Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ទំនាយ​ពីការ​ដាក់​ទោស​ស្រុក​អេស៊ីព្ទ

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​អេស៊ីព្ទ។ មើល៍ ព្រះ‌យេហូវ៉ា​គង់​លើ​ពពក​យ៉ាង​លឿន យាង​មក​ឯ​ស្រុក​អេស៊ីព្ទ អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីព្ទ នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ

2 យើង​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង‌ប្អូន​នឹង​បង‌ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​មួយ​នឹង​ទី​ក្រុង​មួយ​ទៀត ហើយ​នគរ​មួយ​នឹង​នគរ​មួយ​ទៀត​ដែរ។

3 គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​សូន្យ​បាត់​នៅ​កណ្ដាល​គេ ហើយ​យើង​នឹង​បំផ្លាញ​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ នោះ​គេ​នឹង​ទៅ​រក​រូប​ព្រះ គ្រូ​សន្ធាប់ គ្រូ​ខាប និង​ពួក​គ្រូ​គាថា​របស់​គេ

4 យើង​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​ម្ចាស់​មួយ​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នោះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

5 ឯ​ទឹក​ក្នុង​សមុទ្រ នឹង​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​នឹង​ជ្រាប​បាត់​ទៅ​ជា​ហួត‌ហែង​វិញ

6 ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស ដើម​ត្រែង​នឹង​ស្វិត​ក្រៀម។

7 បណ្ដា​វាល​តាម​ទន្លេ ហើយ​នៅ​មាត់​ច្រាំង និង​ស្រែ​ទាំង​ប៉ុន្មាន​ដែល​គេ​សាប‌ព្រោះ​តាម​មាត់​ទន្លេ នឹង​ក្រៀម ហើយ​ផាត់​បាត់​ទៅ។

8 ពួក​អ្នក​នេសាទ​នឹង​ថ្ងូរ​ស្តាយ ឯ​ពួក​អ្នក​ដែល​បោះ​សន្ទូច​ក្នុង​ទន្លេ នឹង​ស្រណោះ‌ស្រណោក ហើយ​ពួក​អ្នក​ដែល​បង់​សំណាញ់​នៅ​លើ​ទឹក នឹង​រីង‌រៃ​ទៅ

9 ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ពួក​ដែល​ត្បាញ​សំពត់​ស នឹង​ត្រូវ​ស្រឡាំង‌កាំង។

10 គោល​ចារឹក​ទាំង​ប៉ុន្មាន​នៃ​ស្រុក​នឹង​ត្រូវ​រលាយ​ខ្ទេច​ទៅ ហើយ​ពួក​ជើង​ឈ្នួល​នឹង​ស្លុត​ចិត្ត។

11 ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល​ទទេ គំនិត​របស់​អ្នក​ប្រឹក្សា​ដែល​ស្រៀវ‌ស្រួច​ជាង​គេ របស់​ផារ៉ោន នោះ​បាន​វង្វេង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ទៅ​ផារ៉ោន​បាន​ថា ទូល‌បង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ

12 ដូច្នេះ តើ​ពួក​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា? ចូរ​ឲ្យ​គេ​ជម្រាប​មក​ទ្រង់​ឥឡូវ ឲ្យ​ទ្រង់​បាន​ជ្រាប ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​សម្រេច​ពី​ដំណើរ​ស្រុក​អេស៊ីព្ទ​ចុះ។

13 ឯ​ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន គេ​បាន​ទៅ​ជា​ល្ងី‌ល្ងើ​ហើយ ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​ណូព គេ​ត្រូវ​បញ្ឆោត ពួក​អ្នក​ដែល​ជា​សសរ​កន្លោង​ក្នុង​ពូជ​អំបូរ បាន​នាំ​ស្រុក​អេស៊ីព្ទ​ឲ្យ​វង្វេង។

14 ព្រះ‌យេហូវ៉ា​បាន​បណ្តោយ​ឲ្យ​មាន​គំនិត​ទទឹង‌ទទែង លាយ​នៅ​ក្នុង​ពួក​គេ ហើយ​គេ​បាន​នាំ​សាសន៍​អេស៊ីព្ទ ឲ្យ​ធ្វើ​ខុស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​គេ ដូច​ជា​មនុស្ស​ស្រវឹង​ស្រា​ដែល​ដើរ​ទ្រេត‌ទ្រោត ក្នុង​កម្អួត​របស់​ខ្លួន។

15 គ្មាន​ការ​អ្វី​សម្រាប់​ឲ្យ​សាសន៍​អេស៊ីព្ទ​អាច​ធ្វើ​បាន​ឡើយ ទោះ​ជា​ក្បាល ឬ​កន្ទុយ ជា​មែក ឬ​ធាង។

16 នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​បាន​ដូច​ជា​ស្ត្រី គេ​នឹង​ញ័រ​រន្ធត់ ហើយ​តក់‌ស្លុត ដោយ​ព្រោះ​ការ​ជន្ល​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ព្រះ‌អង្គ​ជន្ល​ពី​លើ​គេ

17 ហើយ​ស្រុក​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​សាសន៍​អេស៊ីព្ទ អ្នក​ណា​ដែល​ឮ​និយាយ​ពី​ស្រុក​នោះ​នឹង​ភ័យ​ខ្លាច ដោយ​ព្រោះ​គំនិត​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​សម្រេច​ពី​ដំណើរ​ស្រុក​នោះ​ហើយ។


សាសន៍​អេស៊ីព្ទ អាសស៊ើរ និង​អ៊ីស្រា‌អែល​ទទួល​ព្រះ​ពរ

18 នៅ​គ្រា​នោះ នឹង​មាន​ទី​ក្រុង​ប្រាំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដែល​និយាយ​ភាសា​របស់​ស្រុក​កាណាន គេ​នឹង​ស្បថ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែរ ឯ​ទី​ក្រុង​មួយ​នោះ នឹង​បាន​ហៅ​ថា​ក្រុង​ដែល​ត្រូវ​វិនាស។

19 នៅ​គ្រា​នោះ នឹង​មាន​អាស‌នា​មួយ​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ សម្រាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​មួយ សម្រាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា

20 ឯ​បង្គោល​នោះ​នឹង​ជា​ទី​សម្គាល់ ហើយ​ជា​បន្ទាល់​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ហើយ​ព្រះ‌អង្គ​នឹង​ចាត់​ម្នាក់​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​គេ ជា​អ្នក​មាន​សក្តិ​ធំ ដែល​នឹង​ជួយ​ឲ្យ​គេ​រួច​បាន

21 ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​អង្គ​ដល់​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​ស្គាល់ ហើយ​នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា អើ គេ​នឹង​ថ្វាយ​បង្គំ ដោយ​យញ្ញ‌បូជា និង​តង្វាយ ហើយ​គេ​នឹង​បន់​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លា​បំណន់​នោះ​ដែរ

22 ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ស្រុក​អេស៊ីព្ទ គឺ​ទាំង​ប្រហារ ហើយ​មើល​ឲ្យ​ជា​ផង រួច​គេ​នឹង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ព្រះ‌អង្គ​នឹង​ទទួល​ពាក្យ​អង្វរ​របស់​គេ ព្រម​ទាំង​ប្រោស​គេ​ឲ្យ​ជា​ដែរ។

23 នៅ​គ្រា​នោះ នឹង​មាន​ថ្នល់​មួយ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ដល់​ស្រុក​អាស‌ស៊ើរ ឯ​សាសន៍​អាស‌ស៊ើរ គេ​នឹង​មក​ឯ​ស្រុក​អេស៊ីព្ទ ហើយ​សាសន៍​អេស៊ីព្ទ​នឹង​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ​ដែរ ពួក​សាសន៍​អេស៊ីព្ទ​នឹង​ថ្វាយ​បង្គំ​ជា‌មួយ​ពួក​សាសន៍​អាស‌ស៊ើរ។

24 នៅ​គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​ជា​សាសន៍​ទី​បី​រួម​សម្ពន្ធ​ជា‌មួយ​សាសន៍​អេស៊ីព្ទ និង​សាសន៍​អាស‌ស៊ើរ ជា​ទី​បញ្ចេញ​ពរ​នៅ​កណ្ដាល​ផែនដី

25 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​ប្រទាន​ពរ​ដល់​គេ ដោយ​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​សាសន៍​អេស៊ីព្ទ ជា​ប្រជា‌រាស្ត្រ​របស់​យើង និង​សាសន៍​អាស‌ស៊ើរ ជា​ស្នាដៃ​របស់​យើង ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​មត៌ក​របស់​យើង បាន​ប្រកប​ដោយ​ពរ​ចុះ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម