អេសាយ 31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អេស៊ីព្ទពុំអាចជួយអ៊ីស្រាអែលបានឡើយ 1 វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ។ 2 ឯព្រះអង្គវិញ ព្រះអង្គក៏មានប្រាជ្ញាដែរ ព្រះអង្គនឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលរបស់ព្រះអង្គវិញឡើយ គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងពួកវង្ស របស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃ ជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតនោះ។ 3 រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាលូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។ 4 ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។ 5 ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងការពារក្រុងយេរូសាឡិម ដូចជាសត្វស្លាបដែលហើររេរាការពារសម្បុកដែរ ព្រះអង្គនឹងការពារ ហើយជួយឲ្យរួច ព្រះអង្គនឹងហោះពីលើ ហើយរារាំងផង។ 6 ឱកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មករកព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរនឹងព្រះអង្គជាខ្លាំងទៅហើយ 7 ពីព្រោះនៅគ្រានោះ គ្រប់មនុស្សទាំងអស់នឹងបោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាស ដែលដៃអ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួន ដែលរាប់ថាជាអំពើបាប។ 8 នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្ស នឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំលោះៗរបស់គេ នឹងត្រូវធ្វើជាឈ្លើយ។ 9 ឯថ្មដារបស់គេនឹងបាត់ទៅ ដោយព្រោះសេចក្ដីតក់ស្លុត ហើយពួកចៅហ្វាយរបស់គេនឹងស្រយុតចិត្ត ដោយព្រោះទង់ជ័យ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលភ្លើងរបស់ព្រះអង្គកំពុងឆេះនៅក្រុងស៊ីយ៉ូន ហើយគុកភ្លើងរបស់ព្រះអង្គក៏នៅក្រុងយេរូសាឡិមដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia