Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូអែល 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​ផ្លុំ​ត្រែ​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង! ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ

2 គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ ជា​ថ្ងៃ​មាន​ពពក ហើយ​ងងឹត​យ៉ាង​ក្រាស់! មានសាសន៍​មួយ​ធំ ហើយ​ខ្លាំង​ពូកែចូល​មក ដូច​ពន្លឺ​ថ្ងៃ​ដែល​ទើប​នឹង​រះ​លាតត្រដាង​លើ​ភ្នំ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ឡើយ ហើយ​នៅ​ពេល​ខាង​មុខ គ្រប់​ជំនាន់​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។

3 មាន​ភ្លើង​ឆេះ​បន្សុស​នៅ​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្ដាត​ភ្លើង​ឆេះ​ដែរ។ នៅ​មុខ​គេ ផែន‌ដី​ប្រៀប​ដូច​ជា​សួន‌អេដែន តែ​ខាង​ក្រោយ​គេ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន​សោះ​កក្រោះ គ្មាន​អ្វី​គេច​ផុត​ពី​គេ​ឡើយ។

4 រូប​រាង​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ ហើយ​គេ​រត់​ដូច​ជា​សេះ​ចម្បាំង។

5 គេ​កញ្ឆល​ឮ​សន្ធឹកដូច​រទេះ​ចម្បាំង​នៅ​លើ​កំពូល​ភ្នំ គឺ​ដូច​សន្ធឹក​អណ្ដាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​ប្រុង‌ប្រៀប​នឹង​ចូល​ច្បាំង។

6 សាសន៍​នានា​មាន​សេចក្ដី​ថប់​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ទៅ​ជា​ស្លេក‌ស្លាំង។

7 គេ​សម្រុក​ទៅ​មុខ​ដូច​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​មនុស្ស​ថ្នឹក​ច្បាំង ម្នាក់ៗ​សម្រុក​ទៅ​មុខ ឥត​ងាក​ចេញ​ពី ផ្លូវ​របស់​ខ្លួន​ឡើយ។

8 គេ​មិន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ គឺ​ម្នាក់ៗ​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទម្លុះ​ទម្លាយ​ឧប‌សគ្គ ឥត​រុញ‌រា​ឡើយ។

9 គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូចជា​ចោរ។

10 ផែន‌ដី​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ប្រែ​ជា​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មានក៏​លែង​មាន​ពន្លឺ។

11 ព្រះ‌យេហូវ៉ា​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​កង​ទ័ព​របស់​ព្រះ‌អង្គ ដ្បិត​ជំរំ​ទ័ព​របស់​ព្រះ‌អង្គ​ធំ​ណាស់ អស់​អ្នក​ដែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ នោះ​មាន​ច្រើន​ឥត​គណនា ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​ជា​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?

12 ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង​ដោយ​អស់​ពី​ចិត្ត ទាំង​តម​អត់ ទាំង​យំ​សោក ហើយ​កាន់​ទុក្ខ

13 មិន​ត្រូវ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌គុណ និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​បរិបូរ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដាក់​ទោស​ទេ។

14 ដូច្នេះ ប្រហែល​ជា​ព្រះ‌អង្គ​ប្រទាន​ការ​លើក​លែង​ទោស ហើយ​ចាត់​ព្រះ​ពរ​មក​ឯ​អ្នក​រាល់​គ្នា ជំនួស​ឲ្យ​បណ្ដា​សា​ទេ​ដឹង? គឺ​ឲ្យ​មាន​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច សម្រាប់​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ផង។

15 ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ញែក​ពេល​ចេញ​សម្រាប់​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ប្រជុំ​យ៉ាង​ឱឡារិក

16 ចូរ​ប្រមូល​ប្រជា‌ជន ចូរ​ញែក​ក្រុម​ជំនុំ​ចេញ​ជា​បរិសុទ្ធ ចូរ​ប្រជុំ​ពួក​ចាស់ទុំ ចូរ​ប្រមូល​កូន​ក្មេង ព្រម​ទាំង​កូន​ដែល​នៅ​បៅ​ដោះ​មក​ផង។ ត្រូវ​ឲ្យ​ប្តី​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់​មក ហើយ​ប្រពន្ធ​ថ្មោង‌ថ្មី​ចេញ​ពី​វាំង‌នន​មក​ដែរ។

17 ចូរ​ឲ្យ​ពួក​សង្ឃ ជា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា យំ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនា ត្រូវ​ឲ្យ​គេ​ពោល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង សូម​កុំ​ឲ្យ​គេ​មាក់​ងាយ​មត៌ក​របស់​ព្រះ‌អង្គ ឲ្យ​ពួក​សាសន៍​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ។ តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​និយាយ​គ្នា នៅ​កណ្ដាល​សាសន៍​ទាំង​ឡាយ​ថា "តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា"?


ការ​ឆ្លើយ​តប និង​សេចក្ដី‌សន្យា​របស់​ព្រះ

18 ពេល​នោះ ព្រះ‌យេហូវ៉ា​ប្រ‌ចណ្ឌ ចំពោះ​ស្រុក​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

19 ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ថា មើល៍ យើង​នឹង​ផ្ញើ​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ស្កប់​ចិត្ត យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នកទៅ​ជា​ទី​ត្មះ‌តិះ​ដៀល ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ទៀត​ឡើយ។

20 យើង​នឹង​ដក​យក​កង‌ទ័ព​នៅ​ទិស​ខាង​ជើង ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា យើង​នឹង​បណ្តេញ​គេ​ទៅ​ស្រុក​មួយ​ដែល​ហួត‌ហែង ហើយ​ស្ងាត់‌ច្រៀប ក៏​បោះ​ទ័ព​ជួរ​មុខ​របស់​គេ​ទៅ​ក្នុង​សមុទ្រ​ខាង​កើត ហើយ​ទ័ព​ជួរ​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច ឯ​ក្លិន​ស្អុយ​អសោច​របស់​គេ​នឹង​សាយ​ឡើង ដ្បិត​គេ​បាន​ធ្វើ​ការ​យ៉ាង​សម្បើម!

21 ឱ​ទឹក​ដី​អើយ កុំ​ភ័យ​ខ្លាច ចូរ​ត្រេក‌អរ ហើយ​សប្បាយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​សម្បើម!

22 ម្នាល​សត្វ​ទាំង​ឡាយ​នៅ​ទី‌វាល​អើយ កុំ​ភ័យ​ខ្លាច ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លាស់​ខៀវ​ខ្ចី ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​មាន​ផ្លែ ឯ​ដើម​ល្វា និង​ដើម​ទំពាំង‌បាយ‌ជូរ ក៏ចេញ​ផ្លែ​ជា​បរិបូរ​ដែរ។

23 ឱ​ពួក​កូន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ ចូរ​ត្រេក​អរ​ក្នុង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដ្បិត​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ ព្រះ‌អង្គ​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវ ដូច​កាល​ពី​មុន។

24 អស់​ទាំង​ទីលាន​នឹង​មាន​ពេញ​ដោយ​ស្រូវ​សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ហូរ​ហៀរ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង។

25 យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ នូវ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កណ្តូប ចង្រិត ដង្កូវ និង​ក្រាស៊ី​បង្ខូច គឺ​ជា​កង‌ទ័ព​ធំ​របស់​យើង ដែល​យើង​បាន​ចាត់​មក ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

26 អ្នក​រាល់​គ្នា​នឹង​បរិភោគ​ជា​បរិបូរ ហើយ​ឆ្អែត​ស្កប់​ស្កល់ រួច​សរ‌សើរ​តម្កើង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​អ្នក​យ៉ាង​អស្ចារ្យ។ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។

27 អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​គង់​នៅ​កណ្ដាល​សាសន៍​អ៊ីស្រា‌អែល ហើយ​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គ្មាន​ព្រះ​ឯ​ណា​ទៀតទេ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។


ព្រះ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ

28 ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ ព្រះ​វិញ្ញាណ​របស់​យើងទៅ​លើ​មនុស្ស​ទាំង​អស់ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​នឹង​ថ្លែង​ទំនាយ ពួក​ចាស់ៗ​របស់​អ្នក​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំលោះ​ៗ​របស់​អ្នក​នឹង​ឃើញ​និមិត្ត។

29 នៅ​គ្រា​នោះ សូម្បី​តែ​ពួក​អ្នក​បម្រើ​ប្រុស​ស្រី ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ របស់​យើង​ទៅ​លើ​ពួក​គេ​ដែរ។

30 យើង​នឹង​សម្ដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី គឺ​ជា​ឈាម ភ្លើង និង​កម្សួល​ផ្សែង។

31 ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​នឹង​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​មក​ដល់។

32 ពេល​នោះ អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សង្គ្រោះ ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​អស់​អ្នក​ដែល​រត់​គេច ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក ហើយ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​រួច​ជីវិត គឺ​ជា​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ត្រាស់​ហៅ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម