ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។
លោកុប្បត្តិ 17:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។ ព្រះគម្ពីរខ្មែរសាកល យើងនឹងប្រគល់ទឹកដីដែលអ្នកស្នាក់នៅបណ្ដោះអាសន្ន គឺដែនដីកាណានទាំងមូលដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក ទុកជាកម្មសិទ្ធិដ៏អស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯងនឹងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។ អាល់គីតាប យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាម្ចាស់របស់ពូជពង្សអ្នក»។ |
ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។
ដ្បិតស្រុកទាំងប៉ុន្មានដែលអ្នកមើលឃើញ យើងនឹងប្រគល់ឲ្យអ្នក និងដល់ពូជពង្សរបស់អ្នករហូតតទៅ។
ចូរក្រោកឡើង ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។
«ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែស្នាក់នៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះ សូមចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់អ្នករាល់គ្នាមកខ្ញុំ ដើម្បីឲ្យខ្ញុំបានយកសពប្រពន្ធខ្ញុំ ដែលនៅមុខខ្ញុំនេះទៅបញ្ចុះផង»។
នៅយប់នោះឯង ព្រះយេហូវ៉ាបានលេចមកឲ្យលោកឃើញ មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អ័ប្រាហាំឪពុកអ្នក ដូច្នេះ កុំខ្លាចអ្វីឡើយ ដ្បិតយើងនៅជាមួយ ហើយនឹងឲ្យពរអ្នក ទាំងចម្រើនពូជពង្សរបស់អ្នកឲ្យច្រើនឡើង ដោយយល់ដល់អ័ប្រាហាំជាអ្នកបម្រើរបស់យើង»។
សូមព្រះអង្គប្រទានពររបស់លោកអ័ប្រាហាំដល់កូន និងពូជពង្សរបស់កូន ដើម្បីឲ្យកូនបានទទួលស្រុកដែលស្នាក់នៅ ទុកជាកេរអាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់លោកអ័ប្រាហាំ!»។
លោកយ៉ាកុបបានទៅរកលោកអ៊ីសាកជាឪពុកនៅម៉ាមរេ ឬក្រុងគាយ៉ាត-អើបា(គឺក្រុងហេប្រុន) ជាកន្លែងដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។
ដ្បិតទ្រព្យសម្បត្តិរបស់ពួកគេមានច្រើនពេក មិនអាចរស់នៅជាមួយគ្នាបាន។ ស្រុកដែលគេស្នាក់អាស្រ័យនៅ មិនល្មមនឹងចិញ្ចឹមគេបានទេ ព្រោះតែហ្វូងសត្វរបស់គេ។
លោកយ៉ាកុបបានរស់នៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានស្នាក់អាស្រ័យនៅ។
ព្រះអង្គមានព្រះបន្ទូលមកពុកថា "មើល៍ យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើន ហើយកើនចំនួនឡើងឲ្យអ្នកបានទៅជាជាតិសាសន៍ច្រើនរួមគ្នាតែមួយ យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ទុកជាកេរអាកររហូតតទៅ"។
តើវង្សរបស់ខ្ញុំមិនមែនដូច្នេះ នៅចំពោះព្រះទេឬ? ដ្បិតព្រះអង្គបានតាំងសញ្ញានឹងខ្ញុំ ឲ្យនៅជាប់អស់កល្បជានិច្ច ជាសញ្ញាដែលមានរបៀបរៀបរយ ហើយពិតប្រាកដ។ តើមិនមែនព្រះអង្គ ដែលប្រទានឲ្យខ្ញុំបានចម្រើនឡើង ហើយជួយខ្ញុំឲ្យមានសេចក្ដីប៉ងប្រាថ្នាគ្រប់យ៉ាង?
