ព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំព្រះនាមរបស់ព្រះអង្គនៅពេលយប់ ព្រមទាំងកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គផង។
កិច្ចការ 16:25 - ព្រះគម្ពីរខ្មែរសាកល លុះប្រហែលជាកណ្ដាលអធ្រាត្រ ប៉ូល និងស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងសរសើរតម្កើងព្រះ ហើយពួកអ្នកទោសក៏កំពុងស្ដាប់ពួកគេដែរ។ Khmer Christian Bible នៅប្រហែលពាក់កណ្ដាលអធ្រាត្រ កាលលោកប៉ូល និងលោកស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងចម្រៀងសរសើរព្រះជាម្ចាស់ ហើយពួកអ្នកទោសកំពុងតែស្ដាប់ពួកគាត់ដែរនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ លោកប៉ូល និងលោកស៊ីឡាស នាំគ្នាអធិស្ឋាន និងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ អ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល នឹងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ អាល់គីតាប ប្រមាណជាពាក់កណ្ដាលអធ្រាត្រ លោកប៉ូល និងលោកស៊ីឡាស នាំគ្នាទូរអា និងច្រៀងសរសើរតម្កើងអុលឡោះ។ អ្នកទោសឯទៀតៗស្ដាប់អ្នកទាំងពីរ។ |
ព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំព្រះនាមរបស់ព្រះអង្គនៅពេលយប់ ព្រមទាំងកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គផង។
នៅកណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីអរព្រះគុណដល់ព្រះអង្គ សម្រាប់ច្បាប់ដ៏សុចរិតរបស់ព្រះអង្គ។
ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកហៅនៅពេលថ្ងៃ ប៉ុន្តែព្រះអង្គមិនឆ្លើយសោះ ហើយនៅពេលយប់ ក៏ទូលបង្គំគ្មានភាពធូរស្បើយដែរ!
ខ្ញុំនឹងថ្វាយពរព្រះយេហូវ៉ាគ្រប់ពេលវេលា ពាក្យសរសើរតម្កើងព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
នៅពេលថ្ងៃ ព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ; នៅពេលយប់ ចម្រៀងរបស់ព្រះអង្គនៅជាមួយទូលបង្គំ ជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
ទូលបង្គំបានដូចជាប្រផ្នូលដល់មនុស្សជាច្រើន ប៉ុន្តែព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
នៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្វែងរកព្រះអម្ចាស់របស់ខ្ញុំ ដៃរបស់ខ្ញុំលាតចេញនៅពេលយប់ ហើយមិនល្វើយឡើយ ព្រលឹងរបស់ខ្ញុំបដិសេធការសម្រាលទុក្ខ។
ទូលបង្គំនឹកឃើញចម្រៀងរបស់ទូលបង្គំនៅពេលយប់ ទូលបង្គំសញ្ជឹងគិតក្នុងចិត្ត ហើយវិញ្ញាណរបស់ទូលបង្គំស្វែងយល់ថា៖
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
អ្នករាល់គ្នានឹងមានចម្រៀង ដូចនៅយប់ដែលតម្កើងពិធីបុណ្យជាវិសុទ្ធ ក៏មានអំណរនៃចិត្ត ដូចពេលចេញដំណើរដោយមានខ្លុយ ដើម្បីទៅឯភ្នំរបស់ព្រះយេហូវ៉ា គឺទៅឯថ្មដានៃអ៊ីស្រាអែល។
“‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។
ដោយស្ថិតនៅក្នុងភាពឈឺចុកចាប់យ៉ាងខ្លាំង ព្រះយេស៊ូវទ្រង់អធិស្ឋានកាន់តែខ្លាំងទ្បើង ហើយតំណក់ញើសរបស់ព្រះអង្គក៏បានដូចជាតំណក់ឈាមធំៗស្រក់ចុះលើដី។
ពេលនោះ ពួកសាវ័ក ពួកចាស់ទុំ និងក្រុមជំនុំទាំងមូល យល់ឃើញថាគួរតែជ្រើសរើសមនុស្សពីចំណោមពួកគេ ចាត់ឲ្យទៅអាន់ទីយ៉ូកជាមួយប៉ូល និងបារណាបាស។ គេបានចាត់យូដាសដែលហៅថាបារសាបាស និងស៊ីឡាស ពីរនាក់នេះជាអ្នកដឹកនាំក្នុងចំណោមបងប្អូន។
ប៉ុន្តែកាលពួកម្ចាស់របស់នាងឃើញថា អស់សង្ឃឹមនឹងបានចំណូល ពួកគេក៏ចាប់ប៉ូល និងស៊ីឡាស អូសទៅទីប្រជុំជន ទៅនៅមុខអាជ្ញាធរ។
នៅវេលាយប់នោះឯង ឆ្មាំគុកបានយកអ្នកទាំងពីរទៅលាងរបួស ហើយគាត់ និងក្រុមគ្រួសារទាំងអស់របស់គាត់ ក៏ទទួលពិធីជ្រមុជទឹកភ្លាម។
ដូច្នេះ ពួកសាវ័កបានចេញពីក្រុមប្រឹក្សា ទាំងអរសប្បាយដែលពួកគេត្រូវបានចាត់ទុកថាស័ក្ដិសមនឹងទទួលការបង្អាប់បង្អោនដោយព្រោះព្រះនាមរបស់ព្រះអង្គ។
ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងក៏អួតអំពីទុក្ខវេទនា ដោយដឹងថា ទុក្ខវេទនានាំឲ្យមានការស៊ូទ្រាំ
ហាក់ដូចជាព្រួយចិត្ត ប៉ុន្តែអរសប្បាយជានិច្ច; ហាក់ដូចជាក្រីក្រ ប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនមានបរិបូរ; ហាក់ដូចជាគ្មានអ្វីសោះ ប៉ុន្តែមានគ្រប់ទាំងអស់។
ចូរនិយាយគ្នាទៅវិញទៅមកដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង និងសរសើរតម្កើងព្រះអម្ចាស់ក្នុងចិត្តរបស់អ្នករាល់គ្នា។
ប៉ុន្តែទោះបីជាខ្ញុំត្រូវបានច្រូចចេញជាតង្វាយច្រូច លើយញ្ញបូជានិងការបម្រើ នៃជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំអរសប្បាយ ហើយអបអរជាមួយអ្នកទាំងអស់គ្នាដែរ។
ឥឡូវនេះ ខ្ញុំអរសប្បាយក្នុងទុក្ខលំបាកសម្រាប់អ្នករាល់គ្នា ហើយកំពុងបំពេញភាពខ្វះខាតនៃទុក្ខវេទនារបស់ព្រះគ្រីស្ទ មកក្នុងរូបសាច់របស់ខ្ញុំ ដោយយល់ដល់ព្រះកាយរបស់ព្រះគ្រីស្ទ ដែលជាក្រុមជំនុំ។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។
បងប្អូនរបស់ខ្ញុំអើយ កាលណាអ្នករាល់គ្នាជួបប្រទះនឹងការសាកល្បងផ្សេងៗ ចូរចាត់ទុកថាជាអំណរដ៏ប្រសើរបំផុត
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកឬ? ចូរឲ្យអ្នកនោះអធិស្ឋាន។ មានអ្នកណាអរសប្បាយឬ? ចូរឲ្យអ្នកនោះច្រៀងសរសើរតម្កើង។
ប្រសិនបើអ្នករាល់គ្នាត្រូវគេត្មះតិះដៀលដោយព្រោះព្រះនាមរបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាមានពរហើយ ដ្បិតព្រះវិញ្ញាណនៃសិរីរុងរឿង គឺព្រះវិញ្ញាណរបស់ព្រះ សណ្ឋិតលើអ្នករាល់គ្នា។