Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


លោក​យ៉ាកុប​វិល​ត្រឡប់​ទៅ​បេត-អែល

1 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ាកុប​ថា៖ «ចូរ​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ។ ត្រូវ​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​ចេញ​ពី​អេសាវ​ជា​បង​របស់​អ្នក»។

2 ដូច្នេះ លោក​យ៉ាកុប​ប្រាប់​ក្រុម​គ្រួសារ​របស់​លោក និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​បោះ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។

3 ចូរ​យើង​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​តប​ឆ្លើយ​មក​ខ្ញុំ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ហើយ​ក៏​បាន​គង់​ជា‌មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដែរ»។

4 ដូច្នេះ គេ​ក៏​យក​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ក្រវិល​ដែល​នៅ​ត្រចៀក​របស់​គេ មក​ប្រគល់​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​យក​ទៅ​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់ ដែល​នៅ​ជិត​ក្រុង​ស៊ីគែម។

5 កាល​គេ​ធ្វើ​ដំណើរ​ទៅ ព្រះ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​តាម​ទី​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ​វិញ​គេ មាន​សេចក្ដី​ស្ញែង‌ខ្លាច មិន​ហ៊ាន​ដេញ​តាម​ពួក​កូន​ចៅ​លោក​យ៉ាកុប​ឡើយ។

6 លោក​យ៉ាកុប និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​លោក ក៏​បាន​មក​ដល់​លូស (គឺ​បេត-អែល) ដែល​នៅ​ក្នុង​ស្រុក​កាណាន។

7 លោក​បាន​សង់​អាស‌នា​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា "អែល-បេត-អែល" ព្រោះ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌ទ្រង់​បាន​លេច​មក​ឲ្យ​លោក​ឃើញ នៅ​ពេល​លោក​រត់​គេច​ចេញ​ពី​បង​របស់​លោក។

8 នៅ​គ្រា​នោះ នាង​ដេបូរ៉ា ជា​មេដោះ​របស់​នាង​រេបិកា​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ក្រោម​ដើម​ម៉ៃសាក់ ខាង​ក្រោម​បេត-អែល។ ដូច្នេះ គេ​ហៅ​កន្លែង​នោះ​ថា "អាឡុន-បាគូថ" ។

9 ព្រះ‌ទ្រង់​បាន​លេច​មក​ឲ្យ​លោក​យ៉ាកុប​ឃើញ​ម្តង​ទៀត នៅ​ពេល​លោក​បាន​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ពរ​លោក។

10 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​ឈ្មោះ​យ៉ាកុប ហើយ​ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា​អ៊ីស្រា‌អែល​វិញ»។ ដូច្នេះ ព្រះ‌អង្គ​បាន​ដាក់​ឈ្មោះ​លោក​ថា អ៊ីស្រា‌អែល ។

11 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​បង្កើត​កូន​ឲ្យ​បាន​ចម្រើន​ជា​ច្រើន​ឡើង។ ជាតិ​សាសន៍​មួយ និង​ជាតិ​សាសន៍​ជា​ច្រើន​ទៀត​នឹង​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។

12 ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ័ប្រា‌ហាំ និង​អ៊ីសាក យើង​នឹង​ប្រគល់​ឲ្យ​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រុក​នោះ ឲ្យ​កូន​ចៅ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ»។

13 បន្ទាប់​មក ព្រះ‌ទ្រង់​ក៏​ហោះ​ចេញ​ពី​គាត់​ឡើង​ទៅ នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក។

14 លោក​យ៉ាកុប​បាន​យក​ថ្ម​មួយ​មក​ដាក់​បញ្ឈរ នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក ហើយ​លោក​ក៏​បាន​ច្រួច​តង្វាយ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ។

15 ដូច្នេះ លោក​យ៉ាកុប​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​នោះ​ថា "បេត-អែល"។


កំណើត​របស់​បេនយ៉ាមីន និង​មរណភាព​របស់​នាង​រ៉ាជែល

16 បន្ទាប់​មក ពួក‌គេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​បេត-អែល។ កាល​គេ​នៅ​ឆ្ងាយ មិន​ទាន់​ទៅ​ដល់​អេប្រា‌តា​នៅ​ឡើយ នាង​រ៉ាជែល​ក៏​ឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​សម្រាល​កូន​យ៉ាង​ពិបាក។

17 កាល​គាត់​កំពុង​តែ​សម្រាល​កូន​យ៉ាង​ពិបាក​នោះ ឆ្មប​ប្រាប់​គាត់​ថា៖ «កុំ​ខ្លាចអ្វី​ឡើយ ដ្បិត​លោក​ស្រី​បាន​កូន​ប្រុស​មួយ​ទៀត»។

18 កាល​ព្រលឹង​របស់​នាង​ហៀប​នឹង​ចេញ​ពី​នាង​ទៅ (ដ្បិត​នាង​ហៀប​នឹង​ស្លាប់) នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា "បេន-អូនី" តែ​ឪពុក​ដាក់​ឈ្មោះ​ថា "បេន-យ៉ាមីន" វិញ។

19 នាង​រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​អេប្រា‌តា (គឺ​ភូមិ​បេថ្លេ‌ហិម)

20 លោក​យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​នៅ​លើ​ផ្នូរ​របស់​នាង​រ៉ាជែល គឺ​ជា​បង្គោល​ផ្នូរ​នាង​រ៉ាជែល ដែល​នៅ​មាន​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ។

21 លោក​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ប៉ម​អេឌើរ។

22 នៅ​គ្រា​ដែល​លោក​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ស្រុក​នោះ រូបេន​បាន​ទៅ​រួម​ដំណេក​ជា‌មួយ​នាង​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ រី​ឯ​កូន​ប្រុស​របស់​លោក​យ៉ាកុប មាន​ដប់​ពីរ​នាក់។

23 កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។

24 កូន​ប្រុស​របស់​នាង​រ៉ាជែល មាន​យ៉ូសែប និង​បេនយ៉ាមីន។

25 កូន​ប្រុស​របស់​នាង​ប៊ីលហា ជា​ស្រី​បម្រើ​នាង​រ៉ាជែល មាន​ដាន់ និង​ណែប‌ថា‌លី។

26 កូន​ប្រុស​របស់​នាង​ស៊ីលផា ជា​ស្រី​បម្រើ​នាង​លេអា មាន​កាដ និង​អេស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​លោក​យ៉ាកុប ដែល​កើត​នៅស្រុក​ប៉ាដាន់-អើរ៉ាម។


មរណភាព​របស់​លោក​អ៊ីសាក

27 លោក​យ៉ាកុប​បាន​ទៅ​រក​លោក​អ៊ីសាក​ជា​ឪពុក​នៅ​ម៉ាមរេ ឬ​ក្រុង​គាយ៉ាត-អើបា(គឺ​ក្រុង​ហេប្រុន) ជា​កន្លែង​ដែល​លោក​អ័ប្រា‌ហាំ និង​លោក​អ៊ីសាក​បានស្នាក់​អាស្រ័យ​នៅ។

28 លោក​អ៊ីសាក​រស់​នៅ​បាន​មួយ​រយ​ប៉ែត​សិប​ឆ្នាំ។

29 ពេល​លោក​បាន​អាយុ​វែង​ល្មម ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅ​ជួប​ជុំ​ជាមួយ​ដូន​តា​របស់​លោក។ លោក​អេសាវ និង​លោក​យ៉ាកុប​ជា​កូន នាំ​គ្នា​បញ្ចុះ​សព​លោក។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម