Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ប្រសាសន៍​របស់​លោក​សូផារ៖ លោក​យ៉ូប​មាន​កំហុស​ត្រូវ​ទទួល​ទោស

1 ពេល​នោះ សូផារ ជា​សាសន៍​ណាអា‌ម៉ា ឆ្លើយ​ឡើង​ថា៖

2 «ដែល​មាន​ពាក្យ​សម្ដី​ជា​ច្រើន​ដល់​ម៉្លេះ តើ​មិន​គួរ​ឆ្លើយ​ត​ទេ​ឬ? តើ​គួរ​រាប់​មនុស្ស​ហៃ​និយាយ​ទុក​ជា​សុចរិត​ឬ?

3 តើ​ពាក្យ​អំនួត​របស់​អ្នក នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្ងៀម​បាន​ឬ? កាល​ណា​អ្នក​ឡក‌ឡឺយ​យ៉ាង​នេះ តើ​មិន​ត្រូវ​មាន​គេ​ធ្វើ​ឲ្យ​អ្នក​ខ្មាស​ដែរ​ឬ?

4 ដ្បិត​អ្នក​និយាយ​ថា "គោល‌លទ្ធិ​របស់​ខ្ញុំ​ស្អាត​បរិ​សុទ្ធ ខ្ញុំ​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ "។

5 ឱ​បើ​ព្រះ​នឹង​មាន​ព្រះ‌បន្ទូល​មក ហើយ​បើក​ព្រះ‌រឹម​ទាស់​នឹង​អ្នក

6 ដើម្បី​នឹង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់ សេចក្ដី​អាថ៌‌កំបាំង​នៃ​ប្រាជ្ញា នោះ​អ្នក​នឹង​ឃើញ​ថា ខ្លឹម​នៃ​សេចក្ដី​នឹង​យល់​បាន​ច្រើន​យ៉ាង ដូច្នេះ ចូរ​ដឹង​ថា ព្រះ​យក​ទោស​ស្រាល​ជាង សេចក្ដី​ដែល​សំណំ​នឹង​អំពើ​ទុច្ចរិត​របស់​អ្នក​វិញ។

7 តើ​អ្នក​អាច​ស្វែងយល់ ពី​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​បាន​ឬ? តើ​អាច​ស្វែង​យល់​ពីដែន​កំណត់​របស់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា បាន​ឬ?

8 សេចក្ដី​នោះ​ខ្ពស់​ជាង​ស្ថាន​សួគ៌ ទៅ​ទៀត តើ​អ្នក​អាច​នឹង​ធ្វើ​យ៉ាង​ណា? ក៏​ជ្រៅ​ជាង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដឹង​បាន?

9 បើ​វាស់ នោះ​ក៏​វែង​ជាង​ផែនដី ហើយ​ធំ​ជាង​សមុទ្រ​ទៅ​ទៀត។

10 បើ​ព្រះ‌អង្គ​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជម្រះ តើ​អ្នក​ណា​អាច​នឹង​ឃាត់​ព្រះ‌អង្គ​បាន?

11 ដ្បិត​ព្រះ‌អង្គ​ស្គាល់​មនុស្ស​កំភូត ព្រះ‌អង្គ​ក៏​ឃើញ​អំពើ​ទុច្ចរិត ឥត​ចាំ​ពិចារ‌ណា​ផង

12 មនុស្ស​ល្ងីល្ងើនឹង​មិន​មាន​យោបល់​សោះ លុះ​ត្រា​តែ​សត្វ​លា​ព្រៃ​កើត​មក​ជា​មនុស្ស។

13 បើ​អ្នក​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ព្រះ‌អង្គ

14 ព្រម​ទាំង​បោះ‌បង់​សេចក្ដី​អាក្រក់ ដែល​នៅ​ដៃ​អ្នក​ចេញ ហើយ​មិន​ឲ្យ​មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ។

15 ប្រាកដ​ជា​អ្នក​នឹង​ងើប​មុខ​ឡើង ឥត​មាន​ប្រឡាក់​អ្វី​សោះ អ្នក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វីឡើយ។

16 ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្ដី​វេទនា​របស់​អ្នក​ទៅ អ្នក​នឹង​នឹក​ចាំ​ពី​សេចក្ដី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ។

17 ជីវិត​នៃ​អ្នក​នឹង​បាន​ត្រចះ​ថ្លា​ជាង​ពេល​ថ្ងៃ​ត្រង់ ប្រសិន‌បើ​មាន​សេចក្ដី​ងងឹត​ខ្លះ នោះ​នឹង​បាន​ដូច​ជា​ពេល​ព្រឹក‌ព្រាង​ឡើង​វិញ។

18 អ្នក​នឹង​បាន​សាន្ត‌ត្រាណ ដោយ​ព្រោះ​មាន​ទី​សង្ឃឹម អ្នក​នឹងមាន​អ្នក​ការ​ពារជុំ‌វិញ ហើយ​សម្រាក​ដោយ​សុខ‌សាន្ត។

19 អ្នក​នឹង​ដេក​ដោយ​ឥត​មាន​អ្នក​ណា បំភ័យ​អ្នក​ឡើយ ហើយ​មនុស្ស​ជា​ច្រើន​នឹង​មក​អង្វរ​ដល់​អ្នក។

20 ប៉ុន្តែ ភ្នែក​របស់​ពួក​មនុស្ស​អាក្រក់​វិញ នឹង​ត្រូវ​ងងឹត​ទៅ គេ​នឹង​រក​ទី​ពឹង​គ្មាន ហើយ​សេចក្ដី​សង្ឃឹម​របស់​គេ នឹង​បាន​ជា​សេចក្ដី​ស្លាប់​នោះ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម