Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 65 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ជំនុំជម្រះ​ដ៏​សុចរិត​របស់​ព្រះ‌អម្ចាស់

1 យើង​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​យើង ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​យើង នោះ​យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ យើង​បាន​និយាយទៅ​សាសន៍​មួយ ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​យើង​ថា "មើល៍ យើង​នៅ​នេះ​ហើយ"។

2 រាល់​ថ្ងៃ​យើង​បាន​ហុច​ដៃ​ទៅ​ចង់​ទទួល​ពួក​អ្នក​បះ‌បោរ ជា​ពួក​អ្នក​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​មិន​ល្អ តាម​តែ​គំនិត​របស់​ខ្លួន​គេ

3 ជន​ជាតិ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង​នៅ​ចំពោះ​មុខ​ជា‌និច្ច ដោយ​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​សួន‌ច្បារ ហើយ​ដុត​កំញាន​នៅ​លើ​អាស‌នា​ធ្វើ​ពី​ឥដ្ឋ

4 គេ​អង្គុយ​នៅក្នុង​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សម្ល​គួរ​ខ្ពើម​នៅ​ក្នុង​ឆ្នាំង​របស់​គេ

5 ក៏​ពោល​ថា "ចូរ​ឈរ​នៅ​ទី​នោះ​ដោយ​ខ្លួន​ទៅ កុំ​មក​ជិត​យើង​ឡើយ ដ្បិត​យើង​បរិសុទ្ធ​ជាង​អ្នក" ពួក​យ៉ាង​នោះ​ជា​ផ្សែង​នៅ​ក្នុង​រន្ធ​ច្រមុះ​យើង គឺ​ជា​ភ្លើង​ដែល​ឆេះ​ជា‌និច្ច។

6 មើល៍! អំពើ​ទាំង​នោះ​បាន​កត់​ទុក​នៅ​ចំពោះ​យើង​ហើយ យើង​មិន​ព្រម​នៅ​ស្ងៀម​ឡើយ យើង​នឹង​សង​ដល់​គេ យើង​នឹង​ដាក់​សំណង​នោះ​នៅ​លើ​ដើម​ទ្រូង​របស់​គេ

7 ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​អ្នក​ដែរ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ភ្នំ​ធំ ហើយ​បាន​ប្រមាថ​យើង​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន ដូច្នេះ យើង​នឹង​វាល់​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ពី​ដើម​ទាំង​នោះ ដាក់​នៅ​ដើម​ទ្រូង​គេ​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

8 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ មួយ​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​វា ដ្បិត​ជា​ផ្លែ​មាន​ពរ គឺ​យ៉ាង​នោះ​ដែល​យើង​ប្រព្រឹត្ត​ចំពោះ ពួក​អ្នក​បម្រើ​របស់​យើង​ទាំង​ប៉ុន្មាន ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ។

9 យើង​នឹង​បង្កើត​ជំនួរ​វង្ស​មួយចេញ​ពី​យ៉ាកុប ហើយ​ឲ្យ​មាន​ពួក​មួយ​ចេញ​ពី​យូដា ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​យើង​ទុក​ជា​មត៌ក ពួក​អ្នក​រើស​តាំង​របស់​យើង​នឹង​ទទួល​បាន​ស្រុក​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​យើង​នឹង​អាស្រ័យ​នៅ​ទីនោះ។

10 វាល​សារ៉ុន​នឹង​ក្លាយ​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ហើយ​ច្រក​ភ្នំ​អាកោរ​ជា​កន្លែង​ហ្វូង​គោ​ដេក សម្រាប់​ពួក​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​បាន​ស្វែង​រក​យើង។

11 ប៉ុន្តែ អ្នក​រាល់​គ្នា​ដែល​បោះ‌បង់​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​យើង ហើយ​ក៏​រៀប​អាស‌នា​មួយ​ថ្វាយ​ដល់​ព្រះ​មាន​លាភ ព្រម​ទាំង​ចាក់​ស្រា​ពេញ​ពែងថ្វាយ​ដល់​ព្រះ​វាសនា

12 យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​វាសនា​ជា​ដាវ​វិញ ហើយ​អ្នក​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឱន​ចុះ ឲ្យ​គេ​កាប់​សម្លាប់ ព្រោះ​ពេល​យើង​ហៅ អ្នក​រាល់​គ្នា​មិន​បាន​ឆ្លើយ​សោះ ហើយពេល​យើង​និយាយ អ្នក​រាល់​គ្នា​មិន​បាន​ឮ​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​យើង ហើយ​បាន​រើស​យក​របស់​ដែល​យើង​មិន​ចូល​ចិត្ត​វិញ។

13 ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​អ្នក​បម្រើ​យើង​នឹង​បាន​ស៊ី តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន ពួក​អ្នក​បម្រើ​យើង​នឹង​បាន​ផឹក តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្រេក ពួក​អ្នក​បម្រើ​យើង​នឹង​អរ​សប្បាយ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស

14 ពួក​អ្នក​បម្រើ​យើង​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​អ្នក​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ។

15 អ្នក​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​អ្នក ទុក​ជា​ទី​ផ្ដាសា​ដល់​ពួក​រើស​តាំង​របស់​យើង ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​សម្លាប់​អ្នក ព្រះ‌អង្គ​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត ឲ្យ​ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

16 ពេល​នោះ អ្នក​ណា​នៅ​ផែនដី ដែល​ចង់​បាន​ពរ នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ ពី​ព្រោះ​សេចក្ដី​វេទនា​ពី​មុន​បាន​ភ្លេច​ទៅ​ហើយ ក៏​បាន​បាំង​ពី​ភ្នែក​យើង​ដែរ។


ផ្ទៃ​មេឃ​ថ្មី និងផែនដី​ថ្មី

17 ដ្បិត​មើល៍ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ផែនដី​ថ្មី ឯ​របស់​ពី​មុន នោះ​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។

18 ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​មាន​អំណរ ហើយ​រីក‌រាយ​ជា​ដរាប​ចំពោះ​ការ​ដែល​យើង​បង្កើត​នោះ ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជាជន​ទាំង‌ឡាយ​ជា​អំណរ។

19 យើង​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡិម និង​អំណរ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​យើង រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ និង​សម្រែក​ទៀត។

20 ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ ឲ្យ​ពេញ​កំណត់​អាយុ​ទៀត​ដែរ ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​មួយរយ​ឆ្នាំ នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ ហើយ​មនុស្ស​បាប​ណា​ដែល​រស់​ដល់​ត្រឹម​មួយរយ​ឆ្នាំ នោះ​នឹង​ត្រូវ​បណ្ដាសា​វិញ។

21 គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ ក៏​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​បរិ‌ភោគ​ផល​ដែរ។

22 គេ​មិន​សង់​ដើម្បី​ម្នាក់​ទៀត​អាស្រ័យ​នៅ​ទេ ឬ​ដាំ​សម្រាប់​ម្នាក់​ទៀត​បរិ‌ភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​ប្រជា‌រាស្ត្រ​របស់​យើង នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​យើង នឹង​ប្រើ‌ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន‌យូរ។

23 គេ​ខំ​ធ្វើការ​មិន​មែន​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​មក​នោះ​ដែរ។

24 មុន​ដែល​គេ​អំពាវ‌នាវ នោះ​យើង​តប​ឆ្លើយហើយ កាល​គេ​កំពុង​តែ​ចេញ​សម្ដី​នៅ​ឡើយ នោះ​យើង​ក៏​ស្តាប់​ដែរ។

25 ឆ្កែ​ព្រៃ និង​កូន​ចៀម​រក​ស៊ី​ជា‌មួយ​គ្នា សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់ នឹង​មាន​ធូលី​ដី​ជា​អាហារ សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម