Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អូបាឌា 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


អំនួត​របស់​អេដុមនឹង​ត្រូវ​បំបាក់

1 នេះ​ជា​និមិត្ត​របស់​ហោរា​អូបាឌា។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សាសន៍​អេដុម​ដូច្នេះ​ថា៖ ពួក​យើង​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​ចាត់អ្នក​នាំ​ពាក្យម្នាក់ ឲ្យ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ​ថា ចូរ​ក្រោក​ឡើង! ចូរ​យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​គេ!

2 មើល៍ យើងនឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជានគរ​មួយ​តូច​ជាង​គេ ក្នុង​ចំណោម​នគរ​ទាំង​ប៉ុន្មាន គេ​នឹង​មើល‌ងាយ​អ្នក​យ៉ាង​ខ្លាំង។

3 ចិត្ត​អំនួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម ហើយ​មាន​ទី​លំនៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​ដល់​ដី​បាន?"

4 ទោះ​បើ​អ្នក​ហើរ​ឡើង​ទៅ​យ៉ាង​ខ្ពស់ ដូច​ឥន្ទ្រី ហើយ​ធ្វើ​សម្បុក​នៅ​កណ្ដាល​អស់​ទាំង​ផ្កាយ​ក៏​ដោយ ក៏យើង​នឹង​ទាញ​ទម្លាក់​ពី​ទី​នោះ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ការតប​ស្នង​នឹង​ភាពសាហាវ​ព្រៃ‌ផ្សៃ​របស់​អេដុម ដោយ​អំពើ​ចោរ​កម្ម និង​ការ​សម្លាប់​រង្គាល

5 បើ​មានពួក​ចោរ​មក​លួច​អ្នក បើ​ពួក​ចោរ​ប្លន់​ចូល​មក​នៅ​ពេល​យប់ ម៉្លេះ​សម​អ្នក​នឹង​ត្រូវ​អន្តរាយ​យ៉ាង​ណា​ទៅ! តើ​គេ​មិន​ត្រឹម​តែ​លួច​ឲ្យ​ល្មម​តែ​អ្វី​ដែល​គេ​ចង់​បាន​ទេ​ឬ? ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​បាន​មក​ធ្វើ​ការ​ឲ្យ​អ្នក តើ​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​បាន​បេះ​តាម​ក្រោយ​ទេ​ឬ?

6 អេសាវ​ត្រូវ​គេ​គាស់​កកាយ​យ៉ាង​ណា​ហ្ន៎ កំណប់​ទ្រព្យ​របស់​អ្នក​ត្រូវ​បាន​គេ​ឆែក​ឆេរ​ក​ហើយ!

7 អស់​ទាំង​សម្ព័ន្ធ​មិត្ត​របស់​អ្នក​បាន​បញ្ឆោត​អ្នក គេ​បាន​បណ្តេញ​អ្នក​រហូត​ដល់​ព្រំ​ដែន មនុស្ស​ដែល​ចង​ស្ពាន​មេត្រី​ជាមួយ​អ្នក បាន​ឈ្នះ​អ្នក អស់​អ្នក​ដែល​បរិ‌ភោគ អាហារ​របស់​អ្នក បាន​ដាក់​អន្ទាក់​ចាប់​អ្នក អ្នក​គ្មាន​ការ​យល់​ដឹង​អ្វី​ឡើយ។

8 នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដុម ហើយអ្នក​ចេះ​ដឹង​ឲ្យ​អស់​ពី​ស្រុក​ភ្នំ​របស់​អេសាវ"។

9 ឱ​ថេម៉ាន​អើយ មនុស្ស​ខ្លាំង​ពូកែ របស់​អ្នក​នឹង​ត្រូវ​ស្រយុត​ចិត្ត ដើម្បី​ឲ្យ​គ្រប់​គ្នា​ត្រូវ​កាត់​ចេញ​ពី​ភ្នំ​របស់​អេសាវ ដោយ​សម្លាប់រង្គាល។


អេដុម​បាន​ធ្វើ​បាប​ប្អូន​របស់​ខ្លួន

10 សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​គ្រប​លើ​អ្នក ហើយ​អ្នក​នឹង​ត្រូវ​កាត់​ចេញ​ជា​រៀង‌រហូត ព្រោះ​តែ​អំពើ​ឃោរ​ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្ត ចំពោះ​យ៉ាកុប ជា​‌ប្អូន​របស់​អ្នក។

11 នៅ​ថ្ងៃ​ដែល​អ្នក​បាន​ឈរ​មើល នៅ​ថ្ងៃ​ដែល​ពួក​ប្រទេសក្រៅ​បាន​ចាប់​យក ទ្រព្យ​សម្បត្តិ​របស់​គេ​ទៅ ហើយ​ពួក​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ រួច​ចាប់​ឆ្នោត​យក​ក្រុង​យេរូ‌សាឡិម នោះ​អ្នក​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ។

12 ប៉ុន្តែ អ្នក​មិន​គួរ​ឈរ​មើល​‌ប្អូន​របស់​អ្នក ទាំង​ត្រេក​អរ នៅ​ថ្ងៃ​ដែល​គេ​ជួបទុក្ខ​វេទនា​ឡើយ ក៏​មិន​គួរ​មាន​ចិត្ត​រីក‌រាយ​នឹង​ប្រជា‌ជន​យូដា នៅ​ថ្ងៃ​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ដែរ អ្នក​មិន​គួរ​អួត​ខ្លួន​នៅ​ថ្ងៃ​ដែល​គេ​មាន​ទុក្ខ​លំបាក​ឡើយ។

13 នៅ​ថ្ងៃ​ដែល​ប្រជា‌រាស្ត្រ​របស់​យើង​ជួប​មហន្តរាយ អ្នក​មិន​គួរ​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ​ទេ។ នៅ​ថ្ងៃ​ដែល​យូដា​ជួប​មហ​ន្តរាយ អ្នក​មិន​គួរ​នាំ​គ្នា​ឈរ​មើល​ទាំង​ត្រេក​អរ នឹង​គេ​រង​ទុក្ខ​ឡើយ។ នៅ​ថ្ងៃ​ដែល​គេ​ជួប​មហន្តរាយ អ្នក​មិន​គួរ​ឆ្លៀត​លួច​យក​ព្រទ្យ‌សម្បត្តិ របស់​គេ​ដូច្នេះ​សោះ។

14 អ្នក​មិន​គួរ​ឈរ​ស្កាត់​នៅ​ត្រង់​ផ្លូវ​បំបែក ដើម្បី​សម្លាប់​អ្នក​ដែល​រត់​គេច​ខ្លួន ក៏​មិន​គួរ​ប្រគល់​អ្នក​ដែល​នៅ​មាន​ជីវិត​រស់ ក្នុង​ថ្ងៃ​ទុក្ខ​លំបាក​ឡើយ។

15 ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិត​បង្កើយ ទាស់​នឹង​អស់​ទាំង​សាសន៍ អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ណា ព្រះក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​យ៉ាង​នោះ​ដែរ អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត នោះ​នឹង​ធ្លាក់​មក​លើ​ក្បាល​អ្នក​វិញ។

16 ដ្បិត​ដែល​អ្នក​បាន​ផឹក​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ជា​យ៉ាង​ណា អស់​ទាំង​សាសន៍​នៅ​ជុំ​វិញ​អ្នក​ក៏​នឹង​ផឹក​យ៉ាង​នោះ​ដែរ គេ​នឹង​ផឹក ហើយ​គេ​នឹង​លេប​ចូល​ទៅ រួច​គេ​នឹងបាន​ដូច​ជា​សាសន៍​ដែល​មិន​ធ្លាប់​មាន។


ជ័យ​ជម្នះ​ចុង​ក្រោយ​របស់​អ៊ីស្រា‌អែល

17 ប៉ុន្តែ នៅលើ​ភ្នំ​ស៊ីយ៉ូន​នឹង​មាន​អស់​អ្នក​ដែល​រួច​ជីវិត ហើយ​ភ្នំ​នោះ​នឹង​បាន​បរិសុទ្ធ ឯ​ពូជ​ពង្ស​យ៉ាកុប​នឹង​បាន​កេរ‌អាករ​របស់​ខ្លួន​វិញ។

18 ពូជ​ពង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើង ឯពូជ​ពង្ស​យ៉ូសែប​ជា​អណ្ដាត​ភ្លើង ចំណែក​ពូជ​ពង្ស​អេសាវ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ហើយ​ភ្លើង​នោះ​នឹងឆាប​ឆេះ​គេ រួច​បន្សុស​គេ​អស់​ទៅ គ្មាន​អ្នកណា​សល់​នៅ​ក្នុង​ពូជ​ពង្ស​អេសាវ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ាមាន​ព្រះ​បន្ទូល​ហើយ។

19 អស់​អ្នក​នៅ​តំបន់​ណេកិប​នឹង​កាន់​កាប់​ភ្នំ​របស់​អេសាវ ឯ​អស់​អ្នក​នៅ​ស្រុក​ទំនាប នឹង​កាន់​កាប់ស្រុក​របស់​ពួក​ភីលី‌ស្ទីន គេ​នឹង​កាន់​កាប់​ស្រុក​វាល​របស់​អេប្រាអិម និង​ស្រុក​របស់​សាម៉ារី ហើយ​បេនយ៉ាមីន​នឹង​កាន់​កាប់​ស្រុក​កាឡាត។

20 ពល‌ទ័ព​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ នឹង​កាន់​កាប់​ស្រុក​របស់​ពួក​កាណាន រហូត​ដល់​ក្រុង​សារិបតា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម ដែល​ជាប់​ជា​ឈ្លើយ​នៅ​សេផារ៉ាឌ នឹង​កាន់​កាប់​ក្រុង​នានា​នៅ​តំបន់​ណេកិប។

21 អស់​អ្នក​ដែល​បាន​សង្គ្រោះ​នឹង​ឡើង​មក​ភ្នំ​ស៊ីយ៉ូន ដើម្បី​គ្រប់​គ្រង​ភ្នំ​របស់​អេសាវ ហើយ​រាជ្យ​នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា។:៚

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម