Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


រាជ្យ​របស់​ព្រះ‌មែស្ស៊ី

1 មាន​លំពង់​មួយ​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​មួយ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ។

2 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។

3 អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​ជំនុំ‌ជម្រះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សម្រេច​សេចក្ដី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ

4 គឺ​នឹង​ជំនុំ‌ជម្រះ​ពួក​ទាល់‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សម្រេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង។

5 សេចក្ដី​សុចរិត​នឹង​បាន​ជា​ខ្សែ​ក្រវាត់​ចង្កេះ របស់​អ្នក​នោះ ហើយ​សេចក្ដី​ស្មោះ‌ត្រង់​ជា​ខ្សែ​ក្រវាត់​កម្លាំង​ផង។

6 នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា‌មួយ​កូន​ចៀម ឯ​ខ្លា‌រខិន នឹង​ដេក​នៅ​ជា‌មួយ​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា‌មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​គង្វាល​វា។

7 គោ​ញី និង​ខ្លា​ឃ្មុំ​នឹង​រក​ស៊ី​ជា‌មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា‌មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។

8 កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុ‌មាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង រូង​ពស់​វែក​បាន។

9 វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ។


ពួក​អ៊ីស្រា‌អែល និងពួក​យូដា​ដែល​ជាប់​ជា​ឈ្លើយ​បាន​វិល​ត្រឡប់​មក​វិញ

10 នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន​ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សម្រាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។

11 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ

12 ព្រះ‌អង្គ​នឹង​លើក​ទង់​មួយ​ឡើង សម្រាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់‌ប្រាស នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់‌ខ្ចាយ​របស់​សាសន៍​យូដា មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី។

13 ឯ​សេចក្ដី​ច្រណែន​របស់​ពួក​អេប្រាអិម នោះ​នឹង​បាត់​ទៅ ហើយ​អស់​អ្នក​ក្នុង​ពួក​យូដា​ដែល​ធ្វើ​ទុក្ខ​គេ នឹង​ត្រូវ​កាត់​ចេញ ពួក​អេប្រាអិម​នឹង​លែង​មាន​សេចក្ដី​ច្រណែន ចំពោះ​ពួក​យូដា ហើយ​ពួក​យូដា​នឹង​លែង​ធ្វើ​ទុក្ខ ដល់​ពួក​អេប្រាអិម។

14 គេ​នឹង​រួម​ចិត្ត​គ្នា​ឆាប​ចុះ​ទៅ​លើ​ស្មា សាសន៍​ភីលី‌ស្ទីន​នៅ​ទិស​ខាង​លិច ក៏​នឹង​ប្លន់​ពួក​អ្នក​នៅ​ស្រុក​ខាង​កើត​ជា‌មួយ​គ្នា គេ​នឹង​លូក​ដៃ​ទៅ​បង្ក្រាប​សាសន៍​អេដុម នឹង​សាសន៍​ម៉ូអាប់ ឯ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ស្តាប់​បង្គាប់​គេ​ដែរ។

15 ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​ដៃ​សមុទ្រ​អេស៊ីព្ទ អស់​រលីង ហើយ​នឹង​លើក​ព្រះ‌ហស្ត ទៅ​លើ​ទន្លេ បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ ទៅ​វាយ​ទន្លេ​ឲ្យ​បែក​ជា​ប្រាំពីរ​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ដែល​ពាក់​ស្បែក​ជើង ដើរ​ឆ្លង​ទៅ​បាន។

16 នោះ​នឹង​មាន​ថ្នល់​មួយ​សម្រាប់​ពួក​សំណល់ នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​រួច​ពី​ស្រុក​អាស‌ស៊ើរ​មក ដូច​ជា​មាន​សម្រាប់​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​គេ​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក​ដែរ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម