Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពិធី​សម្អាត​ខ្លួន​មនុស្ស​ឃ្លង់

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2 «នេះ​ជា​ច្បាប់​សម្រាប់​មនុស្ស​ឃ្លង់ នៅ​ថ្ងៃ​ណា​ដែល​ញែក​គេ​ចេញ​ជា​ស្អាត ត្រូវ​តែ​នាំ​អ្នក​នោះ​ទៅ​ជួប​សង្ឃ

3 រួច​សង្ឃ​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ​ពិនិត្យ​មើល បើ​ឃើញ​ថា​មនុស្ស​ឃ្លង់​នោះ​បាន​ជា​ហើយ

4 សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​យក​សត្វ​ហើរ​ពីរ ដែល​រស់ ហើយ​ស្អាត មក​សម្រាប់​អ្នក​នោះ ដែល​ត្រូវ​ញែក​ជា​ស្អាត ព្រម​ទាំង​ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប​ផង។

5 សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​សម្លាប់​សត្វ​ហើរ​មួយ​លើ​ផើង​ទឹក​ដែល​ដង​មក​ពី​ជ្រោះ។

6 សង្ឃ​ត្រូវ​ជ្រលក់​សត្វ​ដែល​រស់​ទៅ​ក្នុង​ឈាម​នៃ​សត្វ​ដែល​បាន​សម្លាប់​ពី​លើ​ទឹក​នោះ ជា​មួយ​ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប

7 ទៅ​ប្រោះ​ប្រាំពីរ​ដង​លើ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​ពី​រោគ​ឃ្លង់ រួច​ប្រកាស​ថា​ជា​ស្អាត​ហើយ ឯ​សត្វ​ដែល​រស់​នៅ នោះ​ត្រូវ​លែង​នៅ​វាល​ទៅ។

8 អ្នក​ដែល​បាន​ញែក​ជា​ស្អាត ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ព្រម​ទាំង​កោរ​សក់ ហើយ​ងូត​ទឹក​ចេញ រួច​នឹង​បាន​ស្អាត ហើយ​នឹង​ចូល​ទៅ​ក្នុង​ជំរំ​បាន តែ​ត្រូវ​នៅ​ខាង​ក្រៅ​ទី​លំនៅ​របស់​ខ្លួន​ប្រាំពីរ​ថ្ងៃ។

9 ដល់​ថ្ងៃ​ទី​ប្រាំពីរ អ្នក​នោះ​ត្រូវ​កោរ​សក់ កោរ​ពុក‌មាត់ និង​ចិញ្ចើម និង​រោម​ខ្លួន​ទាំង​អស់​ចេញ ព្រម​ទាំង​បោក​សម្លៀក‌បំពាក់ ហើយ​ងូត​ទឹក​ផង នោះ​នឹង​បាន​ស្អាត​ហើយ។

10 លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ត្រូវ​យក​កូន​ចៀម​ឈ្មោល​ពីរ​ឥត​ខ្ចោះ និង​ចៀម​ញី​មួយ​ឥត‌ខ្ចោះ​អាយុ​មួយ​ខួប​មក ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង​លាយ​នឹង​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ និង​ប្រេង​មួយ​កំប៉ុង ។

11 សង្ឃ​ត្រូវ​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត នាំ​អ្នក​នោះ​មក​ដាក់​ជា​មួយ​តង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

12 សង្ឃ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​ទៅ​ថ្វាយ​ជា​តង្វាយ​ដោយ​ព្រោះ​កា​រំលង ព្រម​ទាំង​ប្រេង​មួយ​កំប៉ុង​ផង រួច​គ្រវី​របស់​ទាំង​នោះ ទុក​ជា​តង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

13 ត្រូវ​សម្លាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សម្លាប់​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ជា​របស់​សង្ឃ ដូច​ជា​តង្វាយ​លោះ​បាប​ដែរ តង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត។

14 សង្ឃ​ត្រូវ​យក​ឈាម​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​របស់​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​លើ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង

15 ក៏​ត្រូវ​យក​ប្រេង​ពី​ក្នុង​កំប៉ុង ចាក់​ទៅ​ក្នុង​បាត​ដៃ​ឆ្វេង​ខ្លួន

16 ហើយ​ជ្រលក់​ម្រាម‌ដៃ​ស្តាំ​ទៅ​ក្នុង​ប្រេង ដែល​នៅ​ក្នុង​បាត‌ដៃ ប្រោះ​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

17 ប្រេង​ដែល​សល់​នឹង​បាត‌ដៃ នោះ​ត្រូវ​យក​ខ្លះ​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ និង​មេ‌ដៃ​ស្តាំ ព្រម​ទាំង​មេ‌ជើង​ស្តាំ​របស់​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​តង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ។

18 ប្រេង​ដែល​នៅ​សល់​ក្នុង​បាត‌ដៃ​របស់​សង្ឃ ត្រូវ​ចាក់​លើ​ក្បាល​អ្នក​ដែល​ញែក​ជា​ស្អាត​ទៅ រួច​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

19 សង្ឃ​ត្រូវ​ថ្វាយ​តង្វាយ​លោះ​បាប ឲ្យ​បាន​ធួន​នឹង​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត​នោះ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ខ្លួន រួច​មក​ត្រូវ​សម្លាប់​តង្វាយ​ដុត​ទៀត

20 ក៏​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនា​ឲ្យ​បាន​ធួន​នឹង​អ្នក​នោះ​ដែរ នោះ​នឹង​បាន​ស្អាត​ហើយ។

21 បើ​អ្នក​នោះ​ខ្វះ‌ខាត​មិន​អាច​យក​របស់​ទាំង​នោះ​បាន នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​មួយ​មក ដោយ​ព្រោះ​ការ​រំលង​សម្រាប់​នឹង​គ្រវី​ថ្វាយ ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​ខ្ញឹង លាយ​ដោយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ និង​ប្រេង​មួយ​កំប៉ុង

22 ហើយ​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​កម្លាំង​របស់​ខ្លួន គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​សម្រាប់​ជា​តង្វាយ​ដុត

23 នៅ​ថ្ងៃ​ទី​ប្រាំបី អ្នក​នោះ​ត្រូវ​យក​របស់​ទាំង​នោះ​មក​ប្រគល់​ដល់​សង្ឃ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត។

24 សង្ឃ​ត្រូវ​យក​កូន​ចៀម​ដែល​សម្រាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង និង​ប្រេង​មួយ​កំប៉ុង ទៅ​ថ្វាយ​ជា​តង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

25 រួច​ត្រូវ​សម្លាប់​កូន​ចៀម ដែល​សម្រាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ហើយ​ត្រូវ​យក​ឈាម​នៃ​តង្វាយ​ទៅ​លាប​នៅ​ទង‌ត្រចៀក​ស្តាំ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង។

26 ក៏​ត្រូវ​ចាក់​ប្រេង​ទៅ​ក្នុង​បាត‌ដៃ​ឆ្វេង​របស់​ខ្លួន

27 ហើយ​ប្រោះ​ប្រេង​នោះ​ដោយ​ម្រាម​ដៃ​ស្តាំ​អស់​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

28 រួច​ត្រូវ​យក​ប្រេង​ដែល​នៅ​ក្នុង​បាត‌ដៃ​ទៅ​លាប​នៅ​ទង‌ត្រចៀក​ស្តាំ និង​មេ‌ដៃ​ស្តាំ ព្រម​ទាំង​មេ‌ជើង​ស្តាំ​នៃ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ។

29 ឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត‌ដៃ នោះ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត ដើម្បី​ឲ្យ​ធួន​ខ្លួន​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

30 រួច​សង្ឃ​ត្រូវ​ថ្វាយ​លលក​មួយ ឬ​ព្រាប​ជំទើរ​មួយ តាម​លទ្ធភាព​ដែល​អ្នក​នោះអាច​រក​បាន

31 គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​ទៀត​សម្រាប់​ជា​តង្វាយ​ដុត​ជា​មួយ​តង្វាយ​ម្សៅ រួច​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

32 នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​កើត​រោគ​ឃ្លង់ ដែល​មិន​អាច​លូក​ឈោង​ដល់​តង្វាយ សម្រាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​បាន»។

33 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

34 «ពេល​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​យើង​នឹង​ឲ្យ​ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា បើ​យើង​ធ្វើ​ឲ្យ​មាន​រោគ​ឃ្លង់​ក្នុង​ផ្ទះ​ណា​មួយ​នៅ​ស្រុក​របស់​អ្នក

35 នោះ​ត្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​មក​ប្រាប់​ដល់​សង្ឃ​ថា "មើល​ទៅ​ដូច​ជា​មាន​រោគ​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ហើយ"។

36 សង្ឃ​ត្រូវ​បង្គាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​ទៅ មុន​ដែល​ចូល​ទៅ​ពិនិត្យ​មើល​រោគ ដើម្បី​កុំ​ឲ្យ​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​បាន​ទៅ​ជា​ស្មោក‌គ្រោក​ដែរ រួច​ហើយ​ត្រូវ​ចូល​ទៅ​ពិនិត្យ​មើល​ជា​ក្រោយ។

37 សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា​រោគ​ដែល​នៅ​ក្នុង​ជញ្ជាំង​ផ្ទះ​នោះ​មាន​កន្លែង​ខូង ពណ៌​បៃតង​ស្ទើរ ឬ​ក្រហម​ព្រឿង មើល​ទៅ​ទាប​ជាង​សាច់​ជញ្ជាំង​ហើយ

38 នោះ​ត្រូវ​ចេញ​ទៅ​មាត់​ទ្វារ ហើយ​បិទ​ខ្ទប់​ផ្ទះ​នោះ​គ្រប់​ប្រាំពីរ​ថ្ងៃ។

39 ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ត្រឡប់​មក​ពិនិត្យ​មើល​វិញ បើ​ឃើញ​ថា​រោគ​មិន​បាន​រាល‌ដាល ទៅ​ក្នុង​ជញ្ជាំង​ទៀត​ទេ

40 នោះ​ត្រូវ​បង្គាប់​គេ​ឲ្យ​យក​ថ្ម ដែល​មាន​រោគ​នោះ​ចេញ​ទៅ​ចោល​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ

41 រួច​ត្រូវ​ឲ្យ​គេ​កោស​ផ្ទះ​នៅ​ខាង​ក្នុង​ជុំ​វិញ ឯ​ផង់​ដែល​គេ​កោស​ចេញ​នោះ ត្រូវ​នាំ​យក​ទៅ​ចាក់​កន្លែង​ស្មោក‌គ្រោក នៅ​ខាង​ក្រៅ​ទី​ក្រុង។

42 បន្ទាប់​មក ត្រូវ​យក​ថ្ម​ផ្សេង​ទៀត​មក​ប៉ះ​ជំនួស​ថ្ម​ចាស់ រួច​យក​បាយ‌អ​ផ្សេង​ទៀត​មក​បូក​វិញ។

43 បើ​រោគ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​នោះ​ម្តង​ទៀត នៅ​ក្រោយ​ពេល​ដែល​បាន​យក​ថ្ម​ទាំង​នោះ​ចេញ ព្រម​ទាំង​កោស​ជញ្ជាំង និង​បូក​ជា​ថ្មី​ហើយ

44 នោះ​សង្ឃ​ត្រូវ​ចូល​ទៅ​ពិនិត្យ​មើល បើ​ឃើញ​ថា​រោគ​នោះ​បាន​រាល‌ដាល​ឡើង​នៅ​ក្នុង​ផ្ទះ​មែន នោះ​គឺ​ជា​ឃ្លង់​ស៊ី​បង្ខូច​ហើយ ផ្ទះ​នោះ​ស្មោក‌គ្រោក​ពិត។

45 ត្រូវ​ឲ្យ​គេ​រំលំ​ផ្ទះ​នោះ ព្រម​ទាំង​ថ្ម ទាំង​ឈើ និង​បាយ‌អ​ទាំង​អស់​ចេញ ហើយ​នាំ​យក​ទាំង​អស់​ទៅ​ចាក់​នៅ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ។

46 អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ក្នុង​វេលា​ដែល​កំពុង​បិទ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

47 បើ​អ្នក​ណា​ដែល​ដេក​ក្នុង​ផ្ទះ​នោះ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះ​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ដែរ។

48 ប៉ុន្តែ បើ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល​ឡើង​ក្នុង​ផ្ទះ ក្រោយ​ដែល​បាន​បូក​ជា​ថ្មី​ហើយ​នោះ​ទេ នោះ​ត្រូវ​ប្រកាស​ថា ផ្ទះ​នោះ​ស្អាត​វិញ ដ្បិត​រោគ​នោះ​បាត់​ហើយ។

49 ដូច្នេះ ត្រូវ​ឲ្យ​យក​សត្វ​ស្លាប​ពីរ ឈើ​តា‌ត្រៅ សំពត់​ក្រហម និង​មែក​ហ៊ីសុប​មក​សម្រាប់​ញែក​ផ្ទះ​នោះ​ជា​ស្អាត

50 ត្រូវ​សម្លាប់​សត្វ​មួយ​នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ

51 រួច​យក​ឈើ​តា‌ត្រៅ មែក​ហ៊ីសុប និង​សំពត់​ក្រហម​ជា​មួយ​សត្វ​មួយ​ដែល​រស់ ជ្រលក់​ទាំង​អស់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​បាន​សម្លាប់ ហើយ​ក្នុង​ទឹក​ដង​ពី​ជ្រោះ​នោះ​ដែរ រួច​ប្រោះ​ទៅ​លើ​ផ្ទះ​ប្រាំពីរ​ដង។

52 ដូច្នេះ ផ្ទះ​នោះ​នឹង​បាន​ញែក​ជា​ស្អាត ដោយ‌សារ​ឈាម​សត្វ​ស្លាប និង​ទឹក​ជ្រោះ ហើយ​សត្វ​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​តា‌ត្រៅ មែក​ស៊ីសុប និង​សំពត់​ក្រហម​ផង។

53 តែ​ត្រូវ​លែង​សត្វ​រស់​នៅ​ឯ​វាល​ក្រៅ​ទី​ក្រុង​ទៅ គឺ​យ៉ាង​ដូច្នោះ​ដែល​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​ផ្ទះ​នោះ រួច​នឹង​បាន​ស្អាត​ហើយ។

54 នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់​គ្រប់​យ៉ាង សម្រាប់​រោគ​រមាស់

55 ហើយ​ឃ្លង់​ដែល​កើត​នៅ​សម្លៀក‌បំពាក់ ឬ​នៅ​ផ្ទះ

56 និង​ពក ឬ​ស្នាម​ស​ផង

57 ដើម្បី​នឹង​បង្រៀន​ឲ្យ​ដឹង ក្នុង​កាល​ដែល​ស្មោក‌គ្រោក ឬ​ក្នុង​កាល​ដែល​ស្អាត នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម