មីកា 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានថ្លែងមកមីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស និងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី និងក្រុងយេរូសាឡិម។ ព្រះបន្ទូលព្រមានពួកសាម៉ារី 2 ជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី និងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ ពីព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។ 3 មើល៍! ព្រះយេហូវ៉ាកំពុងយាងចេញពីទីកន្លែងរបស់ព្រះអង្គ យាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ។ 4 ភ្នំទាំងប៉ុន្មាននឹងរលាយពីក្រោមព្រះអង្គទៅ ច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត។ 5 នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប និងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី? តើមិនមែនជាក្រុងសាម៉ារីទេឬ? ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី? តើមិនមែនជាក្រុងយេរូសាឡិមទេឬ? 6 ដូច្នេះ យើងនឹងធ្វើឲ្យក្រុងសាម៉ារីដូចជាគំនរនៅទីវាល ជាកន្លែងសម្រាប់ធ្វើចម្ការទំពាំងបាយជូរ យើងនឹងចាក់ថ្មទាំងប៉ុន្មាននៃទីក្រុងទៅក្នុងច្រកភ្នំ ហើយនឹងបើកឲ្យឃើញឫសជញ្ជាំង។ 7 អស់ទាំងរូបឆ្លាក់របស់គេ នឹងត្រូវវាយបំបែកខ្ទេចខ្ទី ឯអស់ទាំងរង្វាន់ឈ្នួលរបស់វានឹងត្រូវដុតក្នុងភ្លើង យើងនឹងបំផ្លាញរបស់គេទាំងអស់ ព្រោះគេបានសន្សំរូបទាំងនោះ ដោយសាររង្វាន់ឈ្នួលរបស់ស្រីពេស្យា ហើយវានឹងត្រឡប់ជារង្វាន់ឈ្នួល របស់ស្រីពេស្យាវិញទៀត។ ការវិនាសនៃទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា 8 ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយអាក្រាតកាយ ខ្ញុំនឹងស្រែកដូចជាឆ្កែចចក ហើយនឹងយំរងំដូចជាអូទ្រុស។ 9 ដ្បិតរបួសនៃក្រុងសាម៉ារីមើលមិនជាឡើយ ព្រោះបានរាលរហូតដល់ស្រុកយូដាផង ក៏ដល់ទ្វារក្រុងសាសន៍ខ្ញុំ គឺជាក្រុងយេរូសាឡិមដែរ។ 10 កុំថ្លែងប្រាប់រឿងនេះនៅក្រុងកាថឡើយ ក៏កុំយំឲ្យសោះ ចូរឯងននៀលខ្លួននៅក្នុងធូលីដី ត្រង់បេតលេ-អាប្រាចុះ។ 11 ឱពួកអ្នកក្រុងសាភាអើយ ចូរដើរបង្ហួសទៅ ដោយខ្លួនអាក្រាត ហើយមានសេចក្ដីខ្មាសចុះ ពួកអ្នកនៅត្រង់ស្អាណាន មិនបានចេញមកសោះ ការយំសោកនឹងបេត-អេតសែល នឹងដកទីពឹងរបស់ឯងរាល់គ្នាចេញ។ 12 ដ្បិតពួកអ្នកនៅម៉ារូតទន្ទឹងចាំសេចក្ដីល្អ ព្រោះសេចក្ដីអាក្រក់បានចុះពីព្រះយេហូវ៉ា មកដល់ទ្វារក្រុងយេរូសាឡិមហើយ។ 13 ឱពួកអ្នកនៅក្រុងឡាគីសអើយ ចូរទឹមរទេះសេះយ៉ាងលឿន ឯងជាដើមចមនៃអំពើបាបដល់កូនស្រីស៊ីយ៉ូន ដ្បិតអំពើរំលងទាំងប៉ុន្មានរបស់ពួកអ៊ីស្រាអែល បានឃើញមាននៅក្នុងឯង។ 14 ដូច្នេះ ឯងនឹងលះលែងក្រុងម៉ូរ៉ាស៊ីត-កាថ ឯផ្ទះអាក់ស៊ីបទាំងប៉ុន្មាននោះនឹងបាននៅ ជាសេចក្ដីកំភូតដល់ពួកស្តេចអ៊ីស្រាអែល។ 15 ឱអ្នកក្រុងម៉ារីសាអើយ នៅម្ដងទៀត យើងនឹងនាំម្នាក់មកឯឯង ដែលនឹងធ្វើជាម្ចាស់លើឯង សិរីល្អនៃអ៊ីស្រាអែលនឹងមកដល់អាឌូឡាម។ 16 ចូរកោររំលីងនៅកំពូលក្បាល ហើយកាត់សក់ចុះ ដោយព្រោះកូនចៅជាទីគាប់ចិត្តរបស់ឯង ចូរពង្រីកកន្លែងកោររំលីងនោះឲ្យធំឡើងដូចជាឥន្ទ្រី ពីព្រោះវារាល់គ្នាបានព្រាត់ប្រាសចាកចេញ ពីឯងទៅជាឈ្លើយអស់ហើយ។ |
© 2016 United Bible Societies
Bible Society in Cambodia