សុភាសិត 11 - ព្រះគម្ពីរខ្មែរសាកល1 ត្រាជូបោកបញ្ឆោតជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯកូនជញ្ជីងគ្រប់ទម្ងន់ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។ 2 ពេលការក្រអឺតក្រទមមក សេចក្ដីអាម៉ាស់ក៏មកដែរ រីឯប្រាជ្ញាវិញ នៅជាមួយមនុស្សរាបទាប។ 3 ភាពទៀងត្រង់របស់មនុស្សទៀងត្រង់ នាំផ្លូវខ្លួនគេ រីឯភាពវៀចវេររបស់មនុស្សក្បត់ នឹងបំផ្លាញខ្លួនគេ។ 4 ទ្រព្យសម្បត្តិគ្មានប្រយោជន៍នៅថ្ងៃនៃព្រះពិរោធឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។ 5 សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍ តម្រង់ផ្លូវរបស់ខ្លួនគេ ប៉ុន្តែមនុស្សអាក្រក់នឹងដួលដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន។ 6 សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រំដោះខ្លួនគេ ប៉ុន្តែមនុស្សក្បត់នឹងត្រូវបានចាប់ដោយចំណង់លោភលន់របស់ខ្លួន។ 7 នៅពេលមនុស្សអាក្រក់ស្លាប់ ការរំពឹងទុករបស់ពួកគេនឹងវិនាស ហើយក្ដីសង្ឃឹមលើទ្រព្យសម្បត្តិក៏វិនាសទៅដែរ។ 8 មនុស្សសុចរិតត្រូវបានរំដោះឲ្យរួចពីទុក្ខវេទនា ហើយមនុស្សអាក្រក់ចូលទៅក្នុងទុក្ខវេទនាជំនួសគាត់វិញ។ 9 មនុស្សមិនគោរពព្រះបំផ្លាញអ្នកជិតខាងរបស់ខ្លួនដោយមាត់ ប៉ុន្តែមនុស្សសុចរិតត្រូវបានរំដោះឲ្យរួចដោយចំណេះដឹង។ 10 នៅពេលមនុស្សសុចរិតបានសុខ ទីក្រុងនឹងអបអរ ហើយនៅពេលមនុស្សអាក្រក់វិនាសទៅ ក៏មានសម្រែកហ៊ោសប្បាយ។ 11 ទីក្រុងត្រូវបានលើកឡើងដោយពររបស់មនុស្សទៀងត្រង់ ប៉ុន្តែវាត្រូវបានរំលំដោយមាត់របស់មនុស្សអាក្រក់។ 12 អ្នកដែលមើលងាយអ្នកជិតខាងរបស់ខ្លួន គឺខ្វះវិចារណញ្ញាណ រីឯមនុស្សមានការយល់ដឹង រក្សាភាពស្ងៀមស្ងាត់។ 13 មនុស្សអេចអូចដើរចុះឡើងលាតត្រដាងរឿងសម្ងាត់ រីឯមនុស្សមានចិត្តស្មោះត្រង់លាក់បាំងរឿងវិញ។ 14 ដោយគ្មានការណែនាំ ប្រជាជនក៏ដួល ដោយមានទីប្រឹក្សាច្រើន នាំឲ្យមានជ័យជម្នះ។ 15 អ្នកដែលធានាឲ្យជនមិនស្គាល់ តែងតែរងទុក្ខ រីឯអ្នកដែលស្អប់ការចាប់ដៃសន្យា នឹងមានសុវត្ថិភាព។ 16 ស្ត្រីមានចិត្តសប្បុរសបានសិរីរុងរឿង រីឯពួកមនុស្សប្រុសកាចសាហាវបានតែភាពស្ដុកស្ដម្ភ។ 17 មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់ដល់ព្រលឹងរបស់ខ្លួន រីឯមនុស្សឃោរឃៅ ធ្វើទុក្ខរូបកាយរបស់ខ្លួន។ 18 មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។ 19 សេចក្ដីសុចរិតដ៏ពិត នាំទៅដល់ជីវិត រីឯការដេញតាមសេចក្ដីអាក្រក់ នាំទៅដល់សេចក្ដីស្លាប់។ 20 មនុស្សមានចិត្តវៀចវេរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯផ្លូវរបស់មនុស្សគ្រប់លក្ខណ៍ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។ 21 មនុស្សអាក្រក់ពិតជាមិនរួចទោសឡើយ រីឯពូជពង្សរបស់មនុស្សសុចរិត នឹងត្រូវបានរំដោះ។ 22 ស្ត្រីមានរូបស្អាត ប៉ុន្តែគ្មានគំនិតមារយាទ ប្រៀបដូចជាក្រវិលមាសពាក់នៅច្រមុះជ្រូក។ 23 បំណងប្រាថ្នារបស់មនុស្សសុចរិត គឺមានតែសេចក្ដីល្អ រីឯការរំពឹងទុករបស់មនុស្សអាក្រក់ គឺសេចក្ដីក្ដៅក្រហាយ។ 24 មានអ្នកដែលឲ្យដោយចិត្តទូលាយ ក៏នៅតែចម្រើនឡើងថែមទៀត; មានអ្នកដែលបង្ខាំងទុកអ្វីដែលត្រូវឲ្យ ក៏មានតែភាពខ្វះខាត។ 25 មនុស្សមានចិត្តសទ្ធានឹងចម្រើនឡើង ហើយអ្នកដែលស្រោច អ្នកនោះក៏នឹងត្រូវបានស្រោចវិញដែរ។ 26 ប្រជាជននឹងដាក់បណ្ដាសាអ្នកដែលបង្ខាំងស្រូវទុក ប៉ុន្តែមានពរនៅលើក្បាលអ្នកដែលលក់ស្រូវវិញ។ 27 អ្នកដែលខំប្រឹងស្វែងរកសេចក្ដីល្អ នឹងរកបានសេចក្ដីសន្ដោស រីឯអ្នកដែលស្វែងរកការអាក្រក់ ការអាក្រក់នឹងមកដល់អ្នកនោះ។ 28 អ្នកដែលទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួននឹងដួល រីឯមនុស្សសុចរិតនឹងលូតលាស់ដូចជាស្លឹកឈើខៀវខ្ចី។ 29 អ្នកដែលនាំទុក្ខមកលើផ្ទះរបស់ខ្លួន នឹងទទួលខ្យល់ជាមរតក ហើយមនុស្សល្ងីល្ងើនឹងទៅជាបាវបម្រើដល់មនុស្សមានប្រាជ្ញាក្នុងចិត្ត។ 30 ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកដែលឈ្នះបានព្រលឹង ជាមនុស្សមានប្រាជ្ញា។ 31 ប្រសិនបើមនុស្សសុចរិតត្រូវបានតបសងនៅផែនដីនេះទៅហើយ ចុះទម្រាំមនុស្សអាក្រក់ និងមនុស្សបាប តើនឹងត្រូវបានតបសងអម្បាលម៉ានទៅទៀត៕ |