Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យេរេមា 30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះបន្ទូល​សន្យា​អំពី​ការស្រោច​ស្រង់​អ៊ីស្រា‌អែល និង​យូដាឡើង​វិញ

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ថា៖

2 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​អ្នក​សរសេរ​អស់​ទាំង​ពាក្យ ចុះ​ក្នុង​សៀវភៅ ដូច​យើង​បាន​ប្រាប់​អ្នក។

3 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​នាំ​ប្រជា‌រាស្ត្រ​យើង ជា​ពួក​ឈ្លើយ គឺ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា យើង​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​របស់​ខ្លួន។

4 នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា

5 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​បាន​ឮ​សំឡេង​ញាប់‌ញ័រ គឺ​មាន​សេចក្ដី​ភិត‌ភ័យ មិន​មែន​ជា​សេចក្ដី​សុខ​ទេ។

6 ចូរ​ស៊ើប​សួរ​ឥឡូវ ឲ្យ​ដឹង តើ​មនុស្ស​ប្រុស​ដែល​ឈឺ​សម្រាល​កូន​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ឃើញ​ប្រុសៗ​ទាំង​អស់ កំពុង​តែ​យក​ដៃ​ស្ទឹម​ចុច​ចង្កេះ ដូច​ជា​ស្រី​ដែល​ឈឺ​ចាប់ ហៀប​នឹង​សម្រាល​កូន ហើយ​មុខ​គេ​ក៏​ស្លេក‌ស្លាំង​គ្រប់​គ្នា​ដូច្នេះ?

7 វរ​ហើយ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​គួរ​ស្បើម ដែល​គ្មាន​ថ្ងៃ​ណា​មួយ​ឲ្យ​ដូច​ឡើយ នោះ​ជា​គ្រា​វេទនា​របស់​ពួក​យ៉ាកុប ប៉ុន្តែ គេ​នឹង​បាន​ប្រោស​ឲ្យ​រួច​ចេញ​ពី​គ្រា​នោះ។

8 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាក់​នឹម​ចេញ​ពី​ក​របស់​គេ ក៏​នឹង​ផ្តាច់​ចំណង​របស់​គេ​ដែរ។ ពួក​សាសន៍​ដទៃ​នឹង​លែង​ធ្វើ​ជា​ចៅ​ហ្វាយ​របស់​គេ​ទៀត​ហើយ។

9 គឺ​គេ​នឹង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ និង​ដាវីឌ ជា​ស្តេច​របស់​គេ ជា​អ្នក​ដែល​យើង​នឹង​តាំង​ឡើង​ឲ្យ​គ្រង​រាជ្យ​លើ​គេ។

10 ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​យ៉ាកុប ជា​អ្នក​បម្រើ​យើង​អើយ កុំ​ខ្លាច​ឡើយ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ស្រយុត​ចិត្ត​ដែរ ដ្បិត​យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​មក​ពី​ឆ្ងាយ និង​ពូជ‌ពង្ស​អ្នក​មក​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​នៅ​ដោយ​សុខ​សាន្ត និង​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ។

11 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក ពី​ព្រោះ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នោះ ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​អ្នក​ផុត​ទេ គឺ​យើង​នឹង​វាយ​ផ្ចាល​អ្នក​តាម​ខ្នាត យើង​មិន​បណ្តោយ​ឲ្យ​អ្នក​នៅ​ដោយ​ឥត​វាយ​ផ្ចាល​ឡើយ។

12 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដំបៅ​អ្នក​មើល​មិន​ជា​ទេ ហើយ​របួស​អ្នក​ក៏​ធ្ងន់​ណាស់​ផង។

13 គ្មាន​អ្នក​ណា​កាន់​ក្ដី​អ្នក ដើម្បី​នឹង​រុំ​របួស​អ្នក​សោះ អ្នក​ក៏​គ្មាន​ថ្នាំ​ណា​ផ្សះ។

14 សហាយ​របស់​អ្នក​បាន​ភ្លេច​អ្នក​ហើយ គេ​មិន​រក​អ្នក​ទៀត​ទេ ព្រោះ​យើង​បាន​វាយ​អ្នក​ឲ្យ​របួស ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ​ផ្ចាល​អ្នក ដូច​ជា​មនុស្ស​សាហាវ ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​អ្នក​មាន​ច្រើន​ណាស់ បាប​អ្នក​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ។

15 ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ដោយ​ព្រោះ​ដំបៅ​អ្នក​ដូច្នេះ? សេចក្ដី​ឈឺ​ចាប់​របស់​អ្នក មើល​មិន​ជា​ទេ យើង​បាន​ធ្វើ​ដល់​អ្នក​យ៉ាង​នេះ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​អ្នក​មាន​ច្រើន​ពេក បាប​អ្នក​បាន​ចម្រើន​ជា​ច្រើន​ឡើង​ហើយ។

16 ដូច្នេះ អស់​អ្នក​ណា​ដែល​ត្របាក់​ស៊ី​អ្នក នឹង​ត្រូវ​គេ​ត្របាក់​ស៊ី​វិញ អស់​ទាំង​ខ្មាំង​សត្រូវ​របស់​អ្នក គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​គ្រប់​គ្នា​ដែរ ពួក​អ្នក​ដែល​ជិះ​ជាន់​អ្នក នឹង​ត្រូវ​គេ​ជិះ​ជាន់​ដូច​គ្នា ហើយ​អស់​អ្នក​ដែល​ប្លន់​អ្នក យើង​នឹង​ឲ្យ​មាន​គេ​ប្លន់​អ្នក​នោះ​វិញ។

17 ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​មើល​អ្នក​ឲ្យ​ជា ហើយ​នឹង​ធ្វើ​ឲ្យ​របួស​អ្នក​បាន​សះ ពី​ព្រោះ​គេ​បាន​ហៅ​អ្នក​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ជា​ក្រុង​ស៊ីយ៉ូន គ្មាន​អ្នក​ណា​រាប់​រក​សោះ។

18 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​នាំ​ពួក​ឈ្លើយ ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុបឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​មាន​សេចក្ដី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញនៅ​លើ​គំនរ​ចាស់ ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម។

19 ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ និង​សំឡេង​អរ​សប្បាយ ចេញ​ពី​នោះ​មក យើង​នឹង​ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង គេ​មិន​មាន​គ្នា​តិច​ឡើយ យើង​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំថ្កើង​ឡើង គេ​មិន​មែន​ជា​នគរ​តូច​ទា​ប​ទៀត​ទេ។

20 កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​កាល​ពី​ដើម ហើយ​ក្រុម​ជំនុំ​របស់​គេនឹង​បាន​តាំង​ឡើង​នៅ​ចំពោះ​យើង យើង​ធ្វើ​នឹង​ទោស​ដល់​អស់​អ្នក​ណា ដែល​សង្កត់‌សង្កិន​គេ។

21 ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក ហើយ​ចៅ‌ហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្ដាល​ពួក​គេ​ដែរ យើង​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​យើង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន ហ៊ាន​ចូល​មក​ជិត​យើង​ដូច្នេះ​ឬ?

22 អ្នក​រាល់​គ្នា​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

23 មើល៍! ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ចេញ​មក​ហើយ គឺ​ជា​ខ្យល់​កួច​ដែល​បោស​រំលីង ខ្យល់​នោះ​នឹង​ធ្លាយ​មក​លើ​ក្បាល​របស់​ពួក​អាក្រក់។

24 សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា នឹង​មិន​វិល​មក​វិញ ដរាប​ដល់​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នោះ​អ្នក​រាល់​គ្នា​នឹង​យល់។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម