Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 105 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះចំពោះ​អ៊ី​ស្រាអែល

1 ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ថ្លែង​ប្រាប់​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ចុះ!

2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ចូរ​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​រៀប​រាប់​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ!

3 ចូរ​ខ្ពស់​មុខ​នឹង​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ចូរ​ឲ្យ​ចិត្ត​នៃ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា រីក‌រាយ​ឡើង!

4 ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា និង​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ចូរ​ស្វែង​រក​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ ឥត​ឈប់​ឈរ!

5 ចូរ​នឹក​ចាំ​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ ពី​ការ​អស្ចារ្យ និង​ការ​ជំនុំ​ជម្រះ ដែល​ព្រះ‌អង្គ​បាន​សម្រេច

6 ឱ​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​បម្រើ​របស់ព្រះ‌អង្គ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប ជា​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​អើយ!

7 ៙ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ ស្ថិត​នៅ​លើ​ផែនដី​ទាំង​មូល។

8 ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជា‌និច្ច គឺ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ដល់​មនុស្ស​មួយ​ពាន់​តំណ

9 ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ បាន​តាំង​ជាមួយ​លោក​អ័ប្រា‌ហាំ ជា​សេចក្ដី​សន្យា​ដែល​ព្រះ‌អង្គ បាន​ស្បថ​ជាមួយ​លោក​អ៊ីសាក

10 ហើយ​ព្រះ‌អង្គ​ក៏បាន​បញ្ជាក់ ជាមួយ​លោក​យ៉ាកុបទុក​ជា​ច្បាប់ គឺ​ជាមួយ​លោក​អ៊ីស្រា‌អែល ទុក​ជា​សេចក្ដី​សញ្ញាអស់‌កល្ប​ជា‌និច្ច

11 ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក​របស់​អ្នក»។

12 ៙ នៅ​គ្រា​ដែល​គេ​មាន​គ្នា​តិច គឺ​កាល​គេ​មាន​ចំនួន​តិច ហើយ​ក៏​គ្រាន់​តែ​ជា​អ្នក ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​នោះ

13 គេ​ធ្វើ​ដំណើ​រ​ចុះ​ឡើង ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ហើយ​ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត

14 ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​ណា សង្កត់‌សង្កិន​គេ​ឡើយ ដោយ​យល់​ដល់​ពួក‌គេ ព្រះ‌អង្គ​បាន​បន្ទោស​ពួក​ស្តេច​ថា៖

15 «កុំ​ប៉ះ‌ពាល់​ពួក​អ្នក​ដែលយើង បាន​ចាក់​ប្រេង​តាំងឡើយ កុំធ្វើ​បាប​ពួក​ហោរា​របស់​យើង​ឲ្យ​សោះ!»

16 ៙ កាលព្រះ‌អង្គ​បាន​បង្គាប់ ឲ្យ​មាន​អំណត់​កើត​ឡើង​ក្នុង​ស្រុក ហើយ​ផ្តាច់​អស់​ទាំង​អាហារ

17 ព្រះ‌អង្គ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​មុន​ពួក‌គេ គឺ​លោក​យ៉ូសែបដែល​គេ បាន​លក់​ទៅ​ធ្វើ​ជា​បាវ​បម្រើ។

18 ជើង​របស់​លោក​ត្រូវ​រឹត‌រួត​ដោយ​ចំណង ហើយ​មាន​ច្រវាក់​ដែក​ជាប់​នៅ​ក

19 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​ល្បង​ល​លោក រហូត​ទាល់​តែ​សេចក្ដី ដែល​លោក​ថ្លែង​ទុកបាន​សម្រេច។

20 ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ដោះ​លែង​លោក គឺ​អ្នក​គ្រប់​គ្រង​លើ​ប្រជាជន​នានា បាន​ដោះ​លោក​ឲ្យ​រួច។

21 ស្ដេច​បាន​តាំង​លោក ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ព្រះ​ដំណាក់ ហើយ​ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌រាជ​ទ្រព្យ ទាំង​អស់​របស់​ទ្រង់

22 ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​មន្ត្រី របស់​ស្តេច​បាន​តាម​ចិត្ត ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់​ទុំ របស់​ស្តេចមាន​ប្រាជ្ញា។

23 ៙ ពេល​នោះ អ៊ីស្រាអែល​ក៏​ចូល​មក ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ។

24 ព្រះ​ក៏​ចម្រើន​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ មាន​កូន​ចៅ​ជា​ច្រើន ហើយ​ឲ្យ​គេ​មាន​កម្លាំង​ជាង​បច្ចា‌មិត្ត របស់​គេទៅ​ទៀត។

25 ព្រះ‌អង្គ​បាន​បង្វែរ​ចិត្ត​គេ ឲ្យ​ស្អប់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ឲ្យ​គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល ចំពោះ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ។

26 ៙ ព្រះ‌អង្គ​បាន​ចាត់លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ និង​លោក​អើរ៉ុន ដែល​ព្រះ‌អង្គ​បានជ្រើស​រើស។

27 លោក​ទាំង​ពីរ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គនៅ​កណ្ដាល​ពួកគេ និង​ការ​អស្ចារ្យ​នៅ​ក្នុង​ស្រុក​របស់​ហាំ។

28 ព្រះ‌អង្គ​ចាត់​សេចក្ដី​ងងឹត​មក ហើយ​ធ្វើ​ឲ្យ​ស្រុក​ងងឹត ពួក​លោក មិន​បាន​ទាស់​ទទឹង នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។

29 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ស្រុក​គេ ត្រឡប់​ទៅ​ជា​ឈាម ហើយ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​ទាំង​ប៉ុន្មាន​ស្លាប់​អស់។

30 ស្រុក​គេ​មាន​សត្វ​កង្កែប​ពេញ​ដេរ​ដាស សូម្បី​តែ​នៅ​ក្នុង​ក្រឡា​បន្ទំ​របស់​ស្តេច​ក៏​មាន​ដែរ។

31 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​ហើរ​មក ហើយ​ក៏​មាន​ចៃ​នៅ​ពាស​ពេញ​ក្នុង​ស្រុក​របស់​គេ។

32 ព្រះ‌អង្គ​ប្រទាន​ព្រឹលឲ្យ​គេ​ជំនួស​ភ្លៀង ហើយ​រន្ទះ​ក៏​បាញ់​ឆេះ​ពេញ​ក្នុង​ស្រុក​របស់​គេ។

33 ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​គេ ក៏​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ។

34 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​ហើរ​មក ហើយក៏​មាន​ចង្រិត​ច្រើន​ឥត​គណនា។

35 សត្វ​ទាំង​នោះ​ស៊ី​បំផ្លាញ អស់​ទាំង​ដំណាំ​នៅ​ក្នុង​ស្រុក ហើយ​ស៊ី​ភោគ​ផល​ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ។

36 ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ក្នុង​ស្រុក​គេ គឺ​ជា​ផល​ដំបូង​នៃ​កម្លាំង​ទាំង​ប៉ុន្មាន​របស់​គេ។

37 ៙ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ ឯ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។

38 កាល​គេ​បាន​ចាក​ចេញ​ទៅ សាសន៍​អេស៊ីព្ទ​ក៏​អរ​សប្បាយ ដ្បិត​គេ​ភ័យ​ខ្លាច​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង។

39 ព្រះ‌អង្គ​បាន​លាត​ពពក​ជា​ម្លប់​គ្រប​បាំង​គេ ហើយ​ប្រទាន​ភ្លើងជា​ពន្លឺ​បំភ្លឺ​នៅ​ពេល​យប់។

40 គេ​បាន​សុំ ហើយ​ព្រះ‌អង្គ​ក៏​នាំ​សត្វ​ក្រួច​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​នំប៉័ង ជា​បរិបូរ​ពី​ស្ថាន‌សួគ៌។

41 ព្រះ‌អង្គ​បាន​បំបែក​ថ្ម​ឲ្យ​ទឹក​ផុល​ចេញ​មក ហើយ​ទឹក​ក៏​ហូរ​កាត់​ទី​ហួត‌ហែង ដូច​ទន្លេ។

42 ដ្បិត​ព្រះ‌អង្គ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ និង​ពី​លោក​អ័ប្រា‌ហាំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

43 ៙ ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​មកដោយ​អំណរ ព្រះ‌អង្គ​បាន​នាំ​ពួក​អ្នក​ដែល​ព្រះ‌អង្គ បាន​ជ្រើស​រើស​ចេញ​មក ដោយ​ច្រៀង​ចម្រៀង។

44 ព្រះ‌អង្គ​បាន​ប្រគល់​ទឹក​ដី របស់​សាសន៍​នានា​ដល់​គេ ហើយ​គេ​ចាប់​យក​ភោគ​ផល ដែល​ប្រជាជន​ទាំង​នោះ​បាន​នឿយ​ហត់

45 ដើម្បី​ឲ្យ​គេ​បាន​ប្រតិ‌បត្តិ តាម​ច្បាប់​របស់​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ហាលេលូយ៉ា !

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម