អេសាយ 30 - អាល់គីតាបបន្ទូលរបស់អុលឡោះប្រឆាំងនឹងការចងសម្ពន្ធមិត្តរវាង អ៊ីស្រអែល និងអេស៊ីប 1 អុលឡោះតាអាឡាមានបន្ទូលថា: កូនៗដែលចេះតែបះបោរ មុខជាត្រូវវេទនាពុំខាន! ពួកគេបានធ្វើតាមគម្រោងការ ដែលយើងមិនបានគ្រោងទុក ពួកគេបានចងសម្ពន្ធមិត្ត ផ្ទុយពីឆន្ទៈរបស់យើង ពួកគេប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។ 2 ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប ដោយពុំសួរយោបល់ពីយើងសោះ ពួកគេទៅពឹងផ្អែកលើស្ដេចហ្វៀរ៉អ៊ូន ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។ 3 ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចហ្វៀរ៉អ៊ូន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន! 4 ពួករដ្ឋមន្ត្រីរបស់អ្នករាល់គ្នា ទៅដល់ក្រុងសូអានហើយ ទូតរបស់អ្នករាល់គ្នាទៅដល់ក្រុងហានេស 5 តែពួកគេនឹងត្រូវខកចិត្ត ដោយឃើញថាប្រជាជនអេស៊ីប ពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទេ គឺជនជាតិអេស៊ីបពុំអាចសង្គ្រោះ ពុំអាចជួយពួកគេបានទាល់តែសោះ! ផ្ទុយទៅវិញ មានតែនាំឲ្យពួកគេត្រូវ អាម៉ាស់ និងបាត់បង់កិត្តិយសប៉ុណ្ណោះ។ 6 សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ វាលរហោស្ថានណេកិប ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាច ជាកន្លែងដែលមានសត្វសិង្ហ មានពស់វែក និងមាននាគហោះ ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ លើខ្នងលា និងលើខ្នងអូដ្ឋ យកទៅឲ្យប្រជាជាតិមួយដែលពុំអាច ផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។ 7 ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។ ប្រជាជនដែលមិនចេះស្ដាប់បង្គាប់ 8 ឥឡូវនេះ ចូរចារឹកសេចក្ដីទាំងនេះលើបន្ទះថ្ម ហើយសរសេរជាលាយលក្ខណ៍អក្សរ នៅចំពោះមុខអ្នកក្រុងយេរូសាឡឹម ទុកជាឯកសារទៅអនាគត ទុកជាភស្ដុតាងអស់កល្បជាអង្វែងតរៀងទៅ។ 9 ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរ ពួកគេសុទ្ធតែជាកូនអកតញ្ញូ ដែលពុំព្រមស្ដាប់ដំបូន្មានរបស់អុលឡោះតាអាឡាទេ។ 10 គេបំបិទមាត់ណាពីថា “កុំទាយអី” ហើយប្រាប់អ្នកទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ! 11 ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ ចូរឃ្លាតចាកពីគន្លងធម៌ កុំនិយាយអំពីអុលឡោះជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រអែលប្រាប់យើងទៀត!”។ 12 ហេតុនេះហើយបានជាអុលឡោះជាម្ចាស់ដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រអែលមានបន្ទូលដូចតទៅ៖ អ្នករាល់គ្នាបដិសេធមិនទទួលពាក្យរបស់យើង ហើយបែរទៅពឹងផ្អែកលើ អំណាចផ្ដាច់ការ និងកលល្បិច។ 13 អំពើអាក្រក់នេះនឹងបណ្ដាលឲ្យអ្នករាល់គ្នា វិនាសសូន្យដោយមិនដឹងខ្លួន ដូចស្នាមនៅលើកំពែងដ៏ខ្ពស់ ធ្វើឲ្យកំពែងប្រេះរលំភ្លាមមួយរំពេច។ 14 កំពែងនោះនឹងរលំខ្ទេចខ្ទី ដូចក្អមដីដែលជាងស្មូនបោកកំទេច គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ ប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រាន ឬដួសទឹកពាងក៏មិនបានផង។ 15 អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល មានបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។ 16 អ្នករាល់គ្នាបែរជាពោលថា «ទេ! យើងនឹងជិះសេះរត់ទៅ!» ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។ អ្នករាល់គ្នាបានពោលទៀតថា «រទេះចំបាំងរបស់យើងបរលឿនណាស់» ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយ មានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។ 17 ខ្មាំងសត្រូវតែម្នាក់គំរាមកំហែង អ្នករាល់គ្នាមួយពាន់នាក់ឲ្យរត់ប្រាសអាយុ ខ្មាំងតែប្រាំនាក់នឹងធ្វើឲ្យអ្នករាល់គ្នា រត់អស់គ្មានសល់។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលសល់ពីស្លាប់ មានគ្នាតិចណាស់ គឺប្រៀបបាននឹងបង្គោលមួយនៅលើភ្នំ ឬដូចជាទង់មួយនៅលើទួលប៉ុណ្ណោះ។ អនាគតដ៏ភ្លឺស្វាង 18 ប៉ុន្តែ អុលឡោះតាអាឡារង់ចាំពេលដែលទ្រង់ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ទ្រង់នឹងក្រោកឡើង ដើម្បីបង្ហាញ ចិត្តអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើទ្រង់ ប្រាកដជាមានសុភមង្គលពុំខាន។ 19 ប្រជាជនក្រុងស៊ីយ៉ូន អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ អ្នកនឹងលែងយំសោកទៀតហើយ! ពេលណាអ្នកស្រែកហៅរកទ្រង់ ទ្រង់នឹងប្រណីសន្ដោស ពេលណាទ្រង់ឮសំឡេងអ្នក ទ្រង់នឹងឆ្លើយតបមកអ្នកជាមិនខាន។ 20 នៅគ្រាមានអាសន្ន អុលឡោះនឹងប្រទានអាហារដល់អ្នករាល់គ្នា នៅពេលខ្វះខាត ទ្រង់នឹងប្រទានទឹកឲ្យអ្នករាល់គ្នា។ ទ្រង់ដែលបង្រៀនអ្នក លែងពួននឹងអ្នកទៀតហើយ អ្នកនឹងឃើញទ្រង់ផ្ទាល់ភ្នែក។ 21 បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។ 22 ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ អ្នកនឹងយកទៅបោះចោលដូចសំរាម ដោយពោលថា «វត្ថុគំរក់!»។ 23 អុលឡោះនឹងប្រទានភ្លៀងឲ្យធ្លាក់ចុះមក លើគ្រាប់ពូជដែលអ្នកបានសាបព្រោះ ហើយដីនឹងធ្វើឲ្យដំណាំដុះឡើង យ៉ាងបរិបូណ៌ និងឆ្ងាញ់ពិសាទៀតផង។ នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នក នឹងស៊ីស្មៅក្នុងវាលស្មៅដ៏ល្វឹងល្វើយ។ 24 គោ និងក្របីដែលធ្លាប់អូសនង្គ័ល ក៏ស៊ីស្មៅដ៏ឆ្ងាញ់បំផុត ដែលគេជជុះនឹងរនាស់ដែរ។ 25 នៅថ្ងៃមហាពិឃាត គឺថ្ងៃដែលបន្ទាយទាំងប៉ុន្មាន ត្រូវរលំ នោះនឹងមានទឹកហូរស្រោចស្រព ភ្នំទាំងធំទាំងតូច។ 26 នៅថ្ងៃដែលអុលឡោះតាអាឡារុំរបួសឲ្យ ប្រជារាស្ត្ររបស់ទ្រង់ នៅពេលដែលទ្រង់ព្យាបាលគេ ឲ្យបានជាពីមុខរបួសទាំងអស់ ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។ អុលឡោះធ្វើទោសស្រុកអាស្ស៊ីរី 27 មើល អុលឡោះតាអាឡាផ្ទាល់នឹងមកពីចម្ងាយ ទាំងខឹង ដូចខ្យល់បក់បោកយ៉ាងខ្លាំង ទ្រង់មានបន្ទូលដោយខឹង បន្ទូលរបស់ទ្រង់ប្រៀបបាននឹងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ 28 ខ្យល់ដែលចេញពីទ្រង់ប្រៀបបាននឹង ទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។ ទ្រង់នឹងរែងប្រជាជាតិទាំងនោះ ឲ្យវិនាសបាត់បង់ ទ្រង់ដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះ ដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។ 29 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់អុលឡោះតាអាឡា ដែលជាថ្មដារបស់ជនជាតិអ៊ីស្រអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។ 30 ពេលនោះ អុលឡោះតាអាឡានឹងបន្លឺសំឡេង ប្រកបដោយអំណាច ទ្រង់នឹងបង្ហាញអំណាច និងកំហឹងរបស់ទ្រង់ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។ 31 ជនជាតិអាស្ស៊ីរីនឹងភ័យញាប់ញ័រជាខ្លាំង នៅពេលឮសំឡេងរបស់អុលឡោះតាអាឡា និងពេលទ្រង់វាយធ្វើទោសពួកគេ។ 32 គ្រប់ពេលដែលពួកគេត្រូវដំបង គឺនៅពេលអុលឡោះតាអាឡាវាយពួកអាស្ស៊ីរី នោះនឹងឮស្នូរសំឡេងក្រាប់ និងចាប៉ី លេងកំដរផង។ 33 មើល៍ គេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ គេបម្រុងទុកសម្រាប់បូជាស្ដេចស្រុកអាស្ស៊ីរី គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌ ទុកសម្រាប់ដុត។ ខ្យល់របស់អុលឡោះតាអាឡា ដែលប្រៀបដូចជាស្ពាន់ធ័រ នឹងបក់មកបញ្ឆេះគំនរអុសនោះ។ |
© 2014 United Bible Societies, UK.
United Bible Societies