យើងបានតម្រូវទីកន្លែងមួយ ឲ្យពួកអ៊ីស្រាអែលជាប្រជារាស្ត្រយើង ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេដូចកាលពីដើមទេ
អេសាយ 60:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកនៅក្នុងអ្នកនឹងបានជាមនុស្សសុចរិតទាំងអស់ គេនឹងគ្រងបានស្រុកជាមត៌កនៅជាដរាប គេជាមែកដែលយើងបានផ្សាំ ជាការដែលដៃយើងបានធ្វើ ដើម្បីឲ្យយើងបានតម្កើងឡើង។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ អស់ទាំងប្រជាជនរបស់អ្នកនឹងបានសុចរិត ពួកគេនឹងទទួលទឹកដីនេះជាមរតករហូតតទៅ; ពួកគេជាមែកចេញពីការដាំដុះរបស់យើង ជាកិច្ចការនៃដៃរបស់យើង ដើម្បីឲ្យយើងទទួលការលើកតម្កើងសិរីរុងរឿង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកនៅក្នុងឯងនឹងបានជាមនុស្សសុចរិតទាំងអស់ គេនឹងគ្រងបានស្រុកជាមរដកនៅជាដរាប គេជាមែកដែលអញបានផ្សាំ ជាការដែលដៃអញបានធ្វើ ដើម្បីឲ្យអញបានដំកើងឡើង អាល់គីតាប ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។ |
យើងបានតម្រូវទីកន្លែងមួយ ឲ្យពួកអ៊ីស្រាអែលជាប្រជារាស្ត្រយើង ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេដូចកាលពីដើមទេ
រីឯមនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមត៌ក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។
៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ របស់មនុស្សទៀងត្រង់ ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប
ដ្បិតអស់អ្នកដែលទទួលព្រះពរពីព្រះយេហូវ៉ា នឹងទទួលទឹកដីជាមត៌ក តែអស់អ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់ចោល។
គេដូចជាដើមឈើដែលដុះ នៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេលូតលាស់នៅក្នុងទីលានរបស់ព្រះនៃយើង។
ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារបានប្រទានពរដល់គេ ដោយព្រះបន្ទូលថា៖ «ចូរឲ្យសាសន៍អេស៊ីព្ទ ជាប្រជារាស្ត្ររបស់យើង និងសាសន៍អាសស៊ើរ ជាស្នាដៃរបស់យើង ហើយសាសន៍អ៊ីស្រាអែល ជាមត៌ករបស់យើង បានប្រកបដោយពរចុះ»។
យើងបានឮបទចម្រៀងមកពីចុងផែនដីបំផុតថា សិរីសួស្តី ចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំ ខ្ញុំកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកមនុស្សឧបាយ បានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង
តែកាលណាកូនចៅគេបានឃើញការដែលដៃយើង នឹងធ្វើនៅកណ្ដាលពួកគេ នោះគេនឹងរាប់ឈ្មោះយើងជាបរិសុទ្ធ ក៏រាប់ព្រះដ៏បរិសុទ្ធរបស់លោកយ៉ាកុបទុកជាបរិសុទ្ធដែរ ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង។
ជាប្រជារាស្ត្រដែលយើងបានជបសូនសម្រាប់តែខ្លួនយើង ដើម្បីឲ្យគេបានសម្ដែងចេញ ជាសេចក្ដីសរសើររបស់យើងផង។
គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះយើង ជាអ្នកដែលយើងបានបង្កើតមកសម្រាប់សិរីល្អនៃយើង គឺជាអ្នកដែលយើងបានជបសូន និងបានបង្កើតមក។
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ ពួកយ៉ាកុបទាំងអស់ហើយ ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។
ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាព្រះដែលបង្កើតគេមក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «ចូរសួរយើងពីអស់ទាំងការដែលត្រូវមកនៅពេលខាងមុខចុះ តើអ្នកនឹងបង្គាប់យើងពីដំណើរពួកកូនរបស់យើង និងពីកិច្ចការដែលដៃរបស់យើងធ្វើឬ?
សេចក្ដីសុចរិត និងអានុភាព មាននៅក្នុងព្រះយេហូវ៉ាតែមួយទេ មនុស្សទាំងឡាយនឹងមករកព្រះអង្គ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងព្រះអង្គ គេនឹងត្រូវខ្មាសវិញ។
ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា យើងនេះហើយជាយេហូវ៉ា ដែលបានបង្កើតសេចក្ដីនោះឡើង។
ព្រះអង្គបានមានព្រះបន្ទូលមកខ្ញុំថា អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែល ដែលយើងនឹងបានសិរីល្អដោយសារអ្នក។
ចូរមើលទៅលោកអ័ប្រាហាំ ជាបុព្វបុរសអ្នក និងលោកស្រីសារ៉ាដែលបង្កើតអ្នកមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះយើងបានហៅមក ក៏បានឲ្យពរ ហើយបានចម្រើនឲ្យមានគ្នាជាច្រើន។
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់អ្នក ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ ចូរប្រដាប់ដោយសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នកចុះ ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក ឬពួកស្មោកគ្រោកចូលមកក្នុងអ្នកទៀតឡើយ។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។
ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្ដាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរបានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
អ្នករាល់គ្នានឹងបានចំណែកមួយជាពីរ ជំនួសសេចក្ដីខ្មាសរបស់អ្នក ហើយមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ អ្នកនឹងបានពីរចំណែកនៅក្នុងស្រុករបស់អ្នក ហើយមានអំណរនៅអស់កល្បជានិច្ច។
គេនឹងលែងហៅអ្នកថា «ទីក្រុងដែលគេបោះបង់ចោល » ឬ «ស្រុកស្ងាត់ជ្រងំ » ទៀតឡើយ។ គឺគេនឹងហៅអ្នកថា «យើងពេញចិត្តនឹងអ្នកជាខ្លាំង » ហើយស្រុករបស់អ្នកនឹងបានដូចជា «ស្ត្រីមានប្តី » ដ្បិតព្រះយេហូវ៉ាគាប់ព្រះហឫទ័យនឹងអ្នកជាខ្លាំង ហើយស្រុករបស់អ្នកនឹងបានរៀបការ។
ប៉ុន្តែ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តរបស់ព្រះអង្គទាំងអស់គ្នា។
យើងនឹងបង្កើតជំនួរវង្សមួយចេញពីយ៉ាកុប ហើយឲ្យមានពួកមួយចេញពីយូដា ដែលនឹងគ្រងបានស្រុកភ្នំរបស់យើងទុកជាមត៌ក ពួកអ្នករើសតាំងរបស់យើងនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបម្រើរបស់យើងនឹងអាស្រ័យនៅទីនោះ។
ដ្បិតយើងនឹងតាមមើលគេ ឲ្យបានសេចក្ដីល្អ ហើយនឹងនាំគេមកក្នុងស្រុកនេះវិញ យើងនឹងស្អាងគេឡើង មិនរុះវិញឡើយ ក៏ដាំគេចុះ ឥតរំលើងចេញដែរ។
យើងនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្ដីល្អដល់គេ ពិតប្រាកដជាយើងនឹងដាំគេចុះ នៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងយើង។
ហេតុនោះ ចូរប្រាប់ថា "ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រមូលអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំអ្នកពីគ្រប់ទាំងប្រទេស ដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចយើងនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់អ្នករាល់គ្នា"។
យើងនឹងធ្វើឲ្យមានដំណាំមួយយ៉ាងល្បីល្បាញកើតឡើង នោះវារាល់គ្នានឹងមិនត្រូវសាបសូន្យទៅ ដោយអំណត់នៅក្នុងស្រុកឡើយ ក៏មិនត្រូវរងទ្រាំសេចក្ដីខ្មាសនៃអស់ទាំងសាសន៍ទៀតដែរ។
គេនឹងអាស្រ័យនៅក្នុងស្រុកដែលយើងបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើយើង ជាស្រុកដែលបុព្វបុរសរបស់អ្នករាល់គ្នាបានអាស្រ័យនៅដែរ នោះទាំងខ្លួនគេ និងកូនចៅរបស់គេ នឹងនៅជាប់ក្នុងស្រុកនោះជាដរាបតទៅ ហើយដាវីឌជាអ្នកបម្រើយើង នឹងធ្វើជាចៅហ្វាយលើគេ ជារៀងរហូត។
យើងនឹងដាំគេចុះនៅក្នុងស្រុករបស់គេ ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន ដែលយើងឲ្យដល់គេនោះទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់អ្នក»។:៚
ប៉ុន្តែ នៅលើភ្នំស៊ីយ៉ូននឹងមានអស់អ្នកដែលរួចជីវិត ហើយភ្នំនោះនឹងបានបរិសុទ្ធ ឯពូជពង្សយ៉ាកុបនឹងបានកេរអាកររបស់ខ្លួនវិញ។
អស់អ្នកដែលនៅសេសសល់ក្នុងពួកអ៊ីស្រាអែល គេនឹងមិនប្រព្រឹត្តអំពើទុច្ចរិត ឬពោលពាក្យកុហកទៀតឡើយ ក៏នឹងឥតឃើញមានអណ្ដាតឆបោកនៅក្នុងមាត់គេដែរ ដ្បិតគេនឹងរកស៊ី ហើយដេកចុះ ឥតមានអ្នកណាបំភ័យគេឡើយ។
ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់ទាំងរុក្ខជាតិណាដែលព្រះវរបិតារបស់ខ្ញុំនៅស្ថានសួគ៌មិនបានដាំ នឹងត្រូវដកចេញ។
អស់ទាំងមែកណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ ព្រះអង្គកាត់ចោល តែអស់ទាំងមែកណាដែលបង្កើតផលផ្លែ ព្រះអង្គលួសមែកនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង។
ដើម្បីឲ្យយើងខ្ញុំ ដែលបានសង្ឃឹមដល់ព្រះគ្រីស្ទមុនគេ បានសរសើរដល់សិរីល្អរបស់ព្រះអង្គ។
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
ដើម្បីឲ្យព្រះអង្គបានសម្ដែង ឲ្យមនុស្សជំនាន់ខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដោយសេចក្តីសប្បុរសចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូវ។
នៅពេលព្រះអង្គយាងមក ដើម្បីទទួលសិរីល្អក្នុងចំណោមពួកបរិសុទ្ធរបស់ព្រះអង្គ ហើយនៅថ្ងៃនោះ អស់អ្នកដែលជឿនឹងមានចិត្តស្ញប់ស្ញែង ព្រោះអ្នករាល់គ្នាបានជឿទីបន្ទាល់របស់យើង។
ប៉ុន្ដែ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងកំពុងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ។
ប៉ុន្តែ គ្មានអ្វីស្មោកគ្រោក ឬអ្នកណាម្នាក់ដែលប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ឬភូតកុហក អាចចូលទៅក្នុងក្រុងនោះបានឡើយ គឺចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះជាមត៌ក យើងនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។
ព្រះអង្គបានធ្វើឲ្យពួកគេទៅជារាជាណាចក្រមួយ និងជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើង ហើយពួកគេនឹងសោយរាជ្យលើផែនដី»។