Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ាកុប 5 - ព្រះគម្ពីរខ្មែរសាកល


ពាក្យដាស់តឿនដល់អ្នកមាន

1 ឥឡូវនេះ​មក៍! ពួក​អ្នកមាន​អើយ​! ចូរ​យំសោក​ស្រែកទ្រហោ ចំពោះ​សេចក្ដីវេទនា​របស់អ្នករាល់គ្នា​ដែល​នឹង​មកដល់​ចុះ​!

2 ទ្រព្យសម្បត្តិ​របស់អ្នករាល់គ្នា​បាន​ខូចរលួយ ហើយ​សម្លៀកបំពាក់​របស់អ្នករាល់គ្នា​ក៏​ត្រូវសត្វល្អិតស៊ី​អស់​ដែរ​។

3 មាស និង​ប្រាក់​របស់អ្នករាល់គ្នា​ត្រូវ​ច្រែះស៊ី ហើយ​ច្រែះ​នោះ​នឹង​ទៅជា​ទីបន្ទាល់​ទាស់នឹង​អ្នករាល់គ្នា ព្រមទាំង​ស៊ី​សាច់​អ្នករាល់គ្នា​ដូចជា​ភ្លើង​។ អ្នករាល់គ្នា​បាន​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​ថ្ងៃចុងបញ្ចប់​ហើយ​!

4 មើល៍! ប្រាក់ឈ្នួល​របស់​កម្មករ​ដែល​ច្រូតកាត់​ក្នុង​វាលស្រែ​របស់អ្នក ដែល​អ្នក​បាន​កេងបំបាត់​កំពុង​ស្រែកឡើង ហើយ​សម្រែក​របស់​អ្នក​ច្រូត​ក៏‍ឮដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពលបរិវារ​ដែរ​។

5 អ្នករាល់គ្នា​បាន​រស់នៅក្នុងភាពប្រណិត​លើ​ផែនដី ទាំង​រស់នៅតាមអំពើចិត្ត ហើយ​បាន​បំប៉ន​ចិត្ត​របស់ខ្លួន​សម្រាប់​ថ្ងៃ​នៃ​ការសម្លាប់​។

6 អ្នករាល់គ្នា​បាន​ផ្ដន្ទាទោស ហើយ​សម្លាប់​មនុស្ស​សុចរិត តែ​គេ​មិន​ប្រឆាំង​នឹង​អ្នករាល់គ្នា​ទេ​។


ការរង់ចាំព្រះអម្ចាស់

7 ដូច្នេះ បងប្អូន​អើយ ចូរ​អត់ធ្មត់​រហូតដល់​ការយាងមកវិញ​របស់​ព្រះអម្ចាស់​ចុះ​។ មើល៍! កសិករ​រង់ចាំ​ភោគផល​ដ៏មានតម្លៃ​ពី​ដី គឺ​អត់ធ្មត់​សម្រាប់​វា​រហូតដល់​ភោគផលនោះ​បាន​ទទួល​ភ្លៀងដើមរដូវ និង​ភ្លៀងចុងរដូវ​។

8 អ្នករាល់គ្នា​ក៏​ត្រូវ​អត់ធ្មត់​ដូច្នោះដែរ ទាំង​ពង្រឹង​ចិត្ត​របស់អ្នករាល់គ្នា ដ្បិត​ការយាងមកវិញ​របស់​ព្រះអម្ចាស់​មកជិតដល់​ហើយ​។

9 បងប្អូន​អើយ កុំ​រអ៊ូរទាំ​ដាក់​គ្នាទៅវិញទៅមក​ឡើយ ដើម្បីកុំឲ្យ​ត្រូវបាន​ជំនុំជម្រះ​។ មើល៍! ចៅក្រម​ឈរ​នៅ​មាត់ទ្វារ​ហើយ​!

10 បងប្អូន​អើយ ចូរ​យក​បណ្ដា​ព្យាការី​ដែល​បាន​ថ្លែង​ព្រះបន្ទូល​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ជា​គំរូ​នៃ​ការរងទុក្ខ និង​ការអត់ធ្មត់​ចុះ​។

11 មើល៍! យើង​ហៅ​អ្នក​ដែល​ស៊ូទ្រាំ​ថាជាអ្នកមានព្រះពរ​! អ្នករាល់គ្នា​បាន​ឮ​អំពី​ការស៊ូទ្រាំ​របស់​យ៉ូប ហើយ​បាន​ឃើញ​ចុងបញ្ចប់​របស់លោក​ដែល​ព្រះអម្ចាស់​ប្រទានឲ្យ គឺ​ព្រះអម្ចាស់​មានព្រះហឫទ័យអាណិតអាសូរ និង​មេត្តាករុណា​។


ការនិយាយពិត

12 ប៉ុន្តែ​បងប្អូន​របស់ខ្ញុំ​អើយ ដែលសំខាន់ជាងគេ គឺ​កុំឲ្យ​ស្បថ មិនថា​ដោយអាង​មេឃ​ក្ដី ដោយអាង​ផែនដី​ក្ដី ឬ​ដោយអាង​ពាក្យសម្បថ​ណា​ផ្សេងទៀត​ក្ដី​។ ចូរ​ឲ្យ​ពាក្យសម្ដី​របស់អ្នករាល់គ្នា​ជា “មែន” គឺ “មែន” ហើយ “ទេ” គឺ “ទេ” ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាន​ធ្លាក់​ទៅ​ក្រោម​ការជំនុំជម្រះ​។


ការអធិស្ឋានដ៏មានប្រសិទ្ធភាព

13 ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​រងទុក្ខលំបាក​ឬ​? ចូរឲ្យ​អ្នកនោះ​អធិស្ឋាន​។ មាន​អ្នកណា​អរសប្បាយ​ឬ​? ចូរឲ្យ​អ្នកនោះ​ច្រៀងសរសើរតម្កើង​។

14 ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ឈឺ‍​ឬ​? ចូរឲ្យ​អ្នកនោះ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​មក​អធិស្ឋាន​ឲ្យ​គាត់ ទាំង​លាប​ប្រេងអូលីវ​លើ​គាត់ ក្នុង​ព្រះនាម​ព្រះអម្ចាស់

15 នោះ​សេចក្ដីអធិស្ឋាន​នៃ​ជំនឿ​នឹង​សង្គ្រោះ​អ្នកជំងឺ​នោះ ហើយ​ព្រះអម្ចាស់​នឹង​លើក​គាត់​ឡើងវិញ​; ទោះបីជា​គាត់​បាន​ប្រព្រឹត្ត​បាប​ក៏ដោយ ក៏​នឹង​ត្រូវបាន​លើកលែងទោស​ឲ្យ​គាត់​ដែរ​។

16 ដូច្នេះ ចូរ​សារភាព​បាប​នឹង​គ្នាទៅវិញទៅមក ហើយ​អធិស្ឋាន​ឲ្យ​គ្នាទៅវិញទៅមក ដើម្បី​ត្រូវបាន​ប្រោសឲ្យជា​។ សេចក្ដីអធិស្ឋាន​របស់​មនុស្ស​សុចរិត​មានឫទ្ធិ​ខ្លាំង នៅពេល​ចេញឥទ្ធិពល​។

17 អេលីយ៉ា​ជា​មនុស្ស​ដូច​យើង ប៉ុន្តែ​លោក​បាន​អធិស្ឋានទូលសុំ​កុំឲ្យ​បង្អុរភ្លៀង នោះក៏​គ្មាន​ភ្លៀងធ្លាក់​លើ​ផែនដី អស់រយៈពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ​។

18 ក្រោយមក លោក​បាន​អធិស្ឋាន​ម្ដងទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង ហើយ​ផែនដី​ក៏​បង្កើត​ភោគផល​។

19 បងប្អូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​វង្វេង​ចេញពី​សេចក្ដីពិត ហើយ​មាន​ម្នាក់ទៀត​នាំ​គាត់​ឲ្យត្រឡប់មកវិញ

20 ចូរឲ្យ​អ្នកនោះ​ដឹង​ថា អ្នក​ដែល​នាំ​មនុស្សបាប​ឲ្យត្រឡប់មកវិញ​ពី​ផ្លូវវង្វេង នឹង​សង្គ្រោះ​ព្រលឹង​របស់​អ្នកនោះ​ចេញពី​សេចក្ដីស្លាប់ ព្រមទាំង​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​ទៀតផង​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម