Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ‌បង្គំ​ព្រះ‌បាល​នៅ​ពេអរ

1 កាល​ពួក​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​ស៊ីទីម​នៅ​ឡើយ ប្រជាជន​ចាប់​ផ្ដើម​សហាយ‌ស្មន់​ជា‌មួយ​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់។

2 ស្ត្រី​ទាំង​នោះ​បាន​បបួល​ប្រជាជន​ទៅ​ចូល​រួម​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​ពួកគេ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​បាន​បរិ‌ភោគ ព្រម​ទាំង​ក្រាប​សំពះ​ដល់​ព្រះ​របស់​សាសន៍​ម៉ូអាប់។

3 ដូច្នេះ ប្រជាជន​អ៊ីស្រា‌អែល​បាន​ចូល​ខាង​ព្រះ‌បាល​នៅ​ពេអរ ហើយ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​អ៊ីស្រា‌អែល។

4 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាប់​ពួក​មេ​ដឹកនាំ​របស់‌ប្រជាជន​ទាំង​អស់ មក​ចង​ព្យួរ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​សេចក្ដី‌ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌អង្គ​បាន​បែរ​ចេញ​ពី​ពួក​អ៊ីស្រា‌អែល»។

5 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចៅ‌ក្រម​របស់​ពួក​អ៊ីស្រា‌អែល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​សម្លាប់​មនុស្ស​របស់​ខ្លួន ដែល​ចូល​ខាង​ព្រះ​បាល​នៅ​ពេអរ​ចេញ​ទៅ»។

6 ពេល​នោះ មាន​បុរស​ម្នាក់​ក្នុង​ចំណោម​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល បាន​នាំ​ស្ត្រី​សាសន៍​ម៉ាឌាន​ម្នាក់​មក​ក្នុង​គ្រួសារ​របស់​ខ្លួន នៅ​មុខ​លោក​ម៉ូសេ និង​នៅ​មុខ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល ក្នុង​ពេល​ដែល​គេ​កំពុង​យំ​នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ។

7 កាល​ភីនេ‌ហាស​ជា​កូន​របស់​អេលាសារ ដែល​ត្រូវ​ជា​កូន​របស់​សង្ឃ​អើរ៉ុន​ឃើញ​ដូច្នេះ ក៏​ក្រោក​ឡើង ហើយ​ចេញ​ពី​ក្រុម​ជំនុំ ទាំង​កាន់​លំពែង​នៅ​ដៃ

8 រួច​តាម​ពី​ក្រោយ​បុរស​នោះ ចូល​ទៅ​ក្នុង​ត្រសាល ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ គឺ​ទាំង​បុរស​សាសន៍​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ស្ងប់​ទៅ។

9 ប៉ុន្តែ អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះ​កាច​នោះ មាន​ចំនួន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។

10 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

11 «ភីនេ‌ហាស​ជា​កូន​របស់​អេលាសារ ដែល​ត្រូវ​ជា​កូន​របស់​សង្ឃ​អើរ៉ុន បាន​បង្វែរ​សេចក្ដី‌ក្រោធ​របស់​យើង​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ព្រោះ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ជំនួស​យើង ដើម្បី​កុំ​ឲ្យ​យើង​បាន​បំផ្លាញ​គេ​ក្នុង​សេចក្ដី​ប្រចណ្ឌ​របស់​យើង។

12 ដូច្នេះ ចូរ​ប្រាប់​ថា "មើល៍! យើង​តាំង​សេចក្ដី‌សញ្ញា​របស់​យើង​ជា‌មួយ​គាត់ គឺ​សេចក្ដី‌សញ្ញា​នៃ​ការ​ចង​មេត្រី"

13 គឺ​សម្រាប់​គាត់ និង​ពូជ​របស់​គាត់ ជា​សេចក្ដី‌សញ្ញា​ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ​រហូត​ត​ទៅ ព្រោះ​គាត់​បាន​ឈឺ‌ឆ្អាល​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ពី​បាប»។

14 បុរស​សាសន៍​អ៊ីស្រា‌អែល​ដែល​ត្រូវ​ស្លាប់​ជា‌មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​សាលូវ ជា​មេ​លើ​វង្សា‌នុវង្ស​មួយ​របស់​ឪពុក ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

15 ស្ត្រី​សាសន៍​ម៉ាឌាន​ដែល​ត្រូវ​ស្លាប់​នោះ ឈ្មោះ​កូសប៊ី ជា​កូន​របស់​ស៊ើរ ដែល​ជា​មេ​លើ​វង្ស​មួយ​របស់​ឪពុក​ក្នុង​សាសន៍​ម៉ាឌាន។

16 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

17 «ចូរ​ធ្វើ​ទុក្ខ​សាសន៍​ម៉ាឌាន ហើយ​វាយ​គេ​ចុះ

18 ដ្បិត​គេ​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ដោយ​ឧបាយ‌កល ដែល​គេ​មក​បញ្ឆោត​លួង‌លោម​អ្នក​រាល់​គ្នា​ពី​រឿង​នៅ​ពេអរ និង​ពី​រឿង​នាង​កូសប៊ី ជា​កូន​របស់​មេ​ដឹក​នាំ​សាសន៍​ម៉ាឌាន ត្រូវ​ជា​បង‌ប្អូន​របស់​គេ នាង​ត្រូវ​ស្លាប់​នៅ​ថ្ងៃ​មាន​គ្រោះ​កាច ដោយ​ព្រោះ​រឿង​ពេអរ​នោះ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម