ដានីយ៉ែល 5 - ព្រះគម្ពីរខ្មែរសាកលពិធីជប់លៀងរបស់បេលសាសារ 1 ព្រះបាទបេលសាសារបានរៀបចំពិធីជប់លៀងដ៏ធំឲ្យពួកនាម៉ឺនរបស់ទ្រង់មួយពាន់នាក់ ហើយសោយស្រានៅចំពោះមួយពាន់នាក់នោះ។ 2 នៅពេលបេលសាសារបានភ្លក់ស្រាហើយ ទ្រង់ក៏បញ្ជាឲ្យយកភាជនៈមាស និងប្រាក់ ដែលនេប៊ូក្នេសាបិតារបស់ទ្រង់បានយកចេញពីព្រះវិហារនៅយេរូសាឡិមនោះមក ដើម្បីឲ្យស្ដេច និងពួកនាម៉ឺនរបស់ទ្រង់ ព្រមទាំងពួកមហេសីរបស់ទ្រង់ និងពួកស្រីស្នំរបស់ទ្រង់ បានផឹកពីភាជនៈទាំងនោះ។ 3 ដូច្នេះ គេបានយកភាជនៈមាស ដែលត្រូវបានយកចេញពីព្រះវិហារដែលជាដំណាក់របស់ព្រះនៅយេរូសាឡិមនោះមក ហើយស្ដេច និងពួកនាម៉ឺនរបស់ទ្រង់ ពួកមហេសីរបស់ទ្រង់ និងពួកស្រីស្នំរបស់ទ្រង់បានផឹកពីភាជនៈទាំងនោះ។ 4 ពួកគេក៏ផឹកស្រា ហើយសរសើរតម្កើងបណ្ដាព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។ សំណេរនៅលើជញ្ជាំង 5 រំពេចនោះ មានម្រាមដៃមនុស្សលេចមក ហើយសរសេរលើកំបោរជញ្ជាំងនៃរាជវាំង គឺនៅទល់មុខជើងចង្កៀង។ ស្ដេចទតឃើញដៃដែលសរសេរនោះ 6 រួចទឹកមុខរបស់ស្ដេចក៏ផ្លាស់ប្ដូរ ហើយគំនិតរបស់ទ្រង់ក៏ធ្វើឲ្យទ្រង់តក់ស្លុត សន្លាក់ចង្កេះរបស់ទ្រង់ក៏ល្វើយទៅ ហើយជង្គង់របស់ទ្រង់ក៏ទង្គិចគ្នា។ 7 ស្ដេចទ្រង់ស្រែកឡើងយ៉ាងខ្លាំងឲ្យនាំពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយមក។ ស្ដេចមានរាជឱង្ការនឹងពួកអ្នកប្រាជ្ញនៃបាប៊ីឡូនថា៖ “អ្នកណាដែលអានសំណេរនេះ ហើយបង្ហាញការកាត់ស្រាយដល់យើង អ្នកនោះនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។ 8 ដូច្នេះ អស់ទាំងអ្នកប្រាជ្ញរបស់ស្ដេចក៏ចូលមក ប៉ុន្តែមិនអាចអានសំណេរនោះ ឬធ្វើឲ្យការបកស្រាយសំណេរនោះបានជ្រាបដល់ស្ដេចបានឡើយ។ 9 ព្រះបាទបេលសាសារក៏តក់ស្លុតយ៉ាងខ្លាំង ទឹកមុខរបស់ទ្រង់ក៏ផ្លាស់ប្ដូរ រីឯពួកនាម៉ឺនរបស់ទ្រង់ក៏វល់គំនិតដែរ។ 10 ដោយព្រោះព្រះរាជឱង្ការរបស់ស្ដេច និងពាក្យរបស់ពួកនាម៉ឺនរបស់ទ្រង់ មាតារបស់ទ្រង់ក៏យាងចូលទៅក្នុងសាលជប់លៀង។ មាតាទូលថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមកុំឲ្យគំនិតរបស់ព្រះករុណាធ្វើឲ្យព្រះករុណាតក់ស្លុតឡើយ ក៏កុំឲ្យទឹកមុខរបស់ព្រះករុណាផ្លាស់ប្ដូរដែរ។ 11 មានមនុស្សម្នាក់នៅក្នុងអាណាចក្ររបស់ព្រះករុណា ដែលមានវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងគាត់។ នៅជំនាន់ព្រះបិតារបស់ព្រះករុណា នោះឃើញមានភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដូចប្រាជ្ញារបស់បណ្ដាព្រះ នៅក្នុងគាត់ ហើយព្រះបាទនេប៊ូក្នេសាព្រះបិតារបស់ព្រះករុណា បានតាំងគាត់ឡើង ជាមេលើពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយ។ ព្រះបិតារបស់ព្រះករុណាដែលជាស្ដេចបានធ្វើដូច្នេះ 12 ពីព្រោះវិញ្ញាណដ៏វិសេស និងចំណេះដឹង ព្រមទាំងការយល់ដឹង ការកាត់ស្រាយយល់សប្តិ ការដោះប្រស្នា និងការដោះស្រាយបញ្ហាដ៏លំបាក ឃើញមាននៅក្នុងគាត់ គឺនៅក្នុងដានីយ៉ែលដែលស្ដេចបានប្រទានឈ្មោះគាត់ថា បេលថិស្សាសារ។ ឥឡូវនេះ សូមហៅដានីយ៉ែលមក ហើយគាត់នឹងបង្ហាញការបកស្រាយនោះ”។ ដានីយ៉ែលនៅចំពោះស្ដេច 13 ដូច្នេះ គេក៏នាំដានីយ៉ែលមកគាល់ស្ដេច នោះស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “តើអ្នកជាដានីយ៉ែល ជាម្នាក់ក្នុងចំណោមជនជម្លៀសពីយូដា ដែលស្ដេចជាបិតាយើងបាននាំមកពីយូដាឬ? 14 យើងបានឮអំពីអ្នកថា វិញ្ញាណរបស់បណ្ដាព្រះនៅក្នុងអ្នក ហើយភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដ៏វិសេសឃើញមាននៅក្នុងអ្នក។ 15 ឥឡូវនេះ ពួកអ្នកប្រាជ្ញ និងពួកហោរ ត្រូវបាននាំមកនៅចំពោះយើង ដើម្បីអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយ ប៉ុន្តែពួកគេបង្ហាញការបកស្រាយអំពីសេចក្ដីនេះមិនបានទេ។ 16 យ៉ាងណាមិញ យើងបានឮអំពីអ្នកថា អ្នកអាចផ្ដល់ការកាត់ស្រាយ ហើយដោះស្រាយបញ្ហាដ៏លំបាកបាន។ ឥឡូវនេះ ប្រសិនបើអ្នកអាចអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយបាន នោះអ្នកនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងកអ្នក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។ 17 ពេលនោះ ដានីយ៉ែលទូលតបនៅចំពោះស្ដេចថា៖ “សូមព្រះករុណាទុកអំណោយសម្រាប់ខ្លួនព្រះករុណា ហើយសូមប្រទានរង្វាន់របស់ព្រះករុណាដល់អ្នកដទៃចុះ ប៉ុន្តែខ្ញុំព្រះបាទនឹងអានសំណេរនេះថ្វាយព្រះរាជា ហើយឲ្យព្រះករុណាជ្រាបការបកស្រាយនោះផង។ 18 ព្រះរាជាអើយ ព្រះដ៏ខ្ពស់បំផុតបានប្រទានរាជ្យ អានុភាព សិរីរុងរឿង និងភាពឧត្ដុង្គឧត្ដម ដល់នេប៊ូក្នេសាព្រះបិតារបស់ព្រះករុណា។ 19 ដោយព្រោះអានុភាពដែលព្រះបានប្រទានដល់ទ្រង់ អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានញ័ររន្ធត់ ហើយភ័យខ្លាចនៅចំពោះទ្រង់។ អ្នកដែលទ្រង់ចង់សម្លាប់ ទ្រង់ក៏សម្លាប់ អ្នកដែលទ្រង់ចង់ទុកជីវិត ទ្រង់ក៏ទុកជីវិត អ្នកដែលទ្រង់ចង់លើកឡើង ទ្រង់ក៏លើកឡើង ហើយអ្នកដែលទ្រង់ចង់បន្ទាបចុះ ទ្រង់ក៏បន្ទាបចុះ។ 20 ប៉ុន្តែកាលព្រះទ័យរបស់ទ្រង់បានលើកខ្លួនឡើង ហើយវិញ្ញាណរបស់ទ្រង់បានរឹងរូសរហូតដល់ទ្រង់បានប្រព្រឹត្តដោយអំនួត ទ្រង់ក៏ត្រូវបានទម្លាក់ចុះពីរាជ្យបល្ល័ង្ករបស់ទ្រង់ ហើយសិរីរុងរឿងក៏ត្រូវបានដកចេញពីទ្រង់។ 21 ទ្រង់ត្រូវបានបណ្ដេញចេញពីមនុស្សលោក ហើយចិត្តរបស់ទ្រង់ត្រូវបានធ្វើឲ្យបានដូចជាសត្វព្រៃវិញ លំនៅរបស់ទ្រង់នៅជាមួយលាព្រៃ ហើយគេឲ្យទ្រង់សោយស្មៅដូចគោ រូបកាយរបស់ទ្រង់ត្រូវទទឹកដោយសន្សើមពីមេឃ រហូតទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយព្រះអង្គតាំងអ្នកណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យលើអាណាចក្រនោះ។ 22 “រីឯព្រះករុណាវិញ បេលសាសារបុត្ររបស់នេប៊ូក្នេសាអើយ ទោះបីជាព្រះករុណាបានជ្រាបការទាំងអស់នេះក៏ដោយ ក៏ព្រះករុណាមិនបានបន្ទាបព្រះទ័យរបស់ព្រះករុណាដែរ។ 23 ផ្ទុយទៅវិញ ព្រះករុណាបានលើកអង្គទ្រង់ឡើងទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌ ហើយឲ្យគេយកភាជនៈនៃដំណាក់របស់ព្រះអង្គមកនៅចំពោះព្រះករុណា រួចព្រះករុណា និងពួកនាម៉ឺនរបស់ព្រះករុណា ពួកមហេសីរបស់ព្រះករុណា និងពួកស្រីស្នំរបស់ព្រះករុណា បានផឹកស្រាពីភាជនៈទាំងនោះ ហើយសរសើរតម្កើងបណ្ដាព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលព្រះទាំងនោះមើលមិនឃើញ ស្ដាប់មិនឮ ក៏មិនដឹងអ្វីសោះ រីឯព្រះដែលដង្ហើមជីវិតរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ព្រះអង្គ ព្រះករុណាមិនបានថ្វាយសិរីរុងរឿងឡើយ។ 24 ហេតុនេះហើយបានជាដៃនោះត្រូវបានចាត់ឲ្យមកពីចំពោះព្រះអង្គ ហើយបានសរសេរសំណេរនេះ”។ បកស្រាយសំណេរ 25 “សំណេរដែលបានសរសេរនេះ គឺ ‘មេនេ មេនេ ទេកិល អ៊ូប៉ារស៊ីន’។ 26 នេះជាការបកស្រាយអំពីសេចក្ដីទាំងនោះ: ‘មេនេ’ គឺព្រះបានរាប់ថ្ងៃនៃអាណាចក្ររបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់អាណាចក្រនេះហើយ។ 27 ‘ទេកិល’ គឺព្រះករុណាត្រូវបានថ្លឹងនៅលើជញ្ជីង ហើយបានឃើញថាខ្វះ។ 28 ‘ពេរេស’ គឺអាណាចក្ររបស់ព្រះករុណាត្រូវបានបែងចែក និងត្រូវបានប្រគល់ទៅជនជាតិមេឌី និងជនជាតិពើស៊ី”។ 29 ពេលនោះ បេលសាសារក៏ចេញបញ្ជា នោះគេស្លៀកពាក់ឲ្យដានីយ៉ែលដោយសម្លៀកបំពាក់ពណ៌ស្វាយ ព្រមទាំងពាក់ខ្សែកមាសនៅនឹងកគាត់ផង រួចប្រកាសអំពីគាត់ថា គាត់ជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនោះ។ 30 នៅយប់នោះ បេលសាសារស្ដេចនៃជនជាតិខាល់ដេ ត្រូវគេធ្វើគុត។ 31 រួចដារីយុសជាជនជាតិមេឌី បានទទួលអាណាចក្រនោះ។ ពេលនោះ ទ្រង់មានព្រះជន្មាយុហុកសិបពីរព្រះវស្សា៕ |