Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ‌ប្រទាន​ពរដល់អ៊ីស្រាអែល

1 ប៉ុន្តែ ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង ហើយ​ពួក​អ៊ីស្រា‌អែល ដែល​យើង​បាន​ជ្រើស‌រើស​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ

2 ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​បាន​បង្កើត​អ្នក​មក ហើយ​បាន​ជប‌សូន​អ្នក​ចាប់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ គឺ​ជា​អ្នក​ដែល​នឹង​ជួយ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឱ​ពួក​យ៉ាកុប ជា​អ្នក​បម្រើយើង ហើយ​យេស៊ូរុន​ដែល​យើង​បាន​រើស​អើយ កុំ​ខ្លាច​ឡើយ។

3 ដ្បិត​យើង​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួត‌ហែង យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពូជ‌ពង្ស​របស់​អ្នក និង​ពរ​របស់​យើង​ទៅ​លើកូន​ចៅ​របស់​អ្នក។

4 នោះ​គេ​នឹង​ពន្លក​ឡើង​នៅ​ក្នុង​ស្មៅ ដូច​ជា​ដើម​ចាក​តាម​មាត់​ទឹក។

5 ពេល​នោះ នឹង​មាន​ម្នាក់ពោល​ថា ខ្ញុំ​នេះ​ជា​របស់​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​ទៀត​នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រា‌អែល​ជា​នាម​ត្រកូល​របស់​ខ្លួន។

6 ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។

7 តើ​មាន​អ្នក​ណា​ដូច​យើង? ចូរ​ឲ្យ​គេ​ប្រកាស​ខ្លួន​មក។ ចូរ​ឲ្យ​គេ​ប្រកាស ហើយ​បង្ហាញ​ភស្តុ‌តាង​នៅ​មុខ​យើង​មក។ តើ​អ្នក​ណា​បាន​ប្រកាស​តាំង​តែ​ពីដើម ពី​អ្វី​ៗ​ដែល​ត្រូវ​កើត​ឡើង? ចូរ​ឲ្យ​គេ​រៀប​រាប់​ប្រាប់​យើង ពី​ហេតុការណ៍​ដែល​នឹង​ត្រូវ​កើត​ទៅ​មុខ​ទៀត ជា​យ៉ាង​ណា​ចុះ។

8 កុំ​ភ័យ​ឡើយ ក៏​កុំ​ខ្លាច​ដែរ តើ​យើង​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​អ្នក​តាំង​តែ​ពី​ដើម​មក​ទេ​ឬ? គឺអ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង តើ​មាន​ព្រះ​ណា​ក្រៅ​ពី​យើង​ឬ​ទេ? គ្មាន​ថ្មដា​ណា​ផ្សេង​ទៀត​ឡើយ យើង​មិន​ស្គាល់​មួយ​សោះ។


អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ

9 ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា។ ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខ្មាស។

10 តើ​អ្នក​ណា​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ?

11 មើល៍ ពួក​អ្នក​ដែល​គោរព​តាម នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។

12 ជាង​ដែក​ធ្វើ​ពូថៅ​មួយ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កម្លាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កម្លាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ។

13 ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លម្អ​របស់​មនុស្ស ដើម្បី​តាំង​នៅ​ក្នុង​ផ្ទះ។

14 គាត់​កាប់​ដើម​តា‌ត្រៅ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា និង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង។

15 ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​មនុស្ស​សម្រាប់​ធ្វើ​ឧស​ដុត គេ​ក៏​យក​ខ្លះ​មក​ដុត​អាំង ក៏​យក​ខ្លះ​បង្កាត់​ភ្លើង​ដុត​នំបុ័ង ហើយក៏​ធ្វើ​ព្រះ​មួយ​ឡើង រួច​ក្រាប​ថ្វាយ​បង្គំ គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប ហើយ​ក្រាប​ចុះ​គោរព​ដល់​រូប​នោះ។

16 ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត។ គាត់​កម្ដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា "អៃយ៉ា កក់ក្តៅ​ស្រួល​ណាស់ ពេល​ខ្ញុំ​អាំង​ភ្លើង"។

17 ឯ​ឈើ​ដែល​សល់ គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សម្រាប់​ក្រាប​ចុះ​ថ្វាយ​បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ ដោយ​ពាក្យ​ថា "សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ"។

18 ពួក​នោះ​មិន​ដឹង​ទេ ក៏​មិន​យល់​សោះ ដ្បិត​ភ្នែក​គេ​ត្រូវ​បាំង​មិន​ឲ្យ​មើល​ឃើញ ហើយ​ចិត្ត​គេ​ក៏​មិន​ឲ្យ​យល់​បាន។

19 គ្មាន​អ្នក​ណា​មួយ​នឹក​ឃើញ គេ​ឥត​មាន​តម្រិះ ឬ​យោបល់​នឹក​ថា ខ្លះ​បាន​យក​ទៅ​ដុត​ហើយ​ខ្លះ​ប្រើ​យក​រងើក​ដុត​ធ្វើ​នំបុ័ង យើង​បាន​អាំង​សាច់​ស៊ី​ផង។ ឈើ​ដែលនៅ​សល់ តើ​នឹង​យក​ទៅ​ធ្វើ​ជា​របស់​គួរ​ស្អប់​ខ្ពើម​ឬ? តើ​គួរ​ឲ្យ​យើង​ក្រាប​ចុះ​ចំពោះ​ដុំ​ឈើ​ឬ​ទេ?

20 អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​នោះ​ឡើយ។


អ៊ីស្រាអែល​មិនត្រូវ​ភ្លេច

21 ឱ​ពួក​យ៉ាកុប និង​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​សូន​បង្កើត​អ្នក ដូច្នេះ អ្នក​ជា​អ្នក​បម្រើ​របស់​យើង ឱ​ពួក​អ៊ីស្រា‌អែល​អើយ យើង​មិន​ភ្លេច​អ្នក​ឡើយ។

22 យើង​បាន​លុប​អំពើ​រំលង​របស់​អ្នក​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​អ្នក​ដូច​ជា​ពពក​ផង ចូរ​វិល​មក​ឯ​យើង​វិញ ពី​ព្រោះ​យើង​បាន​លោះ​អ្នក​ហើយ។

23 ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ការ​ហើយ ឱ​ផែនដី​ដ៏ទាប​អើយ ចូរ​ស្រែក​ឡើង ឱ​ភ្នំ​ទាំង‌ឡាយ ឱ​ព្រៃ និង​អស់​ទាំង​ដើម​ឈើ​ក្នុង​ព្រៃ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោះ ពួក​យ៉ាកុប​ទាំង​អស់​ហើយ ព្រះ‌អង្គ​នឹង​តម្កើង​អង្គ​ទ្រង់​ឡើង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ផង។

24 ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដែល​ជប​សូន​អ្នក តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​របស់​សព្វ​សារពើ យើង​លាត​សន្ធឹង​ផ្ទៃ​មេឃ​តែ​ម្នាក់​ឯង ហើយ​បាន​ក្រាល​ផែនដី​ដោយ​ខ្លួនយើង

25 យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

26 យើង​បញ្ជាក់​ពាក្យ​សម្ដី​ដែល​និយាយ​នឹង​អ្នក​បម្រើ​យើង ហើយ​សម្រេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក ដែល​យើង​បាន​ថ្លែង​ពី​ក្រុង​យេរូ‌សាឡិម​ថា "ទី​ក្រុង​នោះ​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ" និង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ថា "ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សង់​ឡើង​វិញ យើង​នឹង​លើក​អស់​ទាំង​ទី​បាក់​បែក​នោះ​ឡើង"។

27 យើង​ក៏​បង្គាប់​ដល់​ទី​ជម្រៅ​ថា "ចូរ​ឲ្យ​រីង​ស្ងួត​ទៅ" ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីងហួត‌ទៅ​ដែរ។

28 យើង​និយាយ​ពី​ស៊ីរូស​ថា ជា​គង្វាល​របស់​យើង ជា​អ្នក​ដែល​នឹង​សម្រេច​តាម​បំណង​ចិត្ត​យើង​ទាំង​ប៉ុន្មាន ហើយ​បង្គាប់​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​សង់​ឡើង​វិញ និង​ឲ្យ​ជើង​ជញ្ជាំង​នៃ​ព្រះ‌វិហារ​បាន​ដាក់​ចុះ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម