ណាហ៊ុម 1:3 - អាល់គីតាប អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ អុលឡោះតាអាឡាមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពកជាធូលីដីដែលហុយនៅក្រោមជើង របស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងខ្លាំង ព្រះអង្គមិនលើកលែងទោសដល់មនុស្សឡើយ។ ផ្លូវរបស់ព្រះយេហូវ៉ា នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ ហើយព្រះអង្គមានព្រះចេស្ដាដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ព្រះអង្គមិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ ព្រះអម្ចាស់យាងមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពក*ជាធូលីដីដែលហុយនៅក្រោម ព្រះបាទារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ ឯផ្លូវរបស់ព្រះយេហូវ៉ា នោះនៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទទ្រង់ |
ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់ ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន ដែលទ្រង់បានធ្វើ ដើម្បីជួយពួកគេ។ ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ ពួកគេបានតែងតាំងមេដឹកនាំម្នាក់ ចង់វិលទៅរកទាសភាពវិញ។ ប៉ុន្តែ ទ្រង់ជាម្ចាស់ដែលតែងតែអត់ទោស ទ្រង់ប្រកបដោយចិត្ត អាណិតអាសូរ និងប្រណីសន្ដោស ទ្រង់មានចិត្តអត់ធ្មត់ និងពោរពេញដោយចិត្តមេត្តាករុណា ទ្រង់មិនបោះបង់ចោលពួកគេឡើយ។
គឺទ្រង់ឃ្លាំមើលខ្ញុំ ក្រែងលោខ្ញុំប្រព្រឹត្តអំពើបាប ហើយទ្រង់មិនព្រមលើកលែងទោស ឲ្យខ្ញុំទាល់តែសោះ។
ទ្រង់ប្រកបទៅដោយប្រាជ្ញាញាណ និងអំណាច អ្នកដែលប្រឆាំងនឹងទ្រង់ មិនអាចរួចខ្លួនបានទេ។
អុលឡោះតាអាឡាប្រកបដោយចិត្ត អាណិតអាសូរ ទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្ត មេត្តាករុណា។
ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។
អុលឡោះតាអាឡាប្រកបដោយចិត្ត ប្រណីសន្ដោស និងអាណិតអាសូរ ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយ ចិត្តមេត្តាករុណា។
អុលឡោះជាម្ចាស់របស់យើងធំឧត្ដុង្គឧត្ដម ទ្រង់មានអំណាចដ៏ខ្លាំងបំផុត តម្រិះរបស់ទ្រង់ឥតមានព្រំដែនឡើយ។
អុលឡោះជាម្ចាស់នៃយើងទ្រង់មកហើយ ទ្រង់មិនសំងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខទ្រង់ ហើយជុំវិញទ្រង់ មានខ្យល់បក់បោកយ៉ាងខ្លាំង។
ចូរជម្រាបទ្រង់ថា: អុលឡោះអើយ ស្នាដៃរបស់ទ្រង់ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ទ្រង់នាំគ្នាលុតក្រាប ដោយឃើញអំណាចដ៏ធំធេងរបស់ទ្រង់។
សេចក្ដីប្រកាសស្ដីអំពីស្រុកអេស៊ីប: អុលឡោះតាអាឡាមកស្រុកអេស៊ីប ដោយនៅលើពពកមួយដុំដែលរសាត់យ៉ាងលឿន។ ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ ចំពោះទ្រង់ ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។ ទ្រង់មានបន្ទូលថា:
រំពេចនោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មកជួយអ្នក ដោយប្រើផ្គរលាន់ ទ្រង់ធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់ មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
មើល អុលឡោះតាអាឡាកំពុងតែមក ទ្រង់មកក្នុងភ្លើង រទេះរបស់ទ្រង់ប្រៀបបាននឹងខ្យល់កួច។ ទ្រង់ធ្វើតាមកំហឹងដ៏ខ្លាំងរបស់ទ្រង់ ទ្រង់ប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស ស្របតាមបន្ទូលដែលទ្រង់ ព្រមានទុកជាមុន។
មើល៍! ខ្មាំងសត្រូវនាំគ្នាមកដូចពពកខ្មៅងងឹត រទេះចំបាំងរបស់គេប្រៀបបាននឹងព្យុះសង្ឃរា ទ័ពសេះរបស់គេបោលលឿនជាងសត្វឥន្ទ្រី។ យើងខ្ញុំត្រូវវេទនាហើយ យើងខ្ញុំនឹងវិនាសអន្តរាយជាមិនខាន!
ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រាមនុស្ស មកជាមួយពពកនៅលើផ្ទៃមេឃ គាត់ចូលទៅជិតអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប ហើយគេក៏នាំគាត់ទៅជួបទ្រង់។
ពួកគេសាបព្រោះខ្យល់ ពួកគេនឹងទទួលផលជាព្យុះ។ ស្រូវស្កក គ្មានបាយហូប ហើយប្រសិនបើមាន ក៏គង់តែជនបរទេស មកលេបយកទៅបាត់ដែរ។
ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាវិញ ដ្បិតទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអាណិតអាសូរ ទ្រង់មានចិត្តអត់ធ្មត់ ពោរពេញដោយចិត្តមេត្តាករុណា ទ្រង់មិនពេញចិត្តដាក់ទោសទេ។
គាត់ជម្រាបអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាអើយ! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចខ្ញុំបានសង្ស័យ តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំម៉្លេះ។ ហេតុនេះហើយបានជាខ្ញុំរត់គេចទៅស្រុកតើស៊ីស ព្រោះខ្ញុំដឹងច្បាស់ថា ទ្រង់ជាម្ចាស់ប្រកបទៅដោយចិត្តប្រណីសន្ដោស ទ្រង់តែងតែអាណិតអាសូរ មិនឆាប់ខឹង ទ្រង់មានចិត្តមេត្តាករុណា ហើយតែងតែប្រែចិត្ត មិនព្រមធ្វើទោសគេទេ។
អុលឡោះតាអាឡានឹងលេចមក ស្ថិតនៅពីលើពួកគេ ព្រួញរបស់ទ្រង់ប្រៀបបាននឹងផ្លេកបន្ទោរ អុលឡោះតាអាឡាជាម្ចាស់នឹងផ្លុំស្នែង ទ្រង់នឹងទៅមុខក្នុងព្យុះសង្ឃរា ដែលបក់មកពីទិសខាងត្បូង។
“អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយពោរពេញដោយចិត្តមេត្តាករុណា។ ទ្រង់លើកលែងទោស និងកំហុស ប៉ុន្តែ ទ្រង់មិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុសអុលឡោះដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។
អ៊ីសាមានប្រសាសន៍ទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍មែន ប៉ុន្ដែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញ បុត្រាមនុស្សនៅខាងស្ដាំអុលឡោះដ៏មានអំណាច ហើយនឹងមកលើពពកក្នុងផ្ទៃមេឃ»។
បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្ដែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង
មើល៍! អ៊ីសាមក នៅកណ្ដាលពពក។ មនុស្សទាំងអស់នឹងឃើញគាត់ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះគាត់ ក៏នឹងឃើញគាត់ដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែគាត់។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ីន!។