Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​នឹង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរ‌អាករ​អស់​‌កល្ប​ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​ស្នាក់នៅបណ្ដោះអាសន្ន គឺ​ដែនដី​កាណាន​ទាំងមូល​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច ហើយ​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​អ្នក​ស្នាក់​នៅ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌អាករ​អស់​កល្ប​ជា‌និច្ច ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក»។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​តទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:8
47 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឲ្យ​អាប់រ៉ាម​ឃើញ ហើយ​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង រួច​នៅ​ទី​នោះ​គាត់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លេច​មក​ឲ្យ​ឃើញ​នោះ


ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ឯង​មើល​ឃើញ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង នឹង​ពូជ​ឯង​ជា​ដរាប​ត​ទៅ


ចូរ​ឯង​ក្រោក ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្តោយ នឹង​ទទឹង​ចុះ ដ្បិត​អញ​នឹង​ឲ្យ​ដល់​ឯង​ហើយ


ខ្ញុំ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​មាន​កន្លែង​កប់​ខ្មោច​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​យក​សព​នេះ​ពី​មុខ​ខ្ញុំ​ចេញ​ទៅ​កប់


ហើយ​នៅ​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់​មាន​បន្ទូល​ថា អញ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ឪពុក​ឯង ដូច្នេះ​កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ ពី​ព្រោះ​អញ​នៅ​ជា​មួយ ហើយ​នឹង​ឲ្យ​ពរ​ទាំង​ចំរើន​ពូជ​ឯង​ឲ្យ​ច្រើន​ឡើង ដោយ​ព្រោះ​អ័ប្រា‌ហាំ​ជា​អ្នក​បំរើ​អញ


ព្រម​ទាំង​ប្រទាន​ពរ​របស់​អ័ប្រា‌ហាំ​ដល់​ឯង នឹង​ពូជ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ស្រុក​ដែល​ឯង​ស្នាក់​នៅ​ទុក​ជា​កេរ្តិ៍‌អាករ គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រា‌ហាំ


យ៉ាកុប​ក៏​ទៅ​ដល់​អ៊ីសាក ជា​ឪពុក​នៅ​ម៉ាមរេ​ជា​ទី​ក្រុង​របស់​អើបា គឺ​ជា​ហេប្រុន ជា​កន្លែង​ដែល​អ័ប្រា‌ហាំ នឹង​អ៊ីសាក​បាន​សំណាក់​នៅ


ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​យ៉ាង​សន្ធឹក នឹង​នៅ​ជា​មួយ​គ្នា​ពុំ​បាន ស្រុក​ដែល​គេ​សំណាក់​នៅ​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​ដល់​គេ​បាន​ទេ ដោយ​ព្រោះ​ហ្វូង​សត្វ​ទាំង​នោះ


ឯ​យ៉ាកុប​គាត់​អាស្រ័យ​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​បាន​ស្នាក់​នៅ ទុក​ដូច​ជា​សាសន៍​ដទៃ


ដោយ​បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​បាន​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ទៅ​ជា​ពួក​ច្រើន​រួម​គ្នា​តែ​១ អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង​ត​ទៅ ទុក​ជា​កេរ្តិ៍‌អាករ​ដល់​គេ​នៅ​អស់​‌កល្ប​ជានិច្ច


តើ​វង្ស​ខ្ញុំ​មិន​មែន​ដូច្នោះ នៅ​ចំពោះ​ព្រះ​ទេ​ឬ​អី ដ្បិត​ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ខ្ញុំ​ឲ្យ​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច ជា​សេចក្ដី​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ក៏​ពិត​ប្រាកដ ឯ​សេចក្ដី​សង្គ្រោះនឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​គ្រប់​ជំពូក​របស់​ខ្ញុំ បាន​កើត​អំពី​នោះ​មក ទោះ​បើ​ទ្រង់​មិន​ទាន់​ឲ្យ​ដុះ‌ដាល​ឡើង​ក៏​ដោយ


ដោយ​បន្ទូល​ថា អញនឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង ទុក​ជា​ចំណែក​មរដក​របស់​ឯង


តែ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ស្ថិត‌ស្ថេរ​នៅ តាំង​ពី​អស់‌កល្ប​ដរាប​ដល់​អស់​‌កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​នៅ​រហូត​ដល់​កូន​ចៅ​គេ​ត​ទៅ


ដោយ​បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង ទុក​ជា​ចំណែក​មរដក​របស់​ឯង


ជា​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ នឹង​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ៊ីសាក​ផង


កាល​ណា​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន ដូច​ទ្រង់​បាន​ស្បថ​នឹង​អ្នក​រាល់​គ្នា នូវ​ពួក​ឰយុកោ ព្រម​ទាំង​ប្រទាន​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ


នោះ​ចៅហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្តី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ បាវ​នោះ​នឹង​ត្រូវ​នៅ​បំរើ​ចៅហ្វាយ​ជា​ដរាប​ទៅ។


យ៉ាង​នោះ​អញ​នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​នឹង​ធ្វើ​ជា​ព្រះ​ឲ្យ​គេ


សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក ហើយ​នឹង​អ៊ីស្រាអែល​ជា​អ្នក​បំរើ​ទ្រង់ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា «អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​អញ​បាន​សន្យា​នឹង​ឯង​ថា នឹង​ឲ្យ​ដល់​ពូជ​ឯង ឲ្យ​គេ​បាន​ទទួល​ទុក​ជា​មរដក​ជា​រៀង‌រាប​ត​ទៅ»


ហើយ​ចាក់​ប្រេង​ដល់​គេ​ដូច​ជា​បាន​ចាក់​ប្រេង​ឲ្យ​ឪពុក​គេ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ បុណ្យ​ចាក់​លាប​ប្រេង​នេះ​នឹង​បាន​សំរាប់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​ទាំង​នោះ​អស់​‌កល្ប​ជានិច្ច គ្រប់​ទាំង​ដំណ​គេ​ត​ទៅ។


អញ​ក៏​បាន​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​គេ​ថា នឹង​ឲ្យ​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ទុក​ដូច​ជា​អ្នក​ដទៃ


អញ​នឹង​យក​ឯង​រាល់​គ្នា​ទុក​ជា​រាស្ត្រ​របស់​អញ ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ដែល​នាំ​ឯង​ចេញ​ផុត​ពី​បន្ទុក​របស់​ពួក​សាសន៍​អេស៊ីព្ទ


ទ្រង់​បាន​មាន​បន្ទូល​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​ពី​អំពើ​អាក្រក់​ដែល​គ្រប់​គ្នា​ប្រព្រឹត្ត​ឥឡូវ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ដល់​ឯង នឹង​ពួក​ឰយុកោ​ឯង ចាប់​តាំង​ពី​បុរាណ ហើយ​សំរាប់​ជា​ដរាប​ត​ទៅ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​ធ្វើ​ជា​ព្រះ ដល់​គ្រប់​ទាំង​គ្រួ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ


ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ


កូន​មនុស្ស​អើយ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់ ក្នុង​ស្រុក​អ៊ីស្រាអែល គេ​ថា លោក​អ័ប្រា‌ហាំ​ជា​មនុស្ស​តែ​ម្នាក់​ទេ ហើយ​លោក​បាន​ទទួល​ស្រុក​នេះ​ទុក​ជា​មរដក ឯ​យើង​រាល់​គ្នា​មាន​គ្នា​ច្រើន ស្រុក​នេះ​ក៏​បាន​ប្រគល់​មក​យើង​ទុក​ជា​មរដក​ដែរ


កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​អញ​នឹង​ឲ្យ​ជា​កេរ្តិ៍‌អាករ ដល់​ឯង​រាល់​គ្នា បើ​អញ​ធ្វើ​ឲ្យ​មាន​រោគ​ឃ្លង់ក្នុង​ផ្ទះ​ណា​មួយ​នៅ​ស្រុក​របស់​ផង​ឯង


នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា នៅ​អស់‌កល្ប‌ជានិច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​១​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។


អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ


អញ​នឹង​នាំ​គេ​មក នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​គេ ដោយ​សេចក្ដី​ពិតនឹង​សេចក្ដី​សុចរិត។


រីឯ​ម៉ូសេ​លោក​ជំរាប​ហូបាប់ កូន​រេហួល សាសន៍​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​លោក​ថា យើង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ឯ​កន្លែង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ឯង​រាល់​គ្នា ដូច្នេះ សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ចុះ នោះ​នឹង​មាន​ប្រយោជន៍​ដល់​លោក​ឪពុក ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សេចក្ដី​យ៉ាង​ល្អ ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល


គឺ​ជា​សេចក្ដី​សញ្ញា​ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ នៅ​ជា​ដរាប​ត​ទៅ សំរាប់​លោក នឹង​ពូជ​លោក​រៀង​ត​ទៅ ពី​ព្រោះ​លោក​បាន​ឈឺ‌ឆ្អាល​នឹង​ព្រះ​នៃ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឲ្យ​ឯង​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល


ទ្រង់​មិន​បាន​ប្រទាន ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក នឹង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង


ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​ឯង​ពី​អស់​ទាំង​សាសន៍​ដែល​នៅ​ផែនដី ទុក​ជា​សាសន៍​របស់​ផង​ទ្រង់។


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បាន​ទទួល​ព្រម​នៅ​ថ្ងៃ​នេះ​ថា ឯង​ជា​រាស្ត្រ​របស់​ផង​ទ្រង់​ពិត ដូច​ជា​ទ្រង់​បាន​សន្យា​នឹង​ឯង​ហើយ ព្រម​ទាំង​ប្រាប់​ឲ្យ​ឯង​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់


អញ​តាំង​សេចក្ដី​សញ្ញា ហើយ​សំបថ​នេះ មិន​មែន​តែ​នឹង​ឯង​រាល់​គ្នា​ប៉ុណ្ណោះ


ចូរ​ឡើង​តាម​ភ្នំ​អាបារីម​នេះ ទៅ​ដល់​កំពូល​ភ្នំ​នេបូរ ដែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​យេរីខូរ ហើយ​មើល​ទៅ​ឯ​ស្រុក​កាណាន ដែល​អញ​ឲ្យ ទុក​ជា​កេរ‌អាករ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចុះ


កាល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ចែក​មរដក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ទ្រង់​បាន​បំបែក​ពួក​កូន​ចៅ​អ័ដាម​ចេញ​ពី​គ្នា នោះ​ទ្រង់​បាន​ដាក់​ព្រំ​ប្រទល់​ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​អស់​ពួក​កូន​ចៅ​អ៊ីស្រាអែល


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា នេះ​ជា​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង មើល អញ​បាន​ឲ្យ​ឯង​ឃើញ​ស្រុក​នេះ​ហើយ តែ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​ទេ


ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​ពួក​ឰយុកោ​ឯង បាន​ជា​ទ្រង់​រើស​យក​ពូជ​គេ​តៗ​មក ព្រម​ទាំង​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ធំ​របស់​ទ្រង់


មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង ឬ​ដោយ​ព្រោះ​ចិត្ត​ឯង​ទៀង​ត្រង់ ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​គេ​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​បាប​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ ដើម្បី​នឹង​បញ្ជាក់​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង គឺ​នឹង​អ័ប្រា‌ហាំ នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប។


ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្ដី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ


ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ​ចូរ​រៀបចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ ព្រម​ទាំង​បណ្តា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល


ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្ដី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម