លោកុប្បត្តិ 13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកអាប់រ៉ាម និងលោកឡុតចែកផ្លូវគ្នា 1 ដូច្នេះ លោកអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯតំបន់ណេកិបជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមាន ហើយឡុតក៏ទៅជាមួយដែរ។ 2 លោកអាប់រ៉ាមមានហ្វូងសត្វ និងមាសប្រាក់ច្រើនណាស់។ 3 លោកបន្តដំណើរពីតំបន់ណេកិប រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលលោកបានបោះជំរំកាលពីដំបូង គឺនៅចន្លោះបេត-អែល និងក្រុងអៃយ 4 គឺទៅកន្លែងដែលលោកបានសង់អាសនាកាលពីមុន រួចនៅទីនោះ លោកអាប់រ៉ាមក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។ 5 ឯឡុតដែលទៅជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងជំរំជាច្រើនដែរ 6 តែស្រុកនោះមិនល្មមឲ្យលោកទាំងពីរនៅជាមួយគ្នាបានទេ ព្រោះពួកលោកមានទ្រព្យសម្បត្តិសន្ធឹកណាស់ ដល់ម៉្លេះបានជាពួកលោកមិនអាចរស់នៅជាមួយគ្នាបាន 7 មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួកគង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតក៏រស់នៅក្នុងស្រុកនោះដែរ។ 8 លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។ 9 តើស្រុកនេះទាំងមូលមិននៅចំពោះមុខក្មួយទេឬ? ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយរើសយកខាងឆ្វេង នោះអ៊ំនឹងទៅខាងស្តាំ ឬបើក្មួយរើសយកខាងស្តាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។ 10 ឡុតក៏ងើបមុខមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងមូល មានទឹកស្រួលល្អនៅគ្រប់ទីកន្លែង ដូចសួនច្បាររបស់ព្រះយេហូវ៉ា ដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារ។ នេះមុនពេលដែលព្រះយេហូវ៉ាបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ 11 ដូច្នេះ ឡុតក៏ជ្រើសរើសយកវាលទន្លេយ័រដាន់ទាំងមូលសម្រាប់ខ្លួនគាត់ រួចឡុតចេញដំណើរទៅទិសខាងកើត។ ពួកលោកទាំងពីរបានបែកពីគ្នាតាមរបៀបនេះឯង។ 12 លោកអាប់រ៉ាមតាំងទីលំនៅនៅក្នុងស្រុកកាណាន រីឯឡុតវិញ តាំងទីលំនៅនៅក្នុងទីក្រុងនៅស្រុកវាលនោះ ហើយលោកក៏ផ្លាស់ជំរំទៅត្រឹមសូដុម។ 13 រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។ 14 ក្រោយពេលដែលឡុតបែកចេញទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខឡើងឥឡូវ ហើយមើលពីកន្លែងដែលអ្នកនៅ ឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទៅទិសខាងកើត និងទិសខាងលិចទៅ! 15 ដ្បិតស្រុកទាំងប៉ុន្មានដែលអ្នកមើលឃើញ យើងនឹងប្រគល់ឲ្យអ្នក និងដល់ពូជពង្សរបស់អ្នករហូតតទៅ។ 16 យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានចំនួនច្រើនដូចធូលីដី ហើយគ្មានអ្នកណាអាចរាប់ធូលីដីបានយ៉ាងណា នោះគេក៏មិនអាចរាប់ពូជពង្សរបស់អ្នកបានយ៉ាងនោះដែរ។ 17 ចូរក្រោកឡើង ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។ 18 លោកអាប់រ៉ាមក៏រើជំរំ ទៅនៅក្បែរដើមម៉ៃសាក់របស់ម៉ាមរេ ដែលនៅត្រង់ហេប្រុន ហើយលោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ។ |
© 2016 United Bible Societies
Bible Society in Cambodia