Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ឡោម​ព័ទ្ធ​ក្រុង​យេរូ‌សាឡិម

1 ក្រុង​អើរាល ក្រុង​អើរាល ជា​ទី​ក្រុង​ដែល​ដាវីឌ​បាន​គង់​នៅ ចូរ​ឲ្យ​គេ​ធ្វើ​បុណ្យ​ខួប រាល់​ឆ្នាំ​ត​ទៅ។

2 តែ​យើង​នឹង​ធ្វើ​ទុក្ខ​ក្រុង​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក និង​ការ​យំ​ទួញ ឯ​ក្រុង​យេរូសាឡិម​នឹង​បាន​ដូច​ជា​ក្រុងអើរាល ដែរ។

3 យើង​នឹង​បោះ​ទ័ព​ឡោម‌ព័ទ្ធ​អ្នក ព្រម​ទាំង​ដាក់​ទាហាន​បង្ខាំង​ជុំ‌វិញ ហើយ​ចាត់​ចែង​គ្រឿង​សឹក​ច្បាំង​នឹង​អ្នក។

4 នោះ​អ្នក​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សម្ដី​អ្នក​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​អ្នក​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សម្ដី​អ្នក​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។

5 ប៉ុន្តែ ខ្មាំង​សត្រូវ​ជា​សាសន៍​ដទៃ​ដ៏​ច្រើន​ក្រៃ‌លែង​របស់​អ្នក នឹង​ដូច​ជា​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃ‌លែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​ប៉ើង​បាត់​ទៅ ហើយ​ការ​នោះ​នឹង​កើត​មក​ភ្លាម​មួយ​រំពេច

6 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ដោយ​ផ្គរ កក្រើក​ដី សូរ​គ្រាំ‌គ្រេង ខ្យល់​កួច ព្យុះ​សង្ឃរា និង​អណ្ដាត​ភ្លើង​ដែល​ឆេះ​បំផ្លាញ។

7 នោះ​មាន​មនុស្ស​ជា​ច្រើន​ក្រៃ‌លែង ពី​គ្រប់​ទាំង​សាសន៍​ដែល​ច្បាំង​នឹង​អើរាល គឺ​អស់​អ្នក​ដែល​ច្បាំង​នឹង​ទី​ក្រុង ហើយ​នឹង​បន្ទាយ​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​ទី​ក្រុង គេ​នឹង​ប្រៀប​ដូច​ជា​សប្តិ គឺ​ជា​និមិត្ត​នៅ​ពេល​យប់​ទេ

8 គឺ​ដូច​ជា​កាល​មនុស្ស​ឃ្លាន គេ​យល់​សប្តិ​ឃើញ​ថា ខ្លួន​បាន​បរិ‌ភោគ តែ​ពេល​ភ្ញាក់​ឡើង ចិត្ត​នឹក​ឃ្លាន​វិញ ឬ​ដូច​ជា​កាល​ណា​មនុស្ស​ដែល​ស្រេក បាន​យល់​សប្តិ​ឃើញ​ថា ខ្លួន​កំពុង​តែ​ផឹក តែ​គេ​ភ្ញាក់​ឡើង ហើយ​មើល៍ គេ​ល្វើយ ហើយ​ចិត្ត​នឹក​ស្រេក​ណាស់ ឯ​ចំនួន​ច្រើន​ក្រៃ‌លែង​ពី​គ្រប់​ទាំង​សាសន៍ ដែល​ច្បាំង​នឹង​ភ្នំ​ស៊ីយ៉ូន គេ​នឹង​ដូច្នោះ​ដែរ។

9 ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ទាក់‌ស្ទើរ ហើយ​ភាំង​ឆ្ងល់​ចុះ ចូរ​បិទ​ភ្នែក ហើយ​ធ្វើ​ជា​មនុស្ស​ខ្វាក់​ទៅ គេ​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ គេ​ទ្រេត‌ទ្រោត តែ​មិន​មែន​ដោយ​គ្រឿង​ស្រវឹង​ឡើយ។

10 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល​ឆុត។

11 និមិត្ត​ទាំង​អស់​បាន​ត្រឡប់​ដូច​ជា​ពាក្យ​ក្នុង​សៀវភៅ ដែល​បិទ​ត្រា​ដល់​អ្នក​រាល់​គ្នា ជា​សៀវភៅ​ដែល​គេ​ជូន​ដល់​ម្នាក់​មាន​ចំណេះ ដោយ​ពាក្យ​ថា «សូម​អ្នក​មើល​សៀវភៅ​នេះ​ទៅ» តែ​អ្នក​នោះ​ឆ្លើយ​តប​ថា «ខ្ញុំ​មើល​មិន​បាន​ទេ ព្រោះ​បិទ​ត្រា​ហើយ»។

12 រួច​គេ​បញ្ជូន​ឲ្យ​ដល់​ម្នាក់​ដែល​គ្មាន​ចំណេះ ដោយ​ពាក្យ​ថា «សូម​អ្នក​មើល​សៀវភៅ​នេះ» តែ​អ្នក​នោះ​ឆ្លើយ​តប​មក​វិញ​ថា «ខ្ញុំ​មិន​ចេះ​អក្សរ​ទេ»។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​សាសន៍​នេះ​ចូល​មក​ជិត​យើង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​យើង ដោយ​សម្ដី និង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​យើង ហើយ​ការ​ដែល​គេ​កោត​ខ្លាច​ដល់​យើង គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ

14 ហេតុ​នោះ យើង​នឹង​ធ្វើ​ការ​មួយ​យ៉ាង​អស្ចារ្យ នៅ​កណ្ដាល​សាសន៍​នេះ​ទៀត ជា​ការ​អស្ចារ្យ ហើយ​ចំឡែក នោះ​ប្រាជ្ញា​នៃ​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ហើយ​យោបល់​នៃ​ពួក​វាង‌វៃ​របស់​នឹង​ត្រូវ​បិទ​បាំង​ដែរ។

15 វេទនា​ដល់​ពួក​អ្នក​ដែល​លាក់​គំនិត​របស់​ខ្លួន​ពី​ព្រះ‌យេហូវ៉ា ហើយ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ទី​កំបាំង ដោយ​ថា៖ តើ​មាន​អ្នក​ណា​បាន​ឃើញ​យើង​ទេ? តើ​មាន​អ្នក​ណា​បាន​ស្គាល់​យើង​ទេ?

16 អ្នក​រាល់​គ្នា​យល់​ខុស​ស្រឡះ តើ​នឹង​រាប់​ជាង​ស្មូន​ទុក​ដូច​ជា​ដី​ឥដ្ឋ​ដែរ​ឬ? បាន​ជា​របស់​ដែល​គេ​បាន​បង្កើត​មក​ហើយ នឹង​ពោល​ពី​អ្នក​ដែល​បាន​បង្កើត​ខ្លួន​ថា៖ «គេ​មិន​បាន​បង្កើត​យើង​ទេ» ឬ​របស់​ដែល​គេ​សូន​ធ្វើ នឹង​ពោល​ពី​អ្នក​ដែល​បាន​សូន​ធ្វើ​នោះ​ថា៖ «គេ​ឥត​មាន​តម្រិះ​យោបល់​អ្វី​ឡើយ» ដូច្នេះ។


សេចក្ដីសង្ឃឹម​នៅ​ពេល​អនាគត

17 នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ទេ នោះ​ព្រៃ​ល្បាណូន នឹង​ត្រឡប់​ទៅ​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​នឹង​បាន​រាប់​ទុក​ដូច​ជា​ព្រៃ​វិញ។

18 នៅ​គ្រា​នោះ មនុស្ស​ត្រចៀក​ថ្លង់​នឹង​ឮ​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ ហើយ​ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ ពី​ក្នុង​សភាព​ជា​ងងឹត ហើយ​សូន្យ‌សុង។

19 មនុស្ស​រាប‌សា នឹង​មាន​អំណរ​ចម្រើន​ឡើង ក្នុង​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្ដា​មនុស្ស គេ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។

20 ពី​ព្រោះ​មនុស្ស​ដែល​គួរ​ស្ញែង‌ខ្លាច​បាន​សូន្យ​បាត់​ទៅ ហើយ​ក៏​លែង​មាន​មនុស្ស​ចំអក​មើល‌ងាយ ឯ​ពួក​មនុស្ស​ដែល​រក​តែ​ឱកាស​នឹង​ធ្វើ​ការ​ទុច្ចរិត នឹង​ត្រូវ​កាត់​ចេញ​អស់​រលីង

21 គឺ​ជា​ពួក​អ្នក​ដែល​ចាប់​ពាក្យ​មនុស្ស ឲ្យ​គេ​មាន​ទោស ហើយ​ដាក់​អន្ទាក់​ចាប់​ពួក​មនុស្ស ដែល​ក្រើន​រំឭក​នៅ​ត្រង់​ទ្វារ​ក្រុង ព្រម​ទាំង​បង្វែរ​មនុស្ស​សុចរិត ដោយ​ឥត​ហេតុ​ផង។

22 ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​អ័ប្រា‌ហាំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​វង្ស​យ៉ាកុប​ថា៖ ឥឡូវ​នេះ ពួក​យ៉ាកុប​មិន​ត្រូវ​ខ្មាស​ទៀត​ឡើយ ក៏​មិន​ត្រូវ​ស្លុត‌ស្លាំង​ទៀត​ដែរ។

23 តែ​កាល​ណា​កូន​ចៅ​គេ​បាន​ឃើញ​ការ​ដែល​ដៃ​យើង នឹង​ធ្វើ​នៅ​កណ្ដាល​ពួក​គេ នោះ​គេ​នឹង​រាប់​ឈ្មោះ​យើង​ជា​បរិសុទ្ធ ក៏​រាប់​ព្រះ​ដ៏​បរិសុទ្ធ​របស់​លោក​យ៉ាកុប​ទុក​ជា​បរិសុទ្ធ​ដែរ ព្រម​ទាំង​កោត​ខ្លាច​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង។

24 ឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ខាង​វិញ្ញាណ គេ​នឹង​មាន​យោបល់ ហើយ​មនុស្ស​ដែល​រអ៊ូរទាំ​នឹង​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម