Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ កូរិនថូស 5 - ព្រះគម្ពីរខ្មែរសាកល


សេចក្ដីសង្ឃឹមក្រោយពេលស្លាប់

1 យើង​ដឹង​ហើយ​ថា ទោះបីជា​រោង​ដែលជា​លំនៅ​របស់យើង​នៅផែនដី​ត្រូវបាន​បំផ្លាញ​ក៏ដោយ ក៏​យើង​មាន​វិមាន​មួយ​ដែល​មកពី​ព្រះ ជា​លំនៅ​អស់កល្បជានិច្ច​នៅ​ស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្ស​ទេ​។

2 តាមពិត យើង​តែងតែ​ថ្ងូរ​នៅក្នុង​លំនៅ​នេះ ដោយ​ចង់​ស្លៀកពាក់​លំនៅ​របស់យើង​ពី​ស្ថានសួគ៌​យ៉ាងខ្លាំង​។

3 ប្រសិនបើ​យើង​ពិតជា​ស្លៀកពាក់​មែន នោះ​យើង​មិន​ត្រូវគេ​ឃើញថា​អាក្រាត​ទេ​។

4 ដ្បិត​ពេល​យើង​នៅ​ក្នុង​រោង​នេះ យើង​ថ្ងូរ​ដោយ​រងសម្ពាធ មិនមែន​ដោយសារ​យើង​ចង់​ដោះចេញ​ទេ គឺ​ដោយសារ​ចង់​ស្លៀកពាក់​វិញ ដើម្បីឲ្យ​អ្វី​ដែលរមែងតែងតែស្លាប់​ត្រូវ​ជីវិត​លេប​បាត់ទៅ​។

5 អ្នក​ដែល​រៀបចំ​យើង​សម្រាប់​ការនេះ​គឺ​ព្រះ​; ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​ជា​ថ្លៃកក់​ដល់​យើង​។

6 ដោយហេតុនេះ យើង​ក្លាហាន​ជានិច្ច ទាំង​ដឹង​ថា​ពេល​យើង​ស្ថិតនៅ​ក្នុង​រូបកាយ​នេះ យើង​នៅឆ្ងាយ​ពី​ព្រះអម្ចាស់​——

7 ដ្បិត​យើង​ដើរ​ដោយ​ជំនឿ មិនមែន​ដោយ​ការមើលឃើញ​ទេ​——

8 ដូច្នេះ យើង​ក្លាហាន ហើយ​សុខចិត្ត​ឃ្លាតឆ្ងាយ​ពី​រូបកាយ​នេះ​ទៅ​នៅ​ជាមួយ​ព្រះអម្ចាស់​ប្រសើរជាង​។

9 ដោយហេតុនេះ យើង​កំណត់មហិច្ឆតា​របស់យើង​គឺ​បំពេញព្រះហឫទ័យ​ព្រះអង្គ ទោះបីជា​យើង​នៅក្នុងរូបកាយ​ក្ដី នៅឆ្ងាយ​ពីរូបកាយ​ក្ដី

10 ដ្បិត​យើង​គ្រប់គ្នា​ត្រូវតែ​បង្ហាញខ្លួន​នៅមុខ​បល្ល័ង្កជំនុំជម្រះ​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​ម្នាក់ៗ​បាន​ទទួល​រង្វាន់​តាម​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូបកាយ​នេះ មិនថា​ល្អ​ក្ដី អាក្រក់​ក្ដី​។

11 ហេតុនេះហើយបានជា​យើង​បញ្ចុះបញ្ចូល​គេ ដោយសារ​យើង​ស្គាល់​ការកោតខ្លាច​ព្រះអម្ចាស់​។ យើង​ត្រូវ​ព្រះ​ស្គាល់ច្បាស់​ហើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យើង​ត្រូវបាន​ស្គាល់ច្បាស់​ដល់​សតិសម្បជញ្ញៈ​របស់អ្នករាល់គ្នា​ដែរ​។

12 យើង​មិនមែន​ណែនាំ​ខ្លួនឯង​ឲ្យ​អ្នករាល់គ្នា​ទទួលយក​ទៀត​ទេ គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នករាល់គ្នា​អួត​អំពី​យើង​វិញ ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​តប​នឹង​ពួក​អ្នក​ដែល​អួត​ពី​សំបកក្រៅ មិនមែន​ពី​ក្នុង​ចិត្ត

13 ដ្បិត​ប្រសិនបើ​យើង​វង្វេងស្មារតី នោះគឺ​ដើម្បី​ព្រះ ‍ហើយ​ប្រសិនបើ​យើង​ដឹងស្មារតី នោះគឺ​ដើម្បី​អ្នករាល់គ្នា​។

14 ជាការពិត សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ជំរុញ​យើង ដោយសារ​យើង​បាន​យល់ឃើញ​ដូច្នេះ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដូច្នេះ​មនុស្ស​ទាំងអស់​បាន​ស្លាប់​ហើយ​;

15 ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​មនុស្ស​ទាំងអស់ ដើម្បីកុំឲ្យ​អ្នក​ដែល​នៅរស់ បាន​រស់​សម្រាប់​ខ្លួនឯង​ទៀតឡើយ គឺ​ឲ្យ​រស់​សម្រាប់​ព្រះអង្គ​ដែល​សុគត និង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​សម្រាប់​ពួកគេ​។


ការងារបម្រើនៃការផ្សះផ្សា

16 ដូច្នេះ ចាប់ពីឥឡូវនេះទៅ យើង​មិន​រាប់​អ្នកណា​តាម​របៀប​សាច់ឈាម​ឡើយ​។ ទោះបីជា​យើង​ធ្លាប់​ស្គាល់​ព្រះ​គ្រីស្ទ​តាម​របៀប​សាច់ឈាម​ក៏ដោយ ក៏​ឥឡូវនេះ យើង​លែង​ស្គាល់​ព្រះអង្គ​តាមរបៀបនេះ​ទៀត​ហើយ​។

17 ដោយហេតុនេះ ប្រសិនបើ​អ្នកណា​នៅក្នុង​ព្រះ​គ្រីស្ទ អ្នកនោះ​ជា​អ្វីដែលត្រូវបាននិម្មិតបង្កើត​ជា​ថ្មី​; អ្វីៗ​ដែល​ចាស់​បាន​ផុតទៅ​ហើយ មើល៍! អ្វីៗ​ដែល​ថ្មី​បាន​មកដល់​។

18 ការ​ទាំងអស់​នេះ​បាន​ចេញពី​ព្រះ​ដែល​ផ្សះផ្សា​យើង​នឹង​អង្គទ្រង់​តាមរយៈ​ព្រះ​គ្រីស្ទ ព្រមទាំង​ប្រទាន​ការងារបម្រើ​នៃ​ការផ្សះផ្សា​នេះ​ដល់​យើង​។

19 នេះមានន័យថា ព្រះ​កំពុង​ផ្សះផ្សា​មនុស្សលោក​នឹង​អង្គទ្រង់​នៅក្នុង​ព្រះ​គ្រីស្ទ ដោយ​មិន​ប្រកាន់ទោស​ពួកគេ​អំពី​ការបំពាន​របស់​ពួកគេ ថែមទាំង​ផ្ទុកផ្ដាក់​ព្រះបន្ទូល​នៃ​ការផ្សះផ្សា​នេះ​ដល់​យើង​ទៀតផង​។

20 ដូច្នេះ យើង​ជារាជទូត​របស់​ព្រះ​គ្រីស្ទ ហាក់ដូចជា​ព្រះ​កំពុង​ដាស់តឿន​គេ​តាមរយៈ​យើង ហើយ​យើង​ក៏​អង្វរ​ជំនួស​ព្រះ​គ្រីស្ទ​ថា​៖ “ចូរ​ផ្សះផ្សា​នឹង​ព្រះ​ទៅ​!”។

21 ព្រះ​បាន​ធ្វើឲ្យ​ព្រះអង្គ​ដែល​មិន​ស្គាល់​បាប ទៅជា​តួ​បាប​ជំនួស​យើង ដើម្បីឲ្យ​យើង​បាន​ក្លាយជា​សេចក្ដីសុចរិត​របស់​ព្រះ នៅក្នុង​ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម