Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មើល៍! ភ្នែក​ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍ ទាំង​អស់​នេះ​ហើយ ត្រចៀក​ខ្ញុំ​ក៏​បាន​ឮ ហើយ​យល់​ដែរ។

2 អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ដឹង ខ្ញុំ​ក៏​ដឹង​ដែរ ខ្ញុំ​មិន​អន់​ជាង​អ្នក​រាល់​គ្នា​ទេ។

3 ប៉ុន្តែ ខ្ញុំ​ចង់​ទូល​ដល់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា វិញ ខ្ញុំ​ប៉ង​នឹង​ត​តប​នឹង​ព្រះ​តែ​ម្តង

4 ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក បង្កើត​សេចក្ដី​កំភូត​ទទេ អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់។

5 ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ នោះ​នឹង​សម្ដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន

6 ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ របស់​បបូរ​មាត់​ខ្ញុំ​សិន។

7 តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ?

8 តើ​ចង់​យោគ‌យល់​ខាង​ព្រះ ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ព្រះ‌អង្គ​ឬ?

9 អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ព្រះ‌អង្គ ស្ទង់​ចិត្តរបស់​អ្នក​ឬ​ទេ? ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ព្រះ‌អង្គ ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ?

10 បើ​អ្នក​រាល់​គ្នា​លម្អៀង ទៅ​ខាង​ណា​ដោយ​សម្ងាត់ នោះ​ប្រាកដ​ជា​ព្រះ‌អង្គ​នឹង​បន្ទោស ដល់​អ្នក​រាល់​គ្នា​ហើយ។

11 តើ​តេជា‌នុភាព​របស់​ព្រះ‌អង្គ មិន​នាំ​អ្នក​រាល់​គ្នា​ឲ្យ​កោត​ខ្លាច ហើយ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ?

12 សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់ សេចក្ដី​ដោះ‌សា​របស់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​ភក់​ទទេ។

13 សូម​នៅ​ស្ងៀម​សិន កុំ​ធ្វើ​ខ្ញុំ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​រាល់​គ្នា រួច​តាម​តែ​កើត​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ។

14 ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ក្នុង​ដៃ។

15 ទោះ​បើ​ព្រះ‌អង្គ​សម្លាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ខ្ញុំ​នឹង​ចេះ​តែ​ជជែក​ពី​សេចក្ដី​សុចរិត នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌អង្គ។

16 ហើយ​នេះ​នឹង​បាន​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិឡ​ល្មើស​នឹង​ចូល​ទៅ នៅ​ចំពោះ​ព្រះ‌អង្គ​មិន​បាន។

17 ចូរ​ប្រុង​ស្តាប់​សេចក្ដី​របស់​ខ្ញុំ​ចុះ ហើយ​ឲ្យ​សេចក្ដី​ថ្លែង​ប្រាប់​របស់​ខ្ញុំ បាន​ចូល​ក្នុង​ត្រចៀក​អ្នក​រាល់​គ្នា​ផង។

18 មើល៍ ឥឡូវ​នេះ ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់ ខ្ញុំ​ដឹង​ហើយ ថា​ខ្ញុំ​នៅ​ខាង​សុចរិត។

19 តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ? បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។


លោក​យ៉ូប​អធិស្ឋានពីការ​ខូច​ចិត្ត

20 ឱ​សូម​ព្រះ‌អង្គ​ប្រោស​សេចក្ដី​តែ​ពីរ​មុខ​នេះ ដល់​ទូល‌បង្គំ​ចុះ នោះ​ទូល‌បង្គំ​នឹង​មិន​លាក់​ខ្លួន ពី​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ឡើយ

21 គឺ​សូម​ព្រះ‌អង្គ​ដក​ព្រះ‌ហស្ត​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ចេញ ហើយ​សូម​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ មក​បំភ័យ​ទូល‌បង្គំ​ទៀត។

22 នោះ​សូម​ព្រះ‌អង្គ​ហៅ​ទូល‌បង្គំ​ចុះ ទូល‌បង្គំ​នឹង​ឆ្លើយ​តប ឬ​សូម​ឲ្យ​ទូល‌បង្គំ​ទូល​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​វិញ។

23 តើ​អំពើ​ទុច្ចរិត និង​អំពើ​បាប របស់​ទូល‌បង្គំ​មាន​ប៉ុន្មាន? សូម​ព្រះ‌អង្គ​សម្ដែង​ឲ្យ​ទូល‌បង្គំ បាន​ស្គាល់អស់​ទាំង​អំពើ​រំលង និង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង។

24 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ?

25 ហេតុ​អ្វី​ព្រះ‌អង្គ​វាយ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់ ហើយ​ដេញ​តាម​ចំបើង​ក្រៀម?

26 ដ្បិត​ព្រះ‌អង្គ​បាន​កត់​ទុក​អស់​ទាំង សេចក្ដី​ជូរ​ល្វីង​ទាស់​នឹង​ទូល‌បង្គំ ហើយ​ឲ្យ​ទូល‌បង្គំ​ទទួល​ទោស នៃ​បាប​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ក្មេង។

27 ព្រះ‌អង្គ​ដាក់​ជើង​ទូល‌បង្គំ​ជាប់​នៅ​ខ្នោះ ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​ច្រក​នៃ​ទូល‌បង្គំ ហើយ​ព្រះ‌អង្គ​គូស​ព្រំ‌ដែន មិន​ឲ្យ​ដាន​ជើង​ទូល‌បង្គំ​រំលង​ឡើយ។

28 ទូល‌បង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស ហើយ​ដូច​ជា​អាវ ដែល​កន្លាត បាន​កាត់​អស់​ហើយ​ផង។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម