Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេម៉ុស 9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ហិន​វិនាស​របស់​អ៊ីស្រា‌អែល

1 ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​ឈរ​ក្បែរ អាសនា ហើយ​ព្រះ‌អង្គមាន​ព្រះ​បន្ទូល​ថា៖ «ចូរ​វាយ​ក្បាល​សសរ​ឲ្យ​កក្រើក រហូត​ដល់​ជើង​សសរ ហើយ​បំបែក​នៅ​លើ​ក្បាល​របស់​មនុស្ស​ទាំង​អស់ រួច​អស់​អ្នក​ដែល​សល់ យើង​នឹង​ប្រហារ​ដោយ​ដាវ គ្មាន​អ្នក​ណា​ម្នាក់​អាច​រត់​ចេញ គ្មាន​អ្នក​ណា​ម្នាក់​អាច​គេច​ផុត​បាន​ឡើយ។

2 ទោះ​បើ​គេ​ជីក​ទម្លុះ​ទៅ​ដល់ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​ដោយ ក៏​ដៃ​របស់​យើង​នឹង​អូស​គេ​ចេញ​ពី​ទី​នោះ​មក​វិញ ហើយ​ទោះ​បើ​គេ​ប្រឹង​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌ ក៏​យើង​នឹង​ទាញ​គេ​ទម្លាក់​ចុះ​ពី​នោះ​វិញ​ដែរ។

3 ទោះ​បើ​គេ​ពួន​ខ្លួន​នៅ​លើ​កំពូល​ភ្នំ​កើមែល​ក៏​ដោយ ក៏​យើង​នឹង​រក​គេ ហើយ​យក​គេ​ចេញ​ពី​ទី​នោះ ទោះ​បើ​គេ​លាក់​ខ្លួន​ពី​ភ្នែក​របស់​យើង នៅ​ទី​បាតាល​នៃ​សមុទ្រ​ក៏​ដោយ ក៏​យើង​នឹងបញ្ជាដល់​នាគ ហើយ​វា​នឹង​ខាំ​គេ​នៅ​ទី​នោះ។

4 ទោះ​បើ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​នៅ​ពី​មុខ​ខ្មាំង​សត្រូវ ក៏​យើង​នឹង​បង្គាប់​ដល់​ដាវ ហើយ​ដាវ​នឹង​សម្លាប់​គេ​នៅ​ទី​នោះ យើង​នឹង​ផ្តោត​ភ្នែក​ទៅ​រក​គេ​ឲ្យ​មាន​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ»។

5 ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​ជា​ព្រះ​ដែល​ពាល់​ផែនដី នោះ​ផែនដី​ក៏​រលាយ​ទៅ ហើយ​អស់​អ្នក​ដែល​អា‌ស្រ័យ​នៅ​ផែន​ដី​ទាំង​ប៉ុន្មាន ក៏​សោក‌សៅ ឯ​ស្រុក​ទាំង​មូល​នឹង​ឡើង​ដូច​ជា​ទន្លេ​ធំ រួច​ស្រក​ទៅ​វិញ​ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ

6 ព្រះ‌អង្គ​ដែល​សង់​ព្រះ​ដំណាក់​ដ៏​ខ្ពស់ របស់​ព្រះ‌អង្គ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​តាំង​លំហ​អាកាស​នៅ​ពី​លើ​ផែនដី ព្រះ‌អង្គ​ហៅ​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ រួច​ចាក់​មក​លើ​ផែនដី​វិញ ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌យេហូវ៉ា។

7 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​កូន​ចៅ​អ៊ីស្រា‌អែល​អើយ តើ​អ្នក​រាល់​គ្នា​មិន​មែន​ដូច​ជា​កូន​ចៅ របស់​សាសន៍​អេធី‌យ៉ូពី ដល់​យើង​ទេ​ឬ? តើ​មិន​មែន​យើង​ដែល​នាំ​អ៊ីស្រា‌អែល ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពួក​ភីលី‌ស្ទីនចេញ​ពី​ស្រុក​កាប់ថោរ ហើយ​ពួក​ស៊ីរី​ពី​ស្រុក​គារ​ទេ​ឬ?

8 មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា ទត​មើល​នគរ​ដែល​មាន​បាប​នេះ ហើយ​យើង​នឹង​បំផ្លាញ​ឲ្យ​សូន្យ​បាត់​ពី​ផែនដី ប៉ុន្ដែ យើង​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​យ៉ាកុប អស់​ទាំង​ស្រុង​ទេ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។

9 ដ្បិត​មើល៍ យើង​នឹង​បញ្ជា ហើយ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ក្នុង​ចំណោម អស់​ទាំង​សាសន៍ ដូច​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង តែ​ឥត​មាន​គ្រាប់​ណា​មួយ​ធ្លាក់​ដល់​ដី​ឡើយ។

10 អស់​អ្នក​មាន​បាប​ក្នុង​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ពោល​ថា ការ​អាក្រក់​នឹង​តាម​យើង​មិន​ទាន់ ឬ​ប្រទះ​នឹង​យើង​ឡើយ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ»។


ការ​តាំង​រាជ្យ​របស់ព្រះ​បាទ​ដាវីឌ​ឡើង​វិញ

11 «នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ទី​លំ‌នៅ​របស់​ដាវីឌ ដែល​ដួល​រលំ​នោះ​ឡើង​វិញ ហើយ​ជួស​ជុល​កន្លែង​ធ្លុះ​ធ្លាយ​ឲ្យ​ជិត យើង​នឹង​លើកកន្លែង​ខូច​បង់​ឡើង ហើយ​សង់​ឡើង​ឲ្យ​បាន​ដូច​ដើម

12 ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ជា​ម្ចាស់​លើ​សំណល់ នៃ​សាសន៍​អេដុម និង​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​ធ្វើ​ការ​ទាំង​នេះ»។

13 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ គ្រា​នោះជិត​មកដល់​ហើយ ដែល​អ្នក​ភ្ជួរ​រាស់​នឹង​តាម​ទាន់​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​តាម​ទាន់​អ្នក​ដែល​សាប‌ព្រោះ​ពូជ ភ្នំ​ធំៗ​នឹង​ស្រក់​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​អស់​ទាំង​ភ្នំ​តូចៗ​ក៏​នឹង​ហូរ​ដែរ។

14 យើង​នឹង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ គេ​នឹង​សង់​ទី​ក្រុង​ដែល​ខូច‌បង់​ទាំង​ប៉ុន្មាន​ឡើង​វិញ ដើម្បី​រស់​នៅ គេ​នឹង​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ផឹក​ស្រា​ពី​ផល​ទំពាំង‌បាយជូរ​នោះ គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ​ផល​ពី​ចម្ការ​នោះ​ដែរ។

15 យើង​នឹង​ដាំ​គេ​ចុះនៅ​ក្នុង​ស្រុក​របស់​គេ ហើយ​គេ​មិន​ត្រូវ​រលើង​ចេញ​ពី​ស្រុក​របស់​ខ្លួន ដែល​យើង​ឲ្យ​ដល់​គេ​នោះ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក»។:៚

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម