អេសាយ 30:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ព្រះអង្គឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីក្រោធព្រះអង្គ និងអណ្ដាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀង ប្រកបដោយតេជបារមី ព្រះអង្គនឹងបង្ហាញព្រះចេស្ដា និងព្រះពិរោធរបស់ព្រះអង្គ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះយេហូវ៉ាទ្រង់នឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នឹងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា នឹងដុំព្រឹលផង អាល់គីតាប ពេលនោះ អុលឡោះតាអាឡានឹងបន្លឺសំឡេង ប្រកបដោយអំណាច ទ្រង់នឹងបង្ហាញអំណាច និងកំហឹងរបស់ទ្រង់ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។ |
ដែលយើងបានបម្រុងទុក សម្រាប់គ្រាអន្តរាយឬ? គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចម្បាំង
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយបំភ័យគេដោយសេចក្ដីឃោរឃៅថា៖
សាសន៍ទាំងឡាយជ្រួលច្របល់ នគរនានាពពាក់ពពូនឡើង ព្រះអង្គបន្លឺព្រះសូរសៀង ហើយផែនដីក៏រលាយទៅ។
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ ព្រះហស្តស្តាំ និងព្រះពាហុដ៏បរិសុទ្ធរបស់ព្រះអង្គ បាននាំឲ្យព្រះអង្គមានជ័យជម្នះ។
សេចក្ដីស្ញែងខ្លាច និងសេចក្ដីថប់បារម្ភគ្របសង្កត់លើគេ គេបានទៅជាគ ដូចជាថ្ម ដោយសារភាពអស្ចារ្យនៃព្រះពាហុរបស់ព្រះអង្គ រហូតទាល់តែប្រជារាស្ត្រព្រះអង្គឆ្លងផុត ឱព្រះយេហូវ៉ាអើយ គឺទាល់តែប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុត។
លោកម៉ូសេក៏លើកដំបងទៅលើមេឃ ហើយព្រះយេហូវ៉ាបានចាត់ឲ្យមានផ្គរលាន់ និងព្រឹលមក ក៏មានរន្ទះភ្លើងមកលើផែនដី។ ព្រះយេហូវ៉ាក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីព្ទ។
មានព្រឹល និងភ្លើងធ្លាក់មកលាយឡំគ្នា ហើយព្រឹលនោះខ្លាំងណាស់ គឺតាំងតែពីសាសន៍អេស៊ីព្ទកើតមក នោះមិនដែលមានដូច្នោះឡើយ។
ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។
ព្រះយេហូវ៉ានៃពួកពលបរិវារនឹងបញ្ជូនរំពាត់មួយមកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ព្រះអង្គនឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ។
វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីក្រោធរបស់យើង ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់យើង
មើល៍ ព្រះអម្ចាស់មានអ្នកខ្លាំងពូកែដ៏មានឫទ្ធិម្នាក់ អ្នកនោះនឹងពង្រាបចុះដល់ដី ដោយអំណាច ដូចជាព្យុះព្រឹល ជាព្យុះសង្ឃរាដែលបំផ្លាញ ហើយដូចជាព្យុះភ្លៀងធំឲ្យទឹកហូរជន់លិចផែនដី។
ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា និងអណ្ដាតភ្លើងដែលឆេះបំផ្លាញ។
អ្នករាល់គ្នានឹងច្រៀងចម្រៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល។
ដ្បិតដោយសារព្រះសូរសៀងនៃព្រះយេហូវ៉ា នោះសាសន៍អាសស៊ើរនឹងស្រយុតចិត្ត ព្រះអង្គនឹងវាយគេដោយដំបងរបស់ព្រះអង្គ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។
ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះ ភ្លើងឆេះបន្សុសនេះបាន? តើមានអ្នកណាអាចនឹងនៅចំពោះភ្លើងឆេះ នៅអស់កល្បជានិច្ចបាន?
នឹងមានរោងបារាំ សម្រាប់ជាម្លប់បាំងកម្ដៅនៅពេលថ្ងៃ និងសម្រាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះ និងភ្លៀងផង។
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ?
ព្រះយេហូវ៉ាបានលាត់ព្រះពាហុបរិសុទ្ធរបស់ព្រះអង្គ នៅចំពោះមុខមនុស្សគ្រប់សាសន៍ ហើយដល់ចុងផែនដី បានឃើញសេចក្ដីសង្គ្រោះ របស់ព្រះនៃយើងរាល់គ្នា។
ព្រះយេហូវ៉ាបានស្បថដោយព្រះហស្តស្តាំព្រះអង្គ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ព្រះអង្គថា ពិតប្រាកដជាយើងនឹងមិនឲ្យស្រូវរបស់អ្នក ទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវអ្នកទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលអ្នកបានខំធ្វើទៀតឡើយ។
ដ្បិតព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង ហើយព្រះរាជរថរបស់ព្រះអង្គដូចជាខ្យល់កួច ដើម្បីសម្រេចតាមសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ និងតាមពាក្យស្តីបន្ទោសរបស់ព្រះអង្គ ដោយសារអណ្ដាតភ្លើង។
ដ្បិតព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីយុត្តិធម៌ ដល់មនុស្សទាំងអស់ ដោយសារភ្លើង និងដោយសារដាវរបស់ព្រះអង្គ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាប្រហារជីវិត នោះមានគ្នាច្រើនណាស់។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ មើល៍ សេចក្ដីអាក្រក់នឹងចេញពីនគរមួយដល់នគរមួយ ហើយកើតមានព្យុះសង្ឃរាយ៉ាងសម្បើម មកពីចុងផែនដីបំផុត។
មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលព្រះអង្គមានព្រះបន្ទូល។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងរំលំកំផែងនោះ ដោយខ្យល់គំហុក ក្នុងសេចក្ដីក្រោធរបស់យើង ហើយនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយកំហឹងរបស់យើង ព្រមទាំងគ្រាប់ព្រឹលធំៗ ដោយសេចក្ដីក្រោធរបស់យើង មកបំផ្លាញកំផែងនោះ។
គេកញ្ឆលឮសន្ធឹកដូចរទេះចម្បាំងនៅលើកំពូលភ្នំ គឺដូចសន្ធឹកអណ្ដាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពដ៏ខ្លាំងពូកែ ដែលប្រុងប្រៀបនឹងចូលច្បាំង។
យើងនឹងបង្កាត់ភ្លើងនៅលើកំផែងក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ ទាំងមានសម្រែកក្នុងថ្ងៃសឹកសង្គ្រាម ទាំងមានព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង
ភ្នំទាំងប៉ុន្មាននឹងរលាយពីក្រោមព្រះអង្គទៅ ច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត។
ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ហើយនឹងកើតមានអំណត់ [ជំងឺអាសន្នរោគ] និងរញ្ជួយផែនដីនៅកន្លែងផ្សេងៗ
ទ្រង់បានសម្តែងឫទ្ធិ ដោយព្រះហស្តរបស់ព្រះអង្គ ព្រមទាំងកម្ចាត់កម្ចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តរបស់គេ។
នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ព្រះយេហូវ៉ាបំបាក់ទ័ពរបស់ពួកគេនៅមុខពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយគេនៅជិតក្រុងគីបៀន ដោយប្រហារជីវិតយ៉ាងសម្បើម ក៏ដេញតាមផ្លូវឡើងទៅឯបេត-ហូរ៉ុន ព្រមទាំងវាយគេរហូតទៅដល់អាសេកា និងម៉ាកេដា។
ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។
ព្រះបាទាព្រះអង្គរលើបដូចលង្ហិន ដែលបន្សុទ្ធក្នុងគុកភ្លើង ហើយព្រះសូរសៀងព្រះអង្គឮសន្ធឹកដូចមហាសាគរ។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌ ក៏បើកចំហ ហើយឃើញមានហិបនៃសេចក្ដីសញ្ញារបស់ព្រះអង្គ នៅក្នុងព្រះវិហារនោះ ហើយក៏មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានធ្លាក់ព្រឹលយ៉ាងខ្លាំង។
កាលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សម្លាប់។