កិច្ចការ 15 - ព្រះគម្ពីរខ្មែរសាកលការប្រកែកគ្នានៅអាន់ទីយ៉ូក 1 មានអ្នកខ្លះចុះមកពីយូឌា ហើយបង្រៀនបងប្អូនថា៖ “លុះត្រាតែអ្នករាល់គ្នាបានទទួលពិធីកាត់ស្បែកតាមទម្លាប់របស់ម៉ូសេ ពុំនោះទេ អ្នករាល់គ្នាមិនអាចទទួលការសង្គ្រោះបានឡើយ”។ 2 ក្រោយពីប៉ូល និងបារណាបាសមានការប្រកែក និងការដេញដោលគ្នាមិនតិចជាមួយអ្នកទាំងនោះ គេក៏កំណត់ឲ្យប៉ូល និងបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីចំណោមពួកគេឡើងទៅជួបពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិម ដើម្បីនិយាយអំពីបញ្ហានេះ។ 3 ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។ 4 នៅពេលមកដល់យេរូសាឡិម ក្រុមជំនុំ ពួកសាវ័ក និងពួកចាស់ទុំទទួលស្វាគមន៍ពួកគេ ហើយពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ។ 5 ប៉ុន្តែមានអ្នកខ្លះក្នុងគណៈផារិស៊ីដែលបានជឿ ក្រោកឡើងនិយាយថា៖ “ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ពួកគេឲ្យកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេដែរ”។ ការប្រឹក្សានៅយេរូសាឡិម 6 ដូច្នេះ ពួកសាវ័ក និងពួកចាស់ទុំក៏ជួបជុំគ្នាដើម្បីពិចារណារឿងនេះ។ 7 ក្រោយពីមានការដេញដោលគ្នាជាច្រើន ពេត្រុសក៏ក្រោកឡើង និយាយនឹងពួកគេថា៖ “បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា តាំងពីគ្រាដំបូង ព្រះបានជ្រើសរើសពីចំណោមអ្នករាល់គ្នា ឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អតាមរយៈមាត់របស់ខ្ញុំ ហើយបានជឿ។ 8 ព្រះដែលឈ្វេងយល់ចិត្ត បានធ្វើបន្ទាល់ដល់ពួកគេ គឺប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានមកយើងដែរ 9 ទាំងសម្អាតចិត្តរបស់ពួកគេដោយសារតែជំនឿ គឺមិនបានប្រកាន់ថាយើង និងពួកគេខុសគ្នាឡើយ។ 10 ឥឡូវនេះ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះដូច្នេះ ដោយដាក់នឹមលើ កសិស្សទាំងនោះ ជានឹមដែលសូម្បីតែដូនតារបស់យើង និងយើងផ្ទាល់ក៏មិនអាចទ្រាំទ្របានផង? 11 ផ្ទុយទៅវិញ យើងជឿថា យើងបានសង្គ្រោះដោយសារតែព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ហើយសាសន៍ដទៃទាំងនោះក៏ដូចគ្នាដែរ”។ 12 ពេលនោះ អង្គប្រជុំទាំងមូលក៏ស្ងៀមស្ងាត់ទៅ ហើយស្ដាប់បារណាបាស និងប៉ូលរៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យដែលព្រះបានធ្វើតាមរយៈពួកគេនៅក្នុងចំណោមសាសន៍ដទៃ។ 13 ក្រោយពីអ្នកទាំងពីរនិយាយចប់ហើយ យ៉ាកុបតបថា៖ “បងប្អូនអើយ សូមស្ដាប់ខ្ញុំ។ 14 ស៊ីម៉ូនបានរៀបរាប់អំពីរបៀបដែលកាលពីដំបូង ព្រះបានប្រោសប្រណីពួកសាសន៍ដទៃ ហើយជ្រើសរើសប្រជារាស្ត្រមួយពីចំណោមពួកគេ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ 15 រីឯពាក្យរបស់បណ្ដាព្យាការីក៏ស្របនឹងការនេះដែរ ដូចដែលមានសរសេរទុកមកថា: 16 ‘បន្ទាប់ពីការទាំងនេះ យើងនឹងត្រឡប់មក ហើយសង់លំនៅ របស់ដាវីឌ ដែលរលំនោះឡើងវិញ; យើងនឹងសង់កន្លែងដែលបាក់បែកឡើងវិញ ហើយតាំងលំនៅនោះឡើងវិញដែរ 17 ដើម្បីឲ្យមនុស្សដែលនៅសល់ គឺអស់ទាំងសាសន៍ដទៃដែលត្រូវបានហៅតាមនាមរបស់យើង បានស្វែងរកព្រះអម្ចាស់។ 18 ព្រះអម្ចាស់ដែលបានសម្ដែងការទាំងនេះតាំងពីបុរាណមក មានបន្ទូលដូច្នេះ’។ 19 ដូច្នេះ ខ្ញុំយល់ឃើញថា មិនត្រូវនាំអំពល់ទុក្ខដល់អ្នកដែលបែរមករកព្រះវិញ ពីចំណោមសាសន៍ដទៃឡើយ 20 ប៉ុន្តែត្រូវសរសេរទៅពួកគេឲ្យចៀសវាងពីសេចក្ដីសៅហ្មងនៃរូបបដិមាករ ពីអំពើអសីលធម៌ខាងផ្លូវភេទ ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីឈាម។ 21 ដ្បិតតាំងពីសម័យបុរាណមក មានអ្នកដែលប្រកាសអំពីម៉ូសេនៅតាមទីក្រុងនីមួយៗ ហើយគម្ពីររបស់លោកត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទ នៅតាមសាលាប្រជុំដែរ”។ សំបុត្រដល់អ្នកជឿជាសាសន៍ដទៃ 22 ពេលនោះ ពួកសាវ័ក ពួកចាស់ទុំ និងក្រុមជំនុំទាំងមូល យល់ឃើញថាគួរតែជ្រើសរើសមនុស្សពីចំណោមពួកគេ ចាត់ឲ្យទៅអាន់ទីយ៉ូកជាមួយប៉ូល និងបារណាបាស។ គេបានចាត់យូដាសដែលហៅថាបារសាបាស និងស៊ីឡាស ពីរនាក់នេះជាអ្នកដឹកនាំក្នុងចំណោមបងប្អូន។ 23 ពួកគេបានផ្ញើសំបុត្រតាមអ្នកទាំងនោះ ដែលមានសរសេរដូចតទៅ៖ “យើងខ្ញុំពួកសាវ័ក និងពួកចាស់ទុំ ដែលជាបងប្អូន សូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃដែលរស់នៅអាន់ទីយ៉ូក ស៊ីរី និងគីលីគា។ 24 ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះដែលចេញពីចំណោមយើងខ្ញុំ បានធ្វើឲ្យបងប្អូនមានអំពល់ដោយពាក្យសម្ដី បណ្ដាលឲ្យចិត្តបងប្អូនវិលវល់ ទោះបីជាយើងខ្ញុំមិនបានបង្គាប់អ្នកទាំងនោះក៏ដោយ 25 ហេតុនេះហើយបានជាយើងខ្ញុំយល់ឃើញដោយមានចិត្តតែមួយថា គួរតែជ្រើសរើសមនុស្សដើម្បីចាត់ឲ្យទៅឯបងប្អូន ជាមួយបារណាបាស និងប៉ូល ជាទីស្រឡាញ់របស់យើង។ 26 អ្នកទាំងពីរនេះបានលះបង់ជីវិតរបស់ខ្លួនដើម្បីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ 27 ដូច្នេះ យើងខ្ញុំបានចាត់យូដាស និងស៊ីឡាសឲ្យទៅ ហើយពួកគេនឹងជម្រាបសេចក្ដីដូចគ្នាដោយផ្ទាល់មាត់ដែរ។ 28 ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធ និងយើងខ្ញុំបានយល់ឃើញថា មិនគួរដាក់បន្ទុកអ្វីទៀតលើបងប្អូនឡើយ លើកលែងតែសេចក្ដីទាំងនេះដែលត្រូវកាន់តាម 29 គឺឲ្យចៀសវាងពីអាហារដែលសែនដល់រូបបដិមាករ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ។ ប្រសិនបើបងប្អូនរក្សាខ្លួនពីសេចក្ដីទាំងនេះបាន បងប្អូនធ្វើបានប្រសើរហើយ។ សូមជម្រាបលា”។ លទ្ធផលនៃសំបុត្រពីយេរូសាឡិម 30 ដូច្នេះ នៅពេលអ្នកទាំងនោះត្រូវបានចាត់ឲ្យទៅ ពួកគេក៏ចុះទៅអាន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំមក ប្រគល់សំបុត្រនោះដល់ពួកគេ។ 31 កាលបានអានរួចហើយ អង្គប្រជុំក៏អរសប្បាយនឹងការលើកទឹកចិត្តនេះ។ 32 យូដាស និងស៊ីឡាសពួកគេផ្ទាល់ជាអ្នកថ្លែងព្រះបន្ទូលដែរ ពួកគេក៏លើកទឹកចិត្តបងប្អូនដោយពាក្យជាច្រើន ព្រមទាំងពង្រឹងពួកបងប្អូនផង។ 33 ក្រោយពីអ្នកទាំងពីរស្នាក់នៅមួយរយៈ ពួកបងប្អូនក៏ជូនដំណើរពួកគេឲ្យទៅឯពួកអ្នកដែលបានចាត់អ្នកទាំងពីរឲ្យមក ដោយសុខសាន្ត។ 34 ប៉ុន្តែស៊ីឡាសយល់ឃើញថា គួរតែបន្តស្នាក់នៅទីនោះទៀត។ 35 រីឯប៉ូល និងបារណាបាសក៏បន្តស្នាក់នៅអាន់ទីយ៉ូកដែរ ទាំងបង្រៀន និងផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាមួយអ្នកឯទៀតជាច្រើន។ ប៉ូល និងបារណាបាសបែកផ្លូវគ្នា 36 ប៉ុន្មានថ្ងៃក្រោយមក ប៉ូលនិយាយនឹងបារណាបាសថា៖ “មក៍! យើងនាំគ្នាត្រឡប់ទៅសួរសុខទុក្ខពួកបងប្អូននៅតាមទីក្រុងនីមួយៗ ដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីឲ្យដឹងថាពួកគេទៅជាយ៉ាងណាហើយ”។ 37 បារណាបាសចង់យកយ៉ូហានដែលហៅថាម៉ាកុសទៅជាមួយដែរ 38 ប៉ុន្តែប៉ូលគិតថា មិនគួរយកម្នាក់នេះទៅជាមួយទេ ពីព្រោះគាត់បានចាកចោលពួកគេនៅប៉ាមភីលា ហើយមិនបានទៅធ្វើការជាមួយពួកគេឡើយ។ 39 ពេលនោះ មានការប្រកែកគ្នាយ៉ាងខ្លាំងកើតឡើង រហូតដល់អ្នកទាំងពីរបែកផ្លូវគ្នា។ បារណាបាសក៏យកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅស៊ីពរ៍។ 40 រីឯប៉ូលបានជ្រើសរើសស៊ីឡាស ហើយចេញដំណើរទៅ ដោយត្រូវបងប្អូនផ្ទុកផ្ដាក់នឹងព្រះគុណរបស់ព្រះអម្ចាស់។ 41 ប៉ូលនិងស៊ីឡាសបានធ្វើដំណើរឆ្លងកាត់ស៊ីរី និងគីលីគា ទាំងពង្រឹងក្រុមជំនុំនានាផង៕ |