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ
ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ករបស់អ្នក»។
ជាសេចក្ដីសញ្ញាដែលព្រះអង្គ បានតាំងជាមួយលោកអ័ប្រាហាំ ជាសេចក្ដីសន្យាដែលព្រះអង្គ បានស្បថជាមួយលោកអ៊ីសាក
កាលណាព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់សាសន៍កាណាន ដូចព្រះអង្គបានស្បថនឹងអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងប្រទានស្រុកនោះឲ្យអ្នករាល់គ្នា
នោះចៅហ្វាយត្រូវនាំគេទៅចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬក្របទ្វារផ្ទះ ហើយយកដែកចោះមកចោះត្រចៀករបស់គេ ដូច្នេះ អ្នកនោះនឹងត្រូវនៅបម្រើចៅហ្វាយជារៀងរហូត។
សូមនឹកចាំពីលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានស្បថនឹងលោកទាំងនោះ ដោយព្រះអង្គទ្រង់ថា "យើងនឹងចម្រើនពូជអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ ឯស្រុកទាំងនេះដែលយើងបានសន្យាថានឹងឲ្យដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះទុកជាមត៌ករហូតតទៅ"»។
ហើយចាក់ប្រេងតែងតាំងពួកគេ ដូចជាបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យគេបានបំពេញមុខងារជាសង្ឃបម្រើយើង។ ពិធីចាក់ប្រេងនេះនឹងបញ្ជាក់ថា ពួកគេនឹងបានជាសង្ឃជាប់នៅរៀងរហូត គ្រប់ជំនាន់តទៅ»។
យើងក៏បានតាំងសញ្ញាជាមួយគេថា នឹងប្រគល់ស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅដូចជាអ្នកដទៃ។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ។
ព្រះអង្គបានមានព្រះបន្ទូលថា៖ ចូរអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះអ្នករាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់អ្នក និងបុព្វបុរសអ្នក តាំងពីបុរាណ ហើយរហូតតទៅ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ យើងនឹងធ្វើជាព្រះដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេជាប្រជារាស្ត្ររបស់យើង។
ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។
«កូនមនុស្សអើយ ពួកអ្នកដែលអាស្រ័យនៅកន្លែងបាក់បែក ក្នុងស្រុកអ៊ីស្រាអែល គេថា លោកអ័ប្រាហាំជាមនុស្សតែម្នាក់ទេ ហើយលោកបានទទួលស្រុកនេះទុកជាមត៌ក ឯយើងរាល់គ្នាមានគ្នាច្រើន ស្រុកនេះក៏បានប្រគល់មកយើងទុកជាមត៌កដែរ។
«ពេលអ្នករាល់គ្នាបានចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលយើងនឹងឲ្យជាកេរអាករដល់អ្នករាល់គ្នា បើយើងធ្វើឲ្យមានរោគឃ្លង់ក្នុងផ្ទះណាមួយនៅស្រុករបស់អ្នក
នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នា នៅអស់កល្បជានិច្ច ដើម្បីឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលមួយឆ្នាំម្តង ដោយព្រោះអស់ទាំងអំពើបាបរបស់គេ»។ លោកក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
យើងនឹងដើរនៅកណ្ដាលពួកអ្នក ព្រមទាំងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជារាស្ត្ររបស់យើង។
យើងនឹងនាំគេមក គេនឹងរស់នៅក្នុងក្រុងយេរូសាឡិម គេនឹងក្លាយជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត»។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ហូបាប់ ជាកូនរបស់រេហួល សាសន៍ម៉ាឌាន ដែលត្រូវជាឪពុកក្មេកលោកម៉ូសេថា៖ «ពួកយើងធ្វើដំណើរឆ្ពោះទៅកន្លែងដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "យើងនឹងឲ្យស្រុកនេះដល់អ្នករាល់គ្នា"។ ដូច្នេះ សូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងប្រព្រឹត្តចំពោះបងយ៉ាងល្អ ដ្បិតព្រះយេហូវ៉ាបានសន្យាយ៉ាងល្អដល់សាសន៍អ៊ីស្រាអែល»។
គឺសម្រាប់គាត់ និងពូជរបស់គាត់ ជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃរហូតតទៅ ព្រោះគាត់បានឈឺឆ្អាលជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូនចៅអ៊ីស្រាអែលរួចពីបាប»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែល។
ព្រះមិនបានប្រទានឲ្យលោកមានមត៌កអ្វីនៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានផង តែទ្រង់បានសន្យាថានឹងប្រទានស្រុកនេះ ទុកជាមត៌កដល់លោក និងពូជពង្សរបស់លោកជំនាន់ក្រោយ ទោះជាលោកមិនទាន់មានកូនក៏ដោយ។
ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយព្រះយេហូវ៉ាបានជ្រើសរើសអ្នក ពីក្នុងចំណោមប្រជាជនទាំងអស់នៅផែនដី មកធ្វើជាប្រជារាស្ត្រមួយដែលជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់»។
ព្រះយេហូវ៉ាក៏បានប្រកាសនៅថ្ងៃនេះថា អ្នកជាប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គបានសន្យានឹងអ្នក ព្រមទាំងប្រាប់ឲ្យអ្នកកាន់តាមអស់ទាំងបទបញ្ជារបស់ព្រះអង្គ
ដើម្បីឲ្យព្រះអង្គបានតាំងអ្នកទុកជាប្រជារាស្ត្ររបស់ព្រះអង្គនៅថ្ងៃនេះ ហើយឲ្យព្រះអង្គបានធ្វើជាព្រះរបស់អ្នក ដូចព្រះអង្គបានសន្យានឹងអ្នក ដូចព្រះអង្គបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក។
«ចូរឡើងទៅភ្នំអាបារីមនេះទៅ គឺភ្នំនេបូរ ដែលនៅក្នុងស្រុកម៉ូអាប់ ទល់មុខនឹងក្រុងយេរីខូរ ហើយមើលទៅស្រុកកាណាន ដែលយើងឲ្យទុកជាកេរអាករដល់ប្រជាជនអ៊ីស្រាអែលចុះ។
កាលព្រះដ៏ខ្ពស់បំផុត បានចែកមត៌កដល់សាសន៍ទាំងប៉ុន្មាន គឺកាលព្រះអង្គបានបំបែកមនុស្សចេញពីគ្នា នោះព្រះអង្គបានដាក់ព្រំប្រទល់ឲ្យអស់ទាំងប្រជាជន តាមចំនួនពួកកូនរបស់ព្រះ ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «នេះជាស្រុកដែលយើងបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ។ យើងបានឲ្យអ្នកឃើញស្រុកនេះហើយ តែអ្នកមិនត្រូវឆ្លងទៅឡើយ»។
ដោយព្រោះព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ព្រះអង្គក៏បានរើសយកពូជពង្សរបស់ពួកគេនៅជំនាន់ក្រោយ។ ព្រះអង្គបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមកនៅចំពោះព្រះអង្គ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ
មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់អ្នក ឬដោយព្រោះចិត្តអ្នកទៀងត្រង់ ដែលអ្នកនឹងចូលទៅកាន់កាប់ស្រុករបស់គេនោះឡើយ គឺដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបណ្តេញគេចេញពីមុខអ្នក ដើម្បីនឹងបញ្ជាក់សេចក្ដី ដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់អ្នក គឺលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។
ដោយហេតុនោះបានជាព្រះអង្គជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលព្រះអង្គហៅ បានទទួលព្រះបន្ទូលសន្យា ទុកជាមត៌កដ៏នៅអស់កល្បជានិច្ច ដោយព្រះអង្គសុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីអំពើរំលង ដែលគេប្រព្រឹត្តកាលនៅក្រោមសញ្ញាចាស់នៅឡើយ។
«ម៉ូសេ ជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរក្រោកឡើង ហើយនាំប្រជាជនទាំងនេះឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យគេ គឺដល់ប្រជាជនអ៊ីស្រាអែល។
អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះជាមត៌ក យើងនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។