រង់ឲ្យវង្វេងទៅក្នុងផ្លូវអាក្រក់ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅរបស់ខ្លួន រីឯមនុស្សគ្រប់លក្ខណ៍នឹងទទួលសេចក្ដីល្អជាមរតក។ 11 អ្នកមានតែងធ្វើជាអ្នកមានប្រាជ្ញាក្នុងភ្នែកខ្លួនឯង ប៉ុន្តែអ្នកក្រខ្សត់ដែលមានការយល់ច្បាស់ មើលធ្លុះអ្នកនោះ។ 12 នៅពេលមនុស្សសុចរិតមានជ័យជម្នះ នោះនឹងមានភាពរុងរឿងយ៉ាងខ្លាំង ប៉ុន្តែនៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន។ 13 អ្នកដែលលាក់បាំងការបំពានរបស់ខ្លួននឹងមិនចម្រើនឡើងឡើយ រីឯអ្នកដែលសារភាព ហើយបោះបង់ចោលវិញ នឹងត្រូវបានអាណិតមេត្តា។ 14 មានពរហើយ មនុស្សដែលកោតខ្លាចជានិច្ច! ប៉ុន្តែអ្នកដែលធ្វើឲ្យចិត្តរបស់ខ្លួនរឹងរូស នឹងធ្លាក់ទៅក្នុងមហន្តរាយ។ 15 មនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនក្រខ្សត់ ប្រៀបដូចជាសិង្ហគ្រហឹម ឬខ្លាឃ្មុំប្រុងសង្គ្រុប។ 16 អ្នកដឹកនាំដែលខ្វះការយល់ដឹង គឺជាអ្នកសង្កត់សង្កិនដ៏កាចសាហាវ រីឯអ្នកដែលស្អប់កម្រៃទុច្ចរិត នឹងធ្វើឲ្យអាយុរបស់ខ្លួនវែង។ 17 មនុស្សដែលរងសម្ពាធដោយសារបង្ហូរឈាមគេ នឹងរត់គេចរហូតដល់រណ្ដៅមរណៈ។ កុំឲ្យអ្នកណាជួយឃាត់អ្នកនោះឡើយ! 18 អ្នកដែលដើរដោយទៀងត្រង់នឹងបានសង្គ្រោះ រីឯអ្នកដែលបង្វៀចផ្លូវរបស់ខ្លួននឹងដួលក្នុងមួយរំពេច។ 19 អ្នកដែលធ្វើស្រែចម្ការរបស់ខ្លួន នឹងបានឆ្អែតដោយអាហារ រីឯអ្នកដែលដេញតាមការឥតប្រយោជន៍ នឹងបានឆ្អែតដោយភាពក្រីក្រ។ 20 មនុស្សស្មោះត្រង់មានពរយ៉ាងច្រើន រីឯអ្នកដែលប្រញាប់ឲ្យបានក្លាយជាអ្នកមាន នឹងមិនរួចទោសឡើយ។ 21 មានការរើសមុខ នោះមិនល្អទេ ប៉ុន្តែមនុស្សនៅតែប្រព្រឹត្តការល្មើសដោយសារតែនំប៉័ងមួយដុំដែរ។ 22 មនុស្សលោភលន់ប្រញាប់ដេញតាមទ្រព្យសម្បត្តិ ប៉ុន្តែគេមិនដឹងថាភាពខ្វះខាតនឹងមកដល់គេឡើយ។ 23 អ្នកដែលស្ដីបន្ទោសមនុស្ស ក្រោយមកនឹងបានជាទីគាប់ចិត្ត ជាងអ្នកដែលមានអណ្ដាតបញ្ជោរទៅទៀត។ 24 អ្នកដែលប្លន់ឪពុក ឬម្ដាយរបស់ខ្លួន ហើយនិយាយថា៖ “មិនមែនជាបាបទេ” អ្នកនោះជាគូកននឹងអ្នកបំផ្លាញ។ 25 មនុស្សមានចិត្តធំបង្កទំនាស់ រីឯអ្នកដែលទុកចិត្តលើព្រះយេហូវ៉ានឹងចម្រើនឡើង។ 26 អ្នកដែលទុកចិត្តលើចិត្តរបស់ខ្លួន អ្នកនោះជាមនុស្សល្ងង់ រីឯអ្នកដែលដើរដោយប្រាជ្ញា អ្នកនោះនឹងត្រូវបានរំដោះ។ 27 អ្នកដែលចែកឲ្យអ្នកក្រីក្រ នឹងគ្មានភាពខ្វះខាតឡើយ រីឯអ្នកដែលបិទភ្នែករបស់ខ្លួន នឹងត្រូវបណ្ដាសាយ៉ាងច្រើន។ 28 នៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន ប៉ុន្តែនៅពេលពួកគេវិនាស មនុស្សសុចរិតនឹងកើនឡើង៕ |