អេសាយ 12 - អាល់គីតាបទំនុកតម្កើងអរគុណអុលឡោះ 1 នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱអុលឡោះតាអាឡាអើយ! ខ្ញុំនឹងលើកតម្កើងទ្រង់។ ពីមុន ទ្រង់ខឹងនឹងខ្ញុំ ឥឡូវនេះ ទ្រង់លែងខឹងទៀតហើយ គឺទ្រង់សំរាលទុក្ខខ្ញុំ។ 2 អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។ 3 អុលឡោះជាអ្នកសង្គ្រោះមនុស្សគ្រប់គ្នា ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ ដោយអំណរសប្បាយដ៏លើសលប់។ 4 នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរគុណអុលឡោះតាអាឡា ចូរប្រកាសនាមរបស់ទ្រង់ ចូរថ្លែងពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំលឹកឲ្យគ្រប់ៗគ្នាដឹងថា នាមរបស់ទ្រង់ឧត្ដុង្គឧត្ដមណាស់។ 5 ចូរច្រៀងទំនុកតម្កើងជូនអុលឡោះតាអាឡា ដ្បិតទ្រង់បានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះ ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង! 6 អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលនៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម! |
© 2014 United Bible Societies, UK.
United Bible Societies