ទំនុកតម្កើង 62 - អាល់គីតាបនៅជិតអុលឡោះខ្ញុំមានសេចក្ដីសុខសាន្ត បទពីសៀវភៅរបស់គ្រូចំរៀង។ សម្រាប់លោកយេឌូថិន ។ ទំនុករបស់ណាពីទត។ 1 មានតែនៅក្បែរអុលឡោះទេ ដែលចិត្តខ្ញុំបានស្ងប់ ព្រោះទ្រង់សង្គ្រោះខ្ញុំ។ 2 ទ្រង់តែមួយគត់ជាថ្មដា ជាម្ចាស់សង្គ្រោះខ្ញុំ ទ្រង់ជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។ 3 តើអ្នករាល់គ្នាចោមរោមវាយ ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា? អ្នករាល់គ្នារកប្រហារជីវិតមនុស្ស ដូចគេចង់រំលំកំពែងទ្រុឌទ្រោម និងផ្ដួលរបងដែលជិតរលំឬ? 4 អ្នករាល់គ្នាចង់ឲ្យតែអ្នកនោះ បាត់បង់យសស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក មាត់អ្នករាល់គ្នាឲ្យពរ តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។ - សម្រាក 5 ពិតមែនហើយ មានតែនៅក្បែរអុលឡោះទេ ដែលចិត្តខ្ញុំបានស្ងប់ ដ្បិតទ្រង់ជាទីសង្ឃឹមរបស់ខ្ញុំ។ 6 ទ្រង់តែមួយគត់ជាថ្មដា ជាម្ចាស់សង្គ្រោះខ្ញុំ ទ្រង់ជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។ 7 ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើអុលឡោះទាំងស្រុង អុលឡោះជាថ្មដាដ៏រឹងមាំ និងជាទីជំរករបស់ខ្ញុំ។ 8 ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើទ្រង់ គ្រប់ពេលវេលាទៅ ចូរជម្រាបទ្រង់ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតអុលឡោះជាជំរករបស់យើង។ 9 មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។ 10 មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ ហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។ ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួន ច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។ 11 ខ្ញុំឮអុលឡោះមានបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតនៅលើទ្រង់ទាំងអស់ 12 ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយចិត្តមេត្តាករុណា ទ្រង់នឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ |
© 2014 United Bible Societies, UK.
United Bible Societies