លោកុប្បត្តិ 17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥សញ្ញាសម្គាល់នៃសម្ពន្ធមេត្រី 1 នៅពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់យាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នករស់នៅក្នុងមាគ៌ារបស់យើងឲ្យបានល្អឥតខ្ចោះចុះ។ 2 យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនជាអនេក»។ 3 លោកអាប់រ៉ាមក្រាបចុះឱនមុខដល់ដី ហើយព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ 4 «ចំណែកយើង យើងចងសម្ពន្ធមេត្រីជាមួយអ្នកដូចតទៅ: អ្នកនឹងបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន 5 គេលែងហៅអ្នកថា“អាប់រ៉ាម”ទៀតហើយ តែអ្នកនឹងមានឈ្មោះថា“អប្រាហាំ”វិញ ដ្បិតយើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។ 6 យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនជាអនេក យើងនឹងធ្វើឲ្យអ្នកបង្កើតប្រជាជាតិជាច្រើន ហើយនឹងមានស្ដេចជាច្រើនកើតចេញពីអ្នកដែរ។ 7 យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាព្រះរបស់អ្នក ហើយជាព្រះរបស់ពូជពង្សអ្នកដែលកើតមកតាមក្រោយដែរ។ 8 យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។ 9 ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវគោរពសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ត្រូវគោរពតាមគ្រប់តំណតទៅ។ 10 អ្នករាល់គ្នាត្រូវគោរពសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ដូចតទៅនេះ គឺត្រូវកាត់ស្បែក*ឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា។ 11 អ្នករាល់គ្នាកាត់ស្បែកជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា។ 12 នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្ដី ឬក៏ទិញមកពីអ្នកដទៃដែលមិនមែនជាពូជពង្សរបស់អ្នកក្ដី ត្រូវតែទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា។ 13 គេត្រូវកាត់ស្បែកឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសម្គាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាប។ 14 រីឯបុរសណាដែលគ្មានសញ្ញាសម្គាល់កាត់ស្បែកនៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្ដាច់សម្ពន្ធមេត្រីរបស់យើងហើយ»។ 15 ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ ។ 16 យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្ដេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។ 17 លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។ 18 លោកអប្រាហាំទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។ 19 ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ាជាភរិយារបស់អ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន! អ្នកត្រូវដាក់ឈ្មោះកូននោះថា “អ៊ីសាក” ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងពូជពង្សដែលកើតមកតាមក្រោយ ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាបតទៅ។ 20 ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្ដេចដប់ពីរអង្គនឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។ 21 ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាក គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយក្នុងខែនេះ»។ 22 បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីលោកអប្រាហាំឡើងទៅ។ 23 នៅថ្ងៃដដែលនោះ លោកអប្រាហាំបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក ព្រមទាំងអស់អ្នកដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់លោក មកធ្វើពិធីកាត់ស្បែក*ឲ្យ ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ដល់លោក។ 24 ពេលលោកអប្រាហាំទទួលពិធីកាត់ស្បែកនោះ លោកមានអាយុកៅសិបប្រាំបួនឆ្នាំហើយ 25 រីឯអ៊ីស្មាអែលជាកូនរបស់លោក មានអាយុដប់បីឆ្នាំ នៅពេលទទួលពិធីកាត់ស្បែក។ 26 លោកអប្រាហាំ និងអ៊ីស្មាអែលជាកូនបានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា 27 ហើយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតក្នុងផ្ទះរបស់លោក ឬអ្នកក្រៅដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies