Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 1 - ព្រះគម្ពីរខ្មែរសាកល


គោលបំណងនៃសុភាសិត

1 សុភាសិត​របស់​សាឡូម៉ូន​ដែលជា​បុត្រ​របស់​ដាវីឌ និងជា​ស្ដេច​នៃ​អ៊ីស្រាអែល​:

2 ដើម្បីឲ្យ​ស្គាល់​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ ដើម្បីឲ្យ​យល់ច្បាស់​នូវ​ពាក្យ​នៃ​ការយល់ដឹង

3 ដើម្បីឲ្យ​ទទួល​ការប្រៀនប្រដៅ​ឲ្យ​ចេះដឹង​សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និង​សេចក្ដីទៀងត្រង់

4 និង​ដើម្បី​ផ្ដល់​សេចក្ដីឆ្លាតវៃ​ដល់​មនុស្សខ្វះចំណេះដឹង ព្រមទាំង​ផ្ដល់​ចំណេះដឹង និង​សមត្ថភាពពិចារណា​ដល់​យុវជន​ផងដែរ​។

5 ចូរឲ្យ​មនុស្ស​មានប្រាជ្ញា​ស្ដាប់ ហើយ​កើន​សេចក្ដីអប់រំ​ចុះ ចូរឲ្យ​មនុស្ស​ដែល​យល់ច្បាស់ ទទួលបាន​ការ​ណែនាំ​ចុះ

6 ដើម្បី​បាន​យល់ច្បាស់​នូវ​សុភាសិត និង​ពាក្យឧបមា គឺ​យល់ច្បាស់​នូវ​ពាក្យ​របស់​មនុស្ស​មានប្រាជ្ញា និង​ប្រស្នា​របស់ពួកគេ​។

7 ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ចំណេះដឹង រីឯ​មនុស្សល្ងីល្ងើ​មើលងាយ​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ​វិញ​។


ចៀសវាងពីផ្លូវរបស់មនុស្សអាក្រក់

8 កូន​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​របស់​ឪពុក​អ្នក ហើយ​កុំ​បោះបង់ចោល​សេចក្ដីបង្រៀន​របស់​ម្ដាយ​អ្នក​ឡើយ​!

9 ដ្បិត​វា​ជា​ភួងផ្កា​ដ៏សមសួន​លើ​ក្បាល​អ្នក និង​ជា​ខ្សែក​នៅ​ក​អ្នក​។

10 កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មនុស្សបាប​ល្បួង​អ្នក កុំ​ព្រម​ឲ្យសោះ​។

11 ប្រសិនបើ​ពួកគេ​និយាយថា​៖ “ចូរ​មក​ជាមួយ​យើង​ចុះ មក៍! យើង​នាំគ្នា​សម្ងំចាំ​បង្ហូរឈាម​គេ ហើយ​ពួនស្ទាក់​មនុស្ស​ឥតទោស​ដោយគ្មានមូលហេតុ​!

12 យើង​នឹង​លេប​ពួកគេ​ទាំង​រស់​ដូច​ស្ថានមនុស្សស្លាប់ គឺ​លេប​ទាំងមូល ដូចជា​អ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​។

13 យើង​នឹង​រកឃើញ​ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ​គ្រប់យ៉ាង ក៏​នឹង​បំពេញ​ផ្ទះ​របស់យើង​ដោយ​ជ័យភណ្ឌ​ផង​។

14 ចូរ​ដាក់​ចំណែក​របស់អ្នក​រួមជាមួយ​យើង​ចុះ យើង​ទាំងអស់គ្នា​នឹង​មាន​ថង់ប្រាក់​តែមួយ​!”

15 កូន​របស់ខ្ញុំ​អើយ កុំ​ដើរ​ជាមួយ​ពួកគេ​ក្នុង​ផ្លូវ​នោះ​ឡើយ ចូរ​ឃាត់ឃាំង​ជើង​អ្នក​ពី​គន្លង​របស់ពួកគេ

16 ដ្បិត​ជើង​ពួកគេ​រត់ទៅ​រក​ការ​អាក្រក់ ហើយ​ពួកគេ​រហ័ស​នឹង​បង្ហូរឈាម​។

17 ជាការពិត ដែល​រាយ​សំណាញ់​នៅមុខ​ភ្នែក​សត្វស្លាប​ណាមួយ ជា​ការឥតប្រយោជន៍​ទេ​។

18 តាមពិត ពួកគេ​សម្ងំចាំ​បង្ហូរឈាម​ខ្លួនឯង ហើយ​ពួនស្ទាក់​ព្រលឹង​របស់ខ្លួនឯង​វិញទេ​។

19 ផ្លូវ​របស់​អស់អ្នក​ដែល​លោភចង់បាន​កម្រៃទុច្ចរិត គឺ​ដូច្នេះ​ឯង វា​ដកយក​ព្រលឹង​របស់​ម្ចាស់​វា​ទៅ​។


ពាក្យស្រែកហៅរបស់ប្រាជ្ញា

20 ប្រាជ្ញា​ស្រែកយ៉ាងខ្លាំង​នៅតាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​របស់នាង​នៅ​កន្លែងសាធារណៈ​។

21 នាង​ស្រែកហៅ​នៅ​ដើមផ្លូវ​អ៊ូអែ ទាំង​ថ្លែង​ពាក្យពេចន៍​នៅ​មាត់ច្រក​ខ្លោងទ្វារ​ទីក្រុង​ថា​៖

22 “ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?

23 ចូរឲ្យ​អ្នករាល់គ្នា​បែរមក​រក​ការស្ដីប្រដៅ​របស់ខ្ញុំ​វិញ នោះ​មើល៍! ខ្ញុំ​នឹង​ចាក់​វិញ្ញាណ​របស់ខ្ញុំ​លើ​អ្នករាល់គ្នា ហើយ​ធ្វើឲ្យ​អ្នករាល់គ្នា​យល់​ពាក្យ​របស់ខ្ញុំ​!

24 ដោយសារ​ខ្ញុំ​បាន​ស្រែកហៅ ប៉ុន្តែ​អ្នករាល់គ្នា​បដិសេធ ខ្ញុំ​បាន​លាត​ដៃ​របស់ខ្ញុំ ប៉ុន្តែ​គ្មានអ្នកណា​យកចិត្តទុកដាក់

25 ដោយសារ​អ្នករាល់គ្នា​ធ្វើព្រងើយ​នឹង​អស់ទាំង​ដំបូន្មាន​របស់ខ្ញុំ ហើយ​មិន​ព្រម​ទទួល​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ

26 ដូច្នេះ ខ្ញុំ​នឹង​សើច​ដែរ ចំពោះ​សេចក្ដីអន្តរាយ​របស់អ្នករាល់គ្នា ខ្ញុំ​នឹង​សើចចំអក​នៅពេល​ការភិតភ័យ​របស់អ្នករាល់គ្នា​មកដល់

27 នៅពេល​ការភិតភ័យ​របស់អ្នករាល់គ្នា​មកដល់​ដូច​ព្យុះ ហើយ​សេចក្ដីអន្តរាយ​របស់អ្នករាល់គ្នា​មកដល់​ដូច​ខ្យល់កួច គឺ​នៅពេល​ទុក្ខវេទនា និង​ទុក្ខព្រួយ​ធ្លាក់មក​លើ​អ្នករាល់គ្នា​។

28 ពេលនោះ ពួកគេ​នឹង​ស្រែកហៅ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឆ្លើយ​ទេ ពួកគេ​នឹង​ខំប្រឹងស្វែងរក​ខ្ញុំ ប៉ុន្តែ​រក​ខ្ញុំ​មិន​ឃើញ​ឡើយ​។

29 នេះគឺដោយសារ​ពួកគេ​បាន​ស្អប់​ចំណេះដឹង ហើយ​មិន​បាន​ជ្រើសរើស​ការកោតខ្លាច​ព្រះយេហូវ៉ា

30 ក៏មិន​ព្រម​ទទួល​ដំបូន្មាន​របស់ខ្ញុំ ហើយ​បាន​មើលងាយ​អស់ទាំង​ពាក្យស្ដីប្រដៅ​របស់ខ្ញុំ​ដែរ

31 ដូច្នេះ ពួកគេ​នឹង​ស៊ី​ផលផ្លែ​ពី​ផ្លូវ​របស់ខ្លួន ហើយ​បាន​ឆ្អែត​ដោយ​ឧបាយកល​របស់ខ្លួន​។

32 ជាការពិត ការបកក្រោយ​របស់​មនុស្សខ្វះចំណេះដឹង​នឹង​ធ្វើឲ្យ​ខ្លួនគេ​ស្លាប់ ហើយ​សេចក្ដីសុខស្រួល​របស់​មនុស្សល្ងង់​នឹង​បំផ្លាញ​ខ្លួនគេ​;

33 រីឯ​អ្នកដែល​ស្ដាប់តាម​ខ្ញុំ នឹង​រស់នៅ​ដោយ​សុខដុមរមនា ហើយ​នៅសុខសាន្ត​ឥតភ័យខ្លាច​មហន្តរាយ​ឡើយ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម