ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 12:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​នោះ អ្នក​នឹង​ពោល​ថា៖ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដ្បិត​ទោះ​បើ​ព្រះ‌អង្គ​បាន​ខ្ញាល់​នឹង​ទូល‌បង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ក្រោធ​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ព្រះ‌អង្គ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ថ្ងៃ​នោះ អ្នក​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​! ទោះបីជា​ព្រះអង្គ​បាន​ក្រេវក្រោធ​នឹង​ទូលបង្គំ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​បាន​បែរចេញទៅ ហើយ​ព្រះអង្គ​បាន​សម្រាលទុក្ខ​ទូលបង្គំ​វិញ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ។ ពី​មុន ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ ឥឡូវ​នេះ ព្រះអង្គ​លែង​ព្រះ‌ពិរោធ​ទៀត​ហើយ គឺ​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​នោះ​ឯង​នឹង​និយាយ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទោះ​បើ​ទ្រង់​បាន​ខ្ញាល់​នឹង​ទូលបង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ខ្ញាល់​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ទ្រង់​បាន​កំសាន្ត​ចិត្ត​ទូលបង្គំ​វិញ

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖ «ឱអុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់។ ពី​មុន ទ្រង់​ខឹង​នឹង​ខ្ញុំ ឥឡូវ​នេះ ទ្រង់​លែង​ខឹង​ទៀត​ហើយ គឺ​ទ្រង់​សំរាល​ទុក្ខ​ខ្ញុំ។

សូមមើលជំពូក



អេសាយ 12:1
55 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​ផឹក​ស្រា​ឆ្ងាញ់ៗ​ទៅ សូម​យក​ខ្លះ​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំឲ្យ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។


ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ អ្នក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ។


ហើយ​នេះ​នឹង​បាន​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិឡ​ល្មើស​នឹង​ចូល​ទៅ នៅ​ចំពោះ​ព្រះ‌អង្គ​មិន​បាន។


ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។


ព្រះ‌អង្គ​នឹង​ចម្រើនឲ្យ​ទូល‌បង្គំ កាន់​តែ​មាន​កិត្ដិយស​ឡើង ហើយកម្សាន្ត​ចិត្ត​ទូល‌បង្គំ​ជា​ថ្មី។


៙ ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ សូម​លើក​មុខ​យើង​ខ្ញុំ​ឡើង​វិញ សូម​ឈប់​គ្នាន់‌ក្នាញ់​ចំពោះ​យើង​ខ្ញុំ​ទៅ!


សូម​សម្ដែង​ទី​សម្គាល់​មួយ ពី​សេចក្ដី​ល្អ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស ដោយ​សារ​តែ​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ហើយ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ។


ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ទូល‌បង្គំ​នឹង​និទាន​ពី​អស់​ទាំង​ការ​អស្ចារ្យ របស់​ព្រះ‌អង្គ


ដ្បិត​នៅ​តែ​បន្តិច​ទៀត សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​បាន​សម្រេច ហើយ​សេចក្ដី​ក្រោធ​របស់​យើង នឹង​បែរ​ទៅ​ជា​បំផ្លាញ​ដល់​គេ​វិញ»។


នៅ​គ្រា​នោះ អ្នក​នឹង​បាន​កន្លែង​ឱន​ចុះ នៅ​កណ្ដាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក ដែល​ត្រូវ​គេ​សម្លាប់ ទោះ​បើ​ធ្វើ​ទោស​យ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។


នោះ​នឹង​មាន​ថ្នល់​មួយ​សម្រាប់​ពួក​សំណល់ នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​រួច​ពី​ស្រុក​អាស‌ស៊ើរ​មក ដូច​ជា​មាន​សម្រាប់​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។


នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​បាន​សម្រាក​ពី​សេចក្ដី​ទុក្ខ សេចក្ដី​វេទនា ហើយ​ពី​ការ​បម្រើ​យ៉ាង​រឹង‌រូស​ដែល​គេ​បាន​ចាប់​ប្រើ​អ្នក


ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​ត្រូវ​បង្ឱន​ទាប​វិញ នៅ​គ្រា​នោះ​មាន​តែ​ព្រះ‌យេហូវ៉ា មួយ​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។


នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា៖ មើល៍ នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់‌ចាំ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ យើង​បាន​រង់‌ចាំ​ព្រះ‌អង្គ យើង​នឹង​មាន​ចិត្ត​រីក‌រាយ ហើយ​ត្រេក‌អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ។


នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា៖ យើង​មាន​ទី​ក្រុង​មួយ​ដ៏​មាំ‌មួន ព្រះ‌អង្គ​នឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ ទុក​ជា​កំផែង ហើយ​ជា​ទី​ការពារ​យើង។


ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ និង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។


ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ព្រោះ​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ របស់​ព្រះ‌អង្គ​ដែល​ត្រូវ​រង​ទុក្ខ​វេទនា។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច‌បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន របស់​ព្រះ‌យេហូវ៉ា​ដែរ មាន​អំណរ និង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ និង​សំឡេង​តន្ត្រី​ពីរោះ​ផង។


ដ្បិត​យើងបាន​បោះ‌បង់​ចោល​អ្នក​តែ​មួយ​ភ្លែត​ទេ តែ​យើង​នឹង​ទទួល​អ្នក​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង។


ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​គេច​មុខ​ចេញ​ពី​អ្នក​នៅ​តែ​មួយ​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​យើង​នឹង​អាណិត​អាសូរ​ដល់​អ្នក ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​វិញ។


ការ​នេះ​ប្រៀប​ដូច​ជា​ទឹក​ជន់ នៅ​ជំនាន់​ណូអេ ដល់​យើង ហើយ​ដែល​យើង​បាន​ស្បថ​ថា ទឹក​ជន់​នៅ​ជំនាន់​ណូអេ​នឹង​មិន ដែល​គ្រប​លើ​ផែនដី​ទៀត​ជា​យ៉ាង​ណា នោះ​យើង​ក៏​ស្បថ​ថា យើង​នឹង​មិន​ដែល​មាន​សេចក្ដី​ក្រោធ​ចំពោះ​អ្នក ឬ​បន្ទោស​អ្នក​ត​ទៅ​យ៉ាង​នោះ​ដែរ។


ពួក​សាសន៍​ដទៃ​នឹង​សង់​កំផែង​អ្នក​ឡើង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គោរព​ដល់​អ្នក ដ្បិត​ទោះ​បើ​យើង​បាន​វាយ​អ្នក ក្នុង​ពេល​ដែល​មាន​សេចក្ដី​ក្រោធ​ក៏​ដោយ តែ​យើង​បាន​អាណិត​ដល់​អ្នក ក្នុង​គ្រា​ដែល​ផ្តល់​ព្រះ‌គុណ។


ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន​ខ្ញុំ ដោយ​សម្លៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ព្រះ‌អង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្តី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លម្អ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ។


ព្រះ‌អង្គ​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ព្រះ‌អង្គ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប ព្រោះ​យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ។


ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​មាន​អំណរ ហើយ​រីក‌រាយ​ជា​ដរាប​ចំពោះ​ការ​ដែល​យើង​បង្កើត​នោះ ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជាជន​ទាំង‌ឡាយ​ជា​អំណរ។


យើង​នឹង​កម្សាន្ត​ចិត្ត​អ្នក ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​កម្សាន្ត​ចិត្ត ចំពោះ​ក្រុង​យេរូ‌សាឡិម។


ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ និង​សំឡេង​អរ​សប្បាយ ចេញ​ពី​នោះ​មក យើង​នឹង​ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង គេ​មិន​មាន​គ្នា​តិច​ឡើយ យើង​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំថ្កើង​ឡើង គេ​មិន​មែន​ជា​នគរ​តូច​ទា​ប​ទៀត​ទេ។


គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​លោត​កព្ឆោង ព្រម​ទាំង​ពួក​កំលោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​យើង​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ ទៅ​ជា​អំណរ​វិញ ហើយ​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។


ឱ​អេប្រាអិម​អើយ តើ​ឲ្យ​យើង​បោះ​បង់​អ្នក​ម្ដេច​បាន? ឱ​អ៊ីស្រា‌អែល​អើយ តើ​ឲ្យ​យើង​ប្រគល់​អ្នក​ទៅ​គេ​ម្ដេច​បាន? តើ​ឲ្យ​យើង​ធ្វើ​ចំពោះ​អ្នក ដូច​ក្រុង​អាត់ម៉ា​ម្ដេច​បាន? តើ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក ដូច​ក្រុង​សេ​បោ​ម្តេច​បាន? យើង​មិន​ដាច់​ចិត្ត​ធ្វើ​ទៅ​កើត​ទេ សេចក្ដី​អាណិត​អាសូរ​របស់​យើង​បាន​រំជួល​ឡើង ហើយ​ចិត្ត​យើង​ក៏​ទន់​ទៅ។


ចូរ​នាំ​គ្នា​មក យើង​វិល​ទៅ​រក​ព្រះ‌យេហូវ៉ា​វិញ ដ្បិត​ព្រះ‌អង្គ​បាន​ហែក‌ហួរ​ពួក​យើង ហើយ​ព្រះ‌អង្គ​ក៏​នឹង​ប្រោស​យើង​ឲ្យ​ជា ព្រះ‌អង្គ​បាន​វាយ​ឲ្យ​របួស ហើយ​ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​យើង​ដែរ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​វិល​មក​ក្រុង​យេរូ‌សាឡិម ទាំង​មាន​សេចក្ដី​អាណិត​មេត្តា វិហារ​របស់​យើង​នឹង​បាន​សង់​ឡើង​វិញ​នៅ​ទី​នេះ ហើយ​នឹង​មាន​ខ្សែ​វាស់​សន្ធឹង​នៅ​លើក្រុង​យេរូ‌សាឡិម នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ចារឹក​ទុក​នៅ​លើ​ចង្ក្រង់​សេះ​ថា «បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា» ហើយ​ថ្លាង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ចាន ដែល​នៅ​មុខ​អាសនា​ដែរ។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​នឹង​មាន​តែ​មួយ​ដែរ។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្តចំពោះ​សំណល់​ជន​ជាតិ​នេះ ដូច​កាលពី​មុន​ទៀត​ទេ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ពេល​តម​អាហារ​ក្នុង​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទីប្រាំពីរ និង​ខែ​ទីដប់​នោះ ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គគ្រឹក‌គគ្រេង​សម្រាប់​ពួក​វង្ស​យូដា។ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ​សាន្ត»។


ដ្បិត​បើ​ការ​បោះ​បង់​ចោល​របស់​គេ ជា​ការ​ផ្សះ​ផ្សា​ដល់​ពិភព‌លោក​ទៅ​ហើយ ចុះ​ចំណង់​បើ​ការ​ទទួល​របស់​គេ នោះ​នឹង​បាន​ជា​យ៉ាង​ណា​ទៅ! តើ​មិន​មែន​ជា​ជីវិត​ដែល​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ​ឬ?