Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ ថែស្សាឡូនីច 1 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ ជូនចំពោះ​ក្រុមជំនុំ​អ្នកថែស្សាឡូនីច ដែល​នៅក្នុង​ព្រះដែលជាព្រះបិតា​របស់យើង និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​។

2 សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


រង្វាន់ពីព្រះអម្ចាស់

3 បងប្អូន​អើយ យើង​ត្រូវតែ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះ អំពី​អ្នករាល់គ្នា ដ្បិត​ដែលធ្វើដូច្នេះ​ជា​ការ​ស័ក្ដិសម ពីព្រោះ​ជំនឿ​របស់អ្នករាល់គ្នា​កំពុង​ចម្រើនឡើងយ៉ាងខ្លាំង ហើយ​សេចក្ដីស្រឡាញ់​របស់​អ្នក​ទាំងអស់គ្នា​ម្នាក់ៗ​ចំពោះ​គ្នាទៅវិញទៅមក ក៏​កំពុង​ចម្រើនឡើង​ដែរ​។

4 ដូច្នេះ ខ្លួន​យើង​ផ្ទាល់​អួត​អំពី​អ្នករាល់គ្នា​នៅក្នុង​បណ្ដា​ក្រុមជំនុំ​របស់​ព្រះ ដោយព្រោះ​ការស៊ូទ្រាំ និង​ជំនឿ​របស់អ្នករាល់គ្នា ក្នុង​ការបៀតបៀន​គ្រប់បែបយ៉ាង និង​ទុក្ខវេទនា​ដែល​អ្នករាល់គ្នា‍​កំពុង​ស៊ូទ្រាំ​។

5 ការទាំងអស់នេះ​ជា​ភស្តុតាង​នៃ​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​អាណាចក្រ​របស់​ព្រះ ដែល​អ្នករាល់គ្នា​ក៏​កំពុង​រងទុក្ខ​សម្រាប់​អាណាចក្រនេះឯង​។

6 ដ្បិត​ជា​សេចក្ដីសុចរិតយុត្តិធម៌​សម្រាប់​ព្រះ ដែល​សង​ទុក្ខវេទនា​ដល់​ពួក​ដែល​ធ្វើទុក្ខ​អ្នករាល់គ្នា

7 ហើយ​សង​សេចក្ដីសម្រាក​ដល់​អ្នករាល់គ្នា​ដែល​រងទុក្ខ និង​ដល់​យើង​ដែរ នៅពេល​ព្រះអម្ចាស់​យេស៊ូវ​ត្រូវបាន​សម្ដែងឲ្យឃើញ​ពី​លើមេឃ ជាមួយ​បណ្ដា​ទូតសួគ៌​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ

8 នៅក្នុង​ភ្លើងសន្ធោសន្ធៅ ទាំង​ដាក់ទោសសងសឹក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អ្នក​ដែល​មិន​ស្ដាប់បង្គាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​។

9 ពួកគេ​នឹង​ទទួលទោស គឺ​សេចក្ដីវិនាស​ដ៏អស់កល្បជានិច្ច ដោយឃ្លាតឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ និង​ពី​សិរីរុងរឿង​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ

10 នៅ​ថ្ងៃ​នោះ​ដែល​ព្រះអង្គ​យាង​មក​ដើម្បី​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​ពី​វិសុទ្ធជន​របស់​ព្រះអង្គ និង​ដើម្បី​ត្រូវបាន​ស្ងើច​ពី​អស់អ្នក​ដែល​ជឿ​——​ដ្បិត​ទីបន្ទាល់​របស់យើង​ដល់​អ្នករាល់គ្នា​ត្រូវបាន​ជឿ​ហើយ​។

11 ដោយហេតុនេះ យើង​ក៏​តែងតែ​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ជានិច្ច‍ដែរ ឲ្យ​ព្រះ​នៃយើង​បាន​រាប់ថា​អ្នករាល់គ្នា​ស័ក្ដិសម​នឹង​ការត្រាស់ហៅ​របស់ព្រះអង្គ ហើយ​បាន​បំពេញឲ្យសម្រេច​នូវ​គ្រប់ទាំង​បំណង​ដ៏ល្អ និង​កិច្ចការ​នៃ​ជំនឿ ដោយ​ព្រះចេស្ដា

12 ដើម្បីឲ្យ​ព្រះនាម​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ត្រូវបាន​លើកតម្កើងសិរីរុងរឿង​ដោយសារតែ​អ្នករាល់គ្នា ហើយ​ដោយសារតែ​ព្រះអង្គ អ្នករាល់គ្នា​ក៏​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​ដែរ ស្របតាម​ព្រះគុណ​របស់​ព្រះ​នៃយើង និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម