Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេម៉ុស 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ពាក្យ​របស់​ហោរា​អេម៉ុស ជា​ម្នាក់​ក្នុង​ចំណោម​ពួក​គង្វាល​នៅ​ត្កូអា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​រជ្ជ‌កាលព្រះ​បាទ​អូសៀស ស្តេច​ស្រុក​យូដា និង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​ព្រះ​បាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល គឺ​ពីរ​ឆ្នាំ មុន​រញ្ជួយ​ផែន​ដី។


ព្រះ​ជំនុំ​ជម្រះ​សាសន៍​ជិត​ខាង​របស់​អ៊ីស្រា‌អែល

2 លោក​ពោល​ថា ព្រះ‌យេហូវ៉ា​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​សោក​សៅ ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត​ហែង​ទៅ។

3 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ក្រុង​ដាម៉ាស អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត ដោយ​គ្រឿង​បញ្ជាន់​ធ្វើ​ពី​ដែក។

4 យើង​នឹង​ចាត់​ភ្លើង​ឲ្យទៅ​លើ​ផ្ទះ​របស់​ហាសែល ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ ទីមាំ​មួន​របស់​បេន-ហាដាឌ។

5 យើង​នឹង​បំបាក់​រនុក​ទ្វារ​របស់​ក្រុង​ដាម៉ាស ហើយ​កាត់​ពួក​អ្នក​នៅ​ជ្រលង​ភ្នំ​អាវេន​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​របស់​បេត-អេដែន​ផង នោះ​ពួក​សាសន៍​ស៊ីរី​នឹង​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គារ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ក្រុង​កាសា អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​កៀរ​យក​ពួក​ឈ្លើយ​ទាំង​អស់ ដើម្បី​ប្រគល់​ឲ្យ​សាសន៍​អេដុម។

7 យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​កំផែង​ក្រុង​កាសា ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ។

8 យើង​នឹង​កាត់​ពួក​អ្នក​នៅ​ក្រុង​អាសដូឌ​ចេញ ព្រម​ទាំង​អ្នក​ដែល​កាន់​ដំបង​រាជ្យ​នៃ​ក្រុង​អាស‌កាឡូន​ផង យើង​ក៏​នឹង​បែរ​ដៃ​ទៅ​ទាស់​នឹង​ក្រុង​អេក្រុន ហើយ​សំណល់​នៃ​ពួក​ភីលី‌ស្ទីន​នឹង​ត្រូវ​វិនាស នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។

9 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​បី​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់ ដល់​សាសន៍​អេដុម ហើយ​មិន​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា ជា​បង‌ប្អូន​នឹង​គ្នា​សោះ។

10 យើង​នឹង​ចាត់​ភ្លើង ឲ្យ​ទៅ​លើ​កំផែង​ក្រុង​ទីរ៉ុស ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ។

11 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​សាសន៍​អេដុម អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​កាន់​ដាវ ដេញ​តាម​បង‌ប្អូន​របស់​ខ្លួន ក៏​គ្មានចិត្ត​មេត្តា​ប្រណី​ទាល់​តែ​សោះ គេ​ចេះ​តែ​ហែក​ហួរ​តាម​កំហឹង​របស់​គេ ក៏​ចេះ​តែ​ចង​កំហឹង​ជា​ដរាប។

12 យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​ក្រុង​ថេម៉ាន ហើយ​ភ្លើង​នោះ​ឆេះ​បំផ្លាញ​ទី​មាំ​មួន​របស់​ក្រុង​បុសរ៉ា។

13 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​កូន​ចៅ​អាំម៉ូន អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​វះ​ពោះ​របស់​ពួក​ស្រីៗ ដែល​មាន​ទម្ងន់​នៅ​ស្រុក​កាឡាត ដើម្បី​ឲ្យ​បាន​វាត​ព្រំ​ដែន​របស់​ខ្លួន​ឲ្យ​ធំ។

14 យើង​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ ទាំង​មាន​សម្រែក​ក្នុង​ថ្ងៃ​សឹក​សង្គ្រាម ទាំង​មាន​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត‌ត្បូង

15 ស្តេច​របស់​គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​គេ​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